33 C
Phnom Penh

លោក កឹម សុខា ថា ការចោទប្រកាន់លោកជារឿងភាន់ច្រឡំឬ មិនយល់គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅតែប្រកាន់ជំហរថារាល់ជំនួយដែលលោកទទួលបានពីអង្គការដៃគូរអភិវឌ្ឍន៍ និងសប្បុរសជនក្នុងទ្រទ្រង់អង្គការ ព្រមទាំងគណបក្សនយោបាយរបស់លោក គឺមានបំណងលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាតែប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកនេះ មុនពេលលោកចូលសវនាការ នៅគេហដ្ឋានរបស់លោក ប្រធានគណបក្សប្រឆាំង លោក កឹម សុខា បញ្ជាក់ថាការចោទប្រកាន់លោក និងសួរដេញដោលលោកអំពីប្រភពថវិកា យកមកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយនឹងថវិការយកមកបង្កើតគណបក្សសិទ្ធិមនុស្ស ថាមានចេតនាចង់ផ្តួលរំលំរដ្ឋាភិបាលនោះ គឺជារឿងមិនយល់គ្នា ឬជាការភាន់ច្រឡំប៉ុណ្ណោះ។

លោកថា ការភាន់ច្រឡំនោះ ត្រង់ពាក្យដែលលោកធ្លាប់ប្រើថាផ្លាស់ប្តូរ និង ពាក្យដែលតុលាការចោទប្រកាន់នោះ គឺពាក្យផ្តួលរំលំ។ លោកបញ្ជាក់ថា ពាក្យផ្លាស់ប្តូរដែលលោកធ្លាប់ប្រើ គឺជាការផ្លាស់ប្តូរដោយអហិង្សា តាមរយៈការបោះឆ្នោត ដោយត្រឹមត្រូវ យុត្តិធម៌ កើតចេញពីឆន្ទៈរបស់ពលរដ្ឋជាម្ចាស់ប្រទេស។

លោកថា ការយកពាក្យផ្លាស់ប្តូរ ទៅកែច្នៃឬ បកស្រាយក្នុងន័យផ្តួលរំលំរដ្ឋាភិបាលនោះ គឺជាការមិនយល់តែម្តង។

លោកថា រឿងមិនយល់មួយទៀត ពាក់ព័ន្ធនឹងជំនួយរបស់បរទេស ដូចជាជំនួយរបស់ USAID  ដែលផ្តល់មកមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា កាលពីពេលលោកនៅជាប្រធាននោះ គឺគេឱ្យតាមគម្រោងឬ កម្មវិធីរបស់គេ ដូចជាការលើកកម្ពស់សិទ្ធិមនុស្ស ឬ លទ្ធិប្រជាធិបតេយ្យជាដើម។ ជំនួយបរទេសទាំងនោះ លោកថាក៏មិនមែនជួយតែមជ្ឈមណ្ឌលសិទ្ធិមនុស្សរបស់លោកពេលនោះដែរ ពោលគឺគេឱ្យទៅអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត។

លោក កឹម សុខា ក៏បានបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺ ជាអង្គការស្របច្បាប់ដែលមានចុះបញ្ជីក្រសួងមហាផ្ទៃត្រឹមត្រូវ ហើយក៏មិនបានធ្វើសកម្មភាពខុសច្បាប់នោះដែរ ។ ដោយឡែក អង្គការមួយនេះក៏មិនបានទទួលលុយខុសច្បាប់ ហើយយកមកធ្វើរឿងខុសច្បាប់នោះដែរ ហើយបើខុសច្បាប់វិញ រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃចាត់វិធានការបាត់ទៅហើយៗ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏មិនអាចបន្តវត្តមានដល់បច្ចុប្បន្នបានដែរ។

យ៉ាងនេះក្តី ក្រោយបញ្ចប់សវនាការនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានក្រុមមេធាវីការពារក្តីរដ្ឋាភិបាល លោក គី តិច បានអះអាងអំពីភស្តុតាងជាច្រើនក្នុងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំបរទេស ដែលបង្ហាញក្នុងអង្គសវនាការនៅព្រឹកនេះ បង្ហាញថា លោក កឹម សុខា មិនអាចរួចខ្លួនឬ មិនអាចដោះបន្ទុកបានឡើយ។

នេះជាថ្ងៃទី ៦ ហើយ នៃសប្តាហ៍ទី៣ ក្នុងសវនាការសំណុំរឿងរបស់ប្រធានគណបក្សប្រឆាំងរូបនេះ ដោយតុលាការអះអាងថាគ្រោងនឹងសវនាការរយៈពេល៣ខែ ព្រោះជារឿងធំ។ សវនាការជំនុំជម្រះក្តីលោក កឹម សុខា ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ឬ ក្បត់ជាតិ តាមការចោទប្រកាន់ដំបូង ដោយលោក ហ៊ុន សែន នោះ នឹងបន្តសវនាការនៅថ្ងៃពុធ និងព្រហស្បត្តិ៍ សប្តាហ៍ក្រោយ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស