ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន បានសម្តែងការមិនពេញចិត្តចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រាប់ពលរដ្ឋមិនបាច់ពាក់ម៉ាស់អ្វីនោះទេ ខណៈពលរដ្ឋកំពុងមានការព្រួយបារម្ភជាខ្លាំងចំពោះការឆ្លងរាលដាលនៃជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយមេរោគកូរ៉ូណា។
ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិក្នុងប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានលើកឡើងអំពីប្រតិកម្ម ដែលអះអាងថាជាប្រតិកម្មពលរដ្ឋនៅកូរ៉េខាងត្បូង។
លោក ស៊ីណន បញ្ជាក់ថាប្រតិកម្មពលរដ្ឋកូរ៉េខាងត្បូងនោះ ក្រោយពេលសារព័ត៌មានកូរ៉េមួយឈ្មោះថា Newsis បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “នាយករដ្ឋមន្រ្តី ដែលរកឃើញអ្នកឆ្លងជំងឺម្នាក់ ប្រាប់ពលរដ្ឋថា “ជឿខ្ញុំទៅ កុំពាក់ម៉ាស់អី”។
កាសែតនេះ បានចុះផ្សាយពីការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៣០ ខែមករា ស្តីពីការឆ្លងមេរោគ កូរ៉ូណា។
លោក ស៊ីណន បានអះអាងថា ការលើកឡើងរបស់លោក ហ៊ុន សែន បានកំពុងធ្វើឲ្យប្រជាជនកូរ៉េដែលប្រើប្រាស់បណ្តាញសង្គមមានចំនួន ១០០៧នាក់ ដោយគិតត្រឹមម៉ោង១១ព្រឹកថ្ងៃសុក្រនេះ បានប្រតិកម្មរិះគន់ខ្លាំងៗ អមដោយការជេរប្រមាថធ្ងន់ៗ ផងដែរ។
ជនជាតិកូរ៉េដែលលោកស៊ីណន បញ្ជាក់នោះ ក៏បានហៅលោកហ៊ុន សែន ថាជាមេដឹកនាំដែលគ្មានការទទួលខុសត្រូវ ខ្វះចំណេះដឹង ខណៈមេដឹកនាំលើពិភពលោកទាំងមូលកំពុងព្រួយបារម្ភពីសុខភាពរបស់ពលរដ្ឋពួកគេ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានចាត់វិធានការចំពោះព័ត៌មានក្លែងក្លាយជុំវិញការរីករាលដាលនៃមេរោគកូរ៉ូណា។
បន្ថែមពីនេះ លោកក៏សួររកមុខអ្នកចូលរួមសន្និសីទកាសែតនោះចំពោះអ្នកណាដែលហ៊ានពាក់ម៉ាស់ ដោយលោកព្រមានដេញចេញពីកន្លែងសន្និសីទកាសែតថែមទៀត។ លោកថា នាយករដ្ឋមន្ត្រីមិនខ្លាចផង មានរឿងអីត្រូវពលរដ្ឋខ្លាច ស្របពេលកម្ពុជាទើបនឹងរកឃើញ១ករណីប៉ុណ្ណោះ ដែលកើតឡើងលើបុរសចិនម្នាក់នៅខេត្តព្រះសីហនុ ហើយសុខភាពអ្នកជំងឺក៏បានប្រសើរផងដែរ។
លោកហ៊ុន សែន បានលើកឡើងទៀតថា ជំងឺដែលគួរឱ្យភ័យខ្លាចនៅកម្ពុជាពេលនេះ ពុំមែនជាជំងឺនៃមេរោគកូរ៉ូណានោះទេ ប៉ុន្តែជាជំងឺភ័យខ្លាចរបស់ពលរដ្ឋតែម្តង។
មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅតំបន់អាស៊ីអាគ្នេយ៍រូបនេះ ក៏បានបញ្ជាក់ជំហរថា រដ្ឋាភិបាលលោកគ្មានផែនការជម្លៀសពលរដ្ឋឬ មន្ត្រីការទូតពីប្រទេសចិន ពិសេសពីតំបន់ផ្ទុះជំងឺកូរ៉ូណានៅទីក្រុងវ៉ូហាន មកកម្ពុជាឡើយ។ ជាងនេះទៀត កម្ពុជា ក៏គ្មានគម្រោងបិទជើងហោះហើរពីប្រទេសចិននោះដែរ ព្រោះលោកថាការធ្វើបែបនេះ ជាផ្នែកមួយសម្លាប់សេដ្ឋកិច្ចជាតិ និងបំផ្លាញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ លោកប្រាប់ឱ្យពលរដ្ឋខ្មែរ និស្សិតខ្មែរ និងមន្ត្រីរាជការខ្មែរនៅចិន ត្រូវរស់នៅរួមសុខរួមទុក្ខជាមួយចិនទៀតផង។
មន្រ្តីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការបកស្រាយ ខ្វះការទទួលខុសត្រូវក្នុងនាមជារដ្ឋាភិបាលមួយ។
លោកបន្ត ថាយកការដឹងគុណនៃការឧបត្ថម្ភអាហារូបករណ៍សម្រាប់ការរៀនសូត្រ ប៉ុន្តែត្រូវឲ្យនិស្សិតខ្លួនទ្រាំស្នាក់នៅតំបន់ប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ អាចប៉ះពាល់ជីវិតនិងសុខភាពខ្លាំង។
លោកចោទជាសំណួរថា តើពលរដ្ឋ និងនិស្សិតត្រូវទ្រាំនៅរួមសុខរួមទុក្ខ នៅទីក្រុងវ៉ូហាន ប្រទេសចិននោះអាចធ្វើអ្វីបានដើម្បី មិត្តភាព និងការសងគុណចំពោះការផ្តល់អាហារូបករណ៍របស់ចិននោះ?
តើរដ្ឋាភិបាលចិនពិតជា យល់ថាអាហារូបករណ៍ មានតម្លៃណាស់និងត្រូវបន្តឲ្យអាហារូបករណ៍ទៀត ចំពោះនិស្សិតដែលត្រូវរស់នៅកន្លែងដែលប្រឈមនឹងហានិភ័យខ្លាំងបែបនេះ?
ជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយមេរោគកូរ៉ូណា បានផ្ទុះឡើងដំបូងនៅទីក្រុងវ៉ូហាន ខេត្តហឺប៉ី ប្រទេសចិន ដែលបណ្តាលឱ្យមានមនុស្សស្លាប់២១៣ និងជិត១ម៉ឺននាក់បានឆ្លងជំងឺនេះ ប៉ុន្តែមិនទាន់មានករណីស្លាប់នៅប្រទេសផ្សេងក្រៅពីចិនឡើយ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលចេញផ្សាយនៅថ្ងៃនេះ៕