បណ្ដញាផ្សាយព័ត៌មានចិន CGTN បានចុះផ្សាយថា ប្រធានាធិបតីចិនស៊ីជីងភីងបានបញ្ជាឱ្យបញ្ចូនពេទ្យទាហាន១ពាន់ ៤០០នាក់នៅថ្ងៃចន្ទទី៣ ខែគុម្ភៈនេះ ទៅកាន់ក្រុងវូហានដើម្បីជួយមន្ទីរពេទ្យនានានៅទីក្រុងនេះដែលកំពុង ជួយព្យាយាបាលជំងឺរលាកសួតនៃប្រជាជនទីក្រុងនេះដែលផ្ទុះចេញពីមេរោគដ៏កំណាចនៃវុរុសកូរូណា។
ជាមួយគ្នា នេះក្រុមរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលនៃប្រទេសឧស្សាហកម្មជឿនលឿន G-7 បានប្រកាសជួបសន្ទនាគ្នា តាមទូរស័ព្ទដែលគេហៅសន្និសីទទូរស័ព្ទនិយាយអំពីការជួយអន្តរាគមន៍ ប្រទេស ចិនដែលជួបអាសន្ននៃការផ្ទុះវិរុស កូរ៉ូណា ដែលបានផ្តាច់ជីវិតពលរដ្ឋចិន កាន់តែកើនឡើង។
ប្រភពដដែលឲ្យដឹងថា ពេទ្យទាហានទាំងនោះត្រូវចេញដំណើរទៅកាន់ទីក្រុងវូហាននៅថ្ងៃចន្ទនេះដោយនាំទៅជាមួយនូវគ្រែពេទ្យចំនួន ១ពាន់គែ្រ សម្រាប់មន្ទីរពេទ្យចំនួន២កន្លែងនៅទីក្រុងវូហាន ដែលកំពុងផ្ទុះវីរុសកូរ៉េណា។
ប្រភពដដែលបានបញ្ជាក់ទៀតថាបុគ្គលិកពេទ្យទាំងនេះធ្លាប់មានបទពិសោធន៍ក្នុងពេលដែលប្រទេសចិនផ្ទុះជំងឺសា កាលពីឆ្នាំ២០០២ -២០០៣ ដែលបានចូលទៅជួយអន្ដរាគមន៍នៅតាមមន្ទីពេទ្យមួយចំនួនក្នុងទីក្រុងប៉េកាំង ហើយពួកគេក៏មានបទពិសោធន៍ទៀតនៅក្នុងបេសកកម្មនៅប្រទេសសេរ៉ាឡេអូន ដែលផ្ទុះជំងឺអេបូឡាកាលពីប៉ុន្មានឆ្នាំមកនេះ។
បន្ថែមលើនេះអ្នកជំនាញផ្នែកបង្ការជំងឺរាតត្បាតចំនួន១៥នាក់មកពីក្រសួងសុខាភិបាល ចិន ក៏បានបញ្ជូនទៅកាន់ក្រុងវូហានដែរ។
លោកប្រធានាធិបតីចិនស៊ីជីងភីងបានអះអាងប្រាប់ប្រធានអង្គការសុខភាពពិភពលោកដែលមកកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី២៨
ខែមករាថា
ចិននឹងប្រឹងប្រែងគ្រប់លទ្ធភាពទាំងអស់ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូរូណាដ៏កាចសាហាវនេះ។
លោកបានបញ្ជាក់ថាចិនពុំមានបំណងបិទបាំងស្ថានភាពរបស់មេរោគនេះទេ។ លោកក៏បានស្នើសុំអោយ
អង្គការពិភពលោក ជួយតាមលទ្ធភាពដែលអាចធ្វើបាន។
គិតមកដល់ពេលនេះយ៉ាងហោចណាស់មានអ្នកស្លាប់ដោយសារតែជំងឺរលាកសួតកើតចេញពីវីរុសកូរ៉ូណាបានកើនឡើងចំនួន ៣៦២នាក់ និង បានឆ្លង ទៅមនុស្ស ១ម៉ឺន ៧ពាន់ ៣០០នាក់ ។ នេះបើតាមការចុះផ្សាយរបស់កាសែត The South China Morning Post។ មកដល់ថ្ងៃនេះ យ៉ាងហោចណាស់មានប្រទេសចំនួន ២៧ បានឆ្លងមេរោគដ៏កំណាច ហើយប្រទេសចំនួន ២ ដែលបានឆ្លងមេរោគនេះ ចុងក្រោយគេ គឺប្រទេសអេស្ប៉ាញ និង ស៊ុយអែត។ អ្នកជំនាញព្រមានអោយ បិទទីក្រុងនៅប្រទេសចិនថែមទៀត ដែលធ្វើឲ្យមនុស្សចំនួន ៦០លាននាក់ មិនអាចចាកចេញពីប្រទេសបាន។
ក្នុងស្ថានភាពនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសសុំជំនួយផ្នែកសុខាភិបាលជាបន្ទាន់ពីសហភាពអឺរ៉ុប។ នេះជាការអំពាវនាវផ្ទាល់របស់លោកនាយករដ្ឋមន្រ្ដីលីកៃជៀក ដែលចុះផ្សាយដោយសារព័ត៌មាន The Strait Times។ តែបើតាមសេចក្ដីរាយការណ៍របស់ The South Morning Post ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៧ម៉ឺន៥ពាន់ ៨១៥នាក់ នៅក្រុងអូហានស្ថិតក្នុងការសង្ស័យឆ្លងជំងឺប្រភេទនេះ ។
ប្រទេសជិតខាងចិន ដែលសូម្បី ប្រទេសកូរ៉េខាងជើង ជាមិត្តប្រវត្តិសាស្ត្ររបស់ចិន ក៏បានសម្រេចបិទព្រំដែនជាមួយចិនដែរ។ លោកគីមជុងអ៊ុន បានបញ្ជូនលិខិតចូលរួមរំលែកទុក្ខ ជូនលោកស៊ីជីនពីង ដែល ក្នុងលិខិតនោះ លោកសុំអនុញ្ញាតិបិទច្រកព្រំដែន ជាមួយប្រទេសចិន។
ចំណែកប្រទេស ឡាវ វៀតណាម ភូមា រុស្ស៊ី ម៉ុងហ្គោលី ក៏បានសម្រេចថាបិទព្រំដែនជាមួយប្រទេសចិនដែរ។ សម្រាប់ប្រទេស ភូមា កាលពីព្រឹកថ្ងៃអាទិត្យទី២ ខែគុម្ភៈបានបញ្ជាអោយយន្ដហោះមួយគ្រឿងដែលហោះមកពីក្រុងវូហានត្រូវហោះត្រលប់ទៅប្រទេចិនវិញ។
ក្រៅពីនេះប្រទេសមួយភាគធំ នៅលើពិភពលោកបានប្រកាសបិទជើងហោះហើរជាមួយនិងប្រទេសចិនដោយពួកគេបិទការទទួលយកអ្នកធ្វើដំណើរពីចិនទាំងអស់។
កាលពីថ្ងៃទី២ ខែកុម្ភៈ ករណីស្លាប់អ្នកជំងឺវីរុសកូរូណាក្រៅដែនដីចិនបានកើតមានឡើងនៅប្រទេសហ្វីលីពីនដែលជាប្រទេសប្រកាសបិទជើងហោះហើរពីចិនមុនគេបង្អស់។ បុរសជនជាតិចិន មានអាយុ៤៤ឆ្នាំដែលបានស្លាប់នោះត្រូវបានគេដឹងថាចម្លងរោគនេះទៅឱ្យ ស្ដ្រីជាដៃគូររបស់គាត់អាយុ៣៨ឆ្នាំ ត្រូវព្យាបាលដាច់ដោយឡែកពីគេ។
បើតាមការព័ត៌មានជាតិជប៉ុន NHK នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២០ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាសាស្ត្រជាតិសិក្សាពីជំងឺឆ្លងជប៉ុន (NIID) បានប្រកាសអំពីជោគជ័យនៃការញែកវីរុសនេះបានហើយ ហើយបានឈានទៅដល់ការពិនិត្យមើល DNAរបស់អ្នកជំងឺ។ ក្រុមអ្នកស្រាវជ្រាវ កំពុងសិក្សាអំពីដំណើរនៃការឆ្លង និងការវាយប្រហាររបស់មេរោគនេះនៅក្នុងខ្លួនមនុស្ស។
រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានប្រទេសចំនួនបួនហើយដែលអាចញែកវីរុសនេះបាន គឺចិន អូស្រ្ដាលី ជប៉ុន និងកោះតៃវ៉ាន់។
ចំណែកប្រទេសថៃក៏បានជោគជ័យក្នុងការព្យាបាលអ្នកជំងឺជាច្រើននាក់ តាមរយៈការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគ HIV និងថ្នាំផ្ដាសាយ។ ថ្នាំពីរប្រភេទនេះ បញ្ចូលគ្នា ធ្វើឱ្យអ្នកជំងឺធូរស្រាលបានច្រើន។ ប៉ុន្តែរហូតមកទល់ពេលនេះ ថៃជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៌ ដែលកើនឡើង ១៩នាក់ និងព្យាបាលជាចំនួន៨នាក់។
តែយ៉ាងណាប្រទេសចិននៅថ្ងៃនេះ បានធ្វើការសម្ពោធមន្ទីរពេទ្យមួយដែលបង្កើតឡើងត្រឹម៨ថ្ងៃដើម្បីព្យាបាលវីរុលផ្លូវដង្ហើមកូរ៉ូណា គឺមន្ទីរពេទ្យនៅខេត្តហ៊ូប៉ី ដែលមានឈ្មោះថា Huoshenshan។
កម្មករ និងវិស្វករនៃមន្ទីរពេទ្យនេះសរុបជិត៥ពាន់នាក់បានចំណាយពេលទាំងយប់ទាំងថ្ងៃដើម្បីស្ថាបនាមន្ទីរពេទ្យដែលមាន១ពាន់បន្ទប់និងគ្រែគេងចំនួន១ពាន់ ៦០០សម្រាប់ផ្ទុកនៅទីនោះហើយនឹងត្រូវបើកព្យាបាលដោយមិនបង្អង់ឡើយ។ មន្ទីរពេទ្យនេះ ហើយ ដែលត្រូវដាក់អោយពេទ្យយោធា ជាអ្នកព្យាបាលអ្នកជំងឺឆ្លងមេរោគកូរ៉ូណា ជាមេរោគងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ងាយជាងមេរោគនៃជំងឺសា ដែលផ្ទុះឡើងនៅឆ្នាំ ២០០២-២០២៣ ទោះបីអតា្រមរណៈនៅទាបជាងជម្ងឺបន្តិចក្ដី៕