35 C
Phnom Penh

លោក ហ៊ុន សែន អះអាងថានឹងធ្វើដំណើរទៅក្រុង វូហាន ប្រទេសចិនដើម្បីសួរសុខទុក្ខពលរដ្ឋខ្មែរនៅទីនោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថានឹងធ្វើដំណើរទៅទីក្រុងវូហាន ខេត្តហ៊ើប៉ី ប្រទេសចិន ជាទីដែលផ្ទុះមេរោគរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឈ្មោះកូរ៉ូណា ដើម្បីសួរសុខទុក្ខពលរដ្ឋខ្មែរដែលរស់នៅទីនោះ ប្រសិនជារដ្ឋាភិបាលចិនអនុញ្ញាត។

ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងនៅចំពោះមុខពលរដ្ឋខ្មែរ មួយចំនួន នៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ។ លោក អះអាងថា លោកនឹងទៅជួបសួរសុខទុក្ខនិស្សិតខ្មែរក្នុងទីក្រុងវូហានឲ្យតែរដ្ឋាភិបាលចិនផ្តល់ឱកាសឲ្យលោកទៅ។

លោកបន្តថាលោកមិនបាច់ទៅកម្ពុជាវិញក៏បានដែរ ហើយថានឹងធ្វើដំណើរវូហានតែម្តង ដោយសាកល្បងទាក់ទងទៅរដ្ឋាភិបាលចិនជាមុនសិន។

កាលពីចុងសប្តាហ៍កន្លងទៅលោក ហ៊ុន សែន ប្តេជ្ញាថានឹងមិនបិទជើងហោះហើរ ឬជម្លៀសពលរដ្ឋខ្មែរពីប្រទេសចិននោះទេ ដោយបារម្ភ ខ្លាចខូចទំនាក់ទំនងនយោបាយ និងខូចប្រយោជន៍សេដ្ឋកិច្ចជាមួយ             ចិន។

ទោះជាយ៉ាងណាក៏ដោយ លោក ប៉ែន បារាំង ដែលជានិស្សិតខ្មែរមួយរូបកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅទីក្រុងវូហាន ប្រទេសចិន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា មិត្តរួមថ្នាក់របស់លោកមកពីប្រទេសភូមាបានទៅដល់ប្រទេសកំណើតរបស់ពួកគេវិញហើយ។ លោកបន្តថា លោកមានក្តីរំភើបណាស់ដែលបានឃើញពួកគេបានទៅដល់ប្រទេសកំណើតរបស់ពួកគេដោយសុវត្ថិភាពពីទីក្រុងវូហាន។

លោក ប៉ែន បារាំង បានថ្លែងទាំងទុក្ខក្រៀមក្រំថា មុនពេលពួកគេចាកចេញពីកន្លែងស្នាក់នៅរបស់និស្សិតក្នុងសាលា ពួកគេបានផ្តល់អាហារទាំងអស់ដែលពួកគេមកឲ្យលោក ហើយទឹកចិត្តដ៏ល្អរបស់ពួកគេបានធ្វើឱ្យលោកស្រក់ទឹកភ្នែក។

លោកបន្តថា រហូតមកទល់ពេលនេះពួកគេកំពុងស្ថិតនៅមន្ទីរពេទ្យមួយក្នុងទីក្រុង ម៉ាន់ដាឡេ ដើម្បីធ្វើការត្រួតពិនិត្យសុខភាព។ ពួកគេបានទូរស័ព្ទមកសួរសុខទុក្ខលោកដើម្បីលើកទឹកចិត្តលោកឱ្យរឹងមាំ និងរក្សាក្តីសង្ឃឹមដោយមានទំនុកចិត្ត។

ទោះជាយ៉ាងណាក៏ដោយ លោក ប៉ែន បារាំង សង្ឃឹមថាលោកអាចនឹងហោះហើរត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។

ចំណែកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ជីវិតពលរដ្ឋខ្មែរទូទាំងប្រទេស និងជីវិតនិស្សិតខ្មែរ មិនស្មើនឹងអំណាចរបស់លោក ហ៊ុន សែន នោះទេ។ លោកបន្តថា លោក ហ៊ុន សែន ផ្កាប់ចិត្តចិនដើម្បីអោយចិនជួយការពារអំណាចរបស់ខ្លួន ដោយសុខចិត្តអោយនិស្សិតខ្មែរនៅរួមសុខរួមទុក្ខជាមួយចិនដែលកំពុងផ្ទុះវីរុសកូរ៉ូណា ខណៈប្រទេសជាច្រើនលើពិភពលោកកំពុងជម្លៀសពលរដ្ឋរបស់គេ មកស្រុកកំណើតវិញ។

លោកបន្តថា ប្រសិនបើនិស្សិតទាំងនោះជាចៅរបស់លោក ហ៊ុន សែន វិញ ប្រាកដណាស់លោកនឹងត្រូវបញ្ជូនយន្តហោះទៅដឹកក្នុងរយៈពេល ២៤ម៉ោងបាត់ទៅហើយ។

លោក អ៊ំ សំអាន អះអាងថា ដើម្បីបញ្ជាក់ពីមិត្តភាពជាមួយចិននិងបង្ហាញការស្រលាញ់និស្សិតខ្មែរនៅចិនដូចកូនចៅរបស់លោក ហ៊ុន សែន មែន នោះលោកសូមលើកទឹកចិត្តអោយលោក ហ៊ុន សែន បញ្ជូនចៅគាត់ទាំងអស់ទៅរៀននៅទីក្រុងវូហាន ប្រទេសចិនក្នុងសប្តាហ៏ក្រោយនេះ ដើម្បីរួមសុខរួមទុក្ខជាមួយចិន។

លោកបន្តថា លោក ហ៊ុន សែន មិនខ្លាចបាត់ការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ប៉ុន្តែបែរជាខ្លាចប៉ះពាល់សេដ្ឋកិច្ចពីការបិទការហោះហើរពីប្រទេសចិនទៅវិញ។

ប្រទេសជាច្រើនជម្លៀសពលរដ្ឋគេ បិទជើងយន្តហោះជាមួយចិន និងបិទព្រំដែនជាមួយចិន រួមមានទាំងសម្ពន្ធ័មិត្តចាក់ទឹកមិនលិចជាមួយចិនគឺកូរ៉េខាងជើងនិងរុស្ស៊ីថែមទៀត។

លោក អ៊ំ សំអានបញ្ជាក់ថា ការមិនព្រមបិទជើងយន្តហោះជាមួយចិន និងការមិនព្រមដឹកនិស្សិតខ្មែរត្រឡប់មកកម្ពុជាវិញ គឺមានន័យថាលោក ហ៊ុន សែន កំពុងយកជីវិតនិស្សិតខ្មែរ និងជីវិតពលរដ្ឋខ្មែរ ទៅផ្កាប់ចិត្តចិន ដើម្បីអោយចិនជួយរក្សាអំណាចរបស់ខ្លួន។

ជំងឺរលាកសួតធ្ងន់ធ្ងរដែលបណ្ដាលមកពីវីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងទីក្រុងវ៉ូហាន ក្នុងខេត្តហ៊ើប៉ី ប្រទេសចិន រហូតមកទល់ពេលបានសម្លាប់មនុស្សជាង៣រយនាក់ក្នុងប្រទេសចិន ហើយមនុស្សជិត២ម៉ឺននាក់ទៀតបានមេរោគនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស