38.8 C
Phnom Penh

កម្ពុជានឹងបង្កើតស្ថានទូតខ្មែរពីរទៀតនៅបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា នឹងបើកស្ថានទូតចំនួនពីរទៀត នៅអាហ្វ្រិកខាងត្បូង និងនៅប្រទេសប្រេស៊ីល។

លោក ហ៊ុន សែន បានយល់ព្រមតាមសំណើររបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នៅពិធីបិទសន្និបាតការងាររបស់ក្រសួង នៅព្រឹកថ្ងៃទី៣១ មករានេះ។

លោក ហ៊ុន សែន អះអាងថា ស្ថានទូតទាំងពីរនេះ អាចបង្កើតឡើងក្នុងរយៈពេលពី១ឆ្នាំ ទៅ២ឆ្នាំ ខាងមុខនេះ គឺពីឆ្នាំ២០២១ ទៅ២០២២ ។ លោកបន្តថា ក្រសួងការបរទេសជាអ្នកពិនិត្យលទ្ធភាពក្នុងការ សាងសង់អាគារស្ថានទូត និងជួលបុគ្គលិកបំពេញការងារនៅទីនោះ។

មកដល់ពេលនេះ កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួនជាង១៧០ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួនជាង៦០។

ក្រុមអ្នកឃ្លាំមើលខ្លះធ្លាប់លើកឡើងថា ស្ថានទូតរបស់កម្ពុជានៅក្រៅប្រទេសមួយចំនួនជាកន្លែងលាងលុយកខ្វក់ និងជាកន្លែងលក់គ្រឿងស្រវឹង និងលក់បារី គេចពន្ធថែមទៀត។

សកម្មជនសហគមន៍ខ្មែរ និងជាអតីតទីប្រឹក្សារបស់លោក ហ៊ុន ម៉ាណែត លោកស្រី គី កល្យាន បានលាតត្រដាងប្រាប់ទូរទស្សន៍ Aljazeera កាលពីពាក់កណ្តាលឆ្នាំ២០១៨ ថា សែស្រឡាយរបស់លោក ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលកម្ពុជាកំពុងបើកទីផ្សាងងឹតនៅបរទេស ដូចជាការលក់ឥវ៉ាន់ដែលមានតំលៃថ្លៃៗ ការរកស៊ីផ្ទេរសាច់ប្រាក់សុទ្ធ ការលក់គ្រឿងស្រវឹង និងគ្រឿងញៀនដែលកំពុងរកស៊ីយ៉ាងគគ្រឹកគក្រេង។
ទីផ្សារងងឹតនៃរបបរបស់លោក ហ៊ុន សែន ដែលកំពុងរកស៊ីនៅក្រៅ ប្រទេសភាគច្រើនត្រូវគេដឹងថា បានយកស្ថានទូតរបស់ព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីតាំងនៃការចរាចរ និងការធ្វើជំនួញគ្រឿងស្រវឹងដែលមានតំលៃខ្ពស់ ដោយគេចពន្ធតាមរយៈការយកឈ្មោះស្ថានទូត ដើម្បីទិញឥវ៉ាន់ ឬគ្រឿងស្រវឹងដោយមិនបាច់បង់ថ្លៃពន្ធនៃប្រទេសនោះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស