34 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​មិនអោន​ក្បាល​ដាក់បរទេសជាថ្មី ខណៈ​សល់​តែ១២ថ្ងៃទៀត អឺរ៉ុបនឹងសម្រេចដកឬ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាថ្មីទៀត ថា កម្ពុជានឹងមិនអោនក្បាលចំពោះបរទេសណា ដើម្បីជាថ្នូរនឹងការលើកលែងពន្ធ ឬ ប្រព័ន្ធអនុគ្រោះណាមួយនោះដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេសនៅព្រឹកថ្ងៃសុក្រនេះ លោកហ៊ុន សែន ថ្លែងថា សម្ពាធមកលើប្រព័ន្ធនៃរបៀបរបបដែលផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានា ដែលតូចជាង និងខ្សោយជាង ទោះបីក្នុងកំរិតនិងរូបភាពខុសគ្នាក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងថា នយោបាយប្រទេសធំ សង្កត់លើប្រទេសតូចតាច ជារឿងមិនត្រឹមត្រូវនោះទេ។

មេដឹកនាំដដែលនេះ បញ្ជាក់ជំហរជាថ្មីទៀតថា ក្នុងនាមលោកជានាយករដ្ឋមន្ត្រីមិនធ្វើការងារតម្រូវចិត្តប្រទេសណាមួយឡើយ ហើយក៏មិនធ្វើឱ្យខូចប្រយោជន៍ជាតិនោះដែរ។

ការប្រកាសមិនអោនក្បាលនឹងបរទេសជាថ្នូរនឹងការអនុគ្រោះណាមួយនេះ មិនមែនជារឿងថ្មីរបស់លោក ហ៊ុន សែន ទេ។

បុរសខ្លាំងរូបនេះ ក៏ធ្លាប់ព្រមានហើយថា ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយមកលើកម្ពុជាមែននោះ លោកនឹងបំផ្លាញក្រុមប្រឆាំងឱ្យសាបសូន្យ ហើយបរទេសក៏គ្មានសិទ្ធិនិយាយពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាទៀតនោះដែរ។

ការប្រកាសមិនរណប និងបរទេសនេះ ស្របពេលសហគមន៍អន្តរជាតិដែលមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាប្រទេសនាំមុខគេ បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន វិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីផលប្រយោជន៍ជាតិ។

រហូតមកទល់ថ្ងៃសុក្រនេះ គឺនៅសល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ គឺថ្ងៃទី១២ ខែកុម្ភៈ ដែលសហភាពអឺរ៉ុបនឹងប្រជុំគណៈកម្មការរបស់ខ្លួនជាចុងក្រោយ ដែលឈានទៅព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាជាផ្លូវការ។

ការឈានទៅសម្រេចនេះ ក្រោយពេលសហភាពអឺរ៉ុបបានដាស់តឿនកម្ពុជាម្តងហើយម្តងទៀត ឱ្យស្តារស្ថានភាពនយោបាយ សិទ្ធិមនុស្ស សិទ្ធិការងារ និងសេរីភាពសារព័ត៌មានឡើងវិញ បន្ទាប់ពីពួកគេរកឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន បានបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា សហភាពអឺរ៉ុបបានបញ្ជូនរបាយការស៊ើបអង្កេតរបស់ខ្លួនទៅកាន់រដ្ឋាភិបាល ដើម្បីមានពេលពិនិត្យ និងឆ្លើយតបទៅពួកគេវិញ ក្នុងរយៈពេល១ខែ ដោយរដ្ឋាភិបាលធ្លាប់អះអាងថាពួកគេក៏បានឆ្លើយតបទៅនឹងអឺរ៉ុបរួចហើយដែរ។

អ្នកសេដ្ឋកិច្ចនៅតែសម្តែងក្តីបារម្ភ ថាប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA នឹងធ្វើឱ្យប្រទេសក្រីក្រមួយនេះខាតបង់ប្រាក់ជិត៧រយលានដុល្លារសហរដ្ឋអាមេរិក ឬខាតប្រមាណ២លានដុល្លារក្នុងមួយថ្ងៃ។

ចំនួននេះ អ្នកសេដ្ឋកិច្ចថាជាការខាតបង់យ៉ាងធំសម្រាប់សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ហើយនឹងប៉ះពាល់ដោយផ្ទាល់ចំពោះកម្មករជិត១លាននាក់ទៀត ព្រមទាំងពលរដ្ឋប្រមាណ៣លាននាក់ទៀតនឹងប៉ះពាល់ដោយប្រយោលអំពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស