31 C
Phnom Penh

អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា បាននាំកេរ្តិ៍ឈ្មោះរបស់កម្ពុជាល្បីខាងអាក្រក់ក្នុងឆាក់អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជាណាចក្រ កម្ពុជា មានឈ្មោះល្បីល្បាញក្នុងពិភពលោករៀងរាល់ឆ្នាំ ប៉ុន្តែ អ្វីដែលមានឈ្មោះល្បីខ្ចរ ខ្ចាយរៀងរាល់ឆ្នាំ មិនមែនល្បីល្បាញកេរដូនតា ព្រះរាជាខ្មែរ ឬបុព្វបុរសខ្មែរ ដូចប្រាសាទបុរាណល្អឥតខ្ចោះនោះប៉ុន្មានទេ។ កេរ្តិ៍ឈ្មោះល្បីរៀងរាល់ឆ្នាំ គឺមានឈ្មោះ កម្ពុជា នៅក្នុងសេចក្តីរាយការណ៍ប្រចាំឆ្នាំពីក្រុមអង្គការ អន្តរជាតិ ដូចជា អង្គការ Freedom House, Transparency International, World Justice Project, Human Rights Watch, Global Witness ជាដើម ខាងអំពើរំលោភសិទ្ធិ សេរីភាពមនុស្ស  រំលោភច្បាប់ទម្លាប់ អំពើពុករលួយ អសប្បុរស ជាដើម។ល។

ការសេសេរសេចក្តីរាយការណ៍ចំៗ ផ្សាយការពិតអំពីរឿងស្រុកខ្មែរ  តែងតែទទួលការឆ្លើយតបវិញពីមន្រ្តីរាជរដ្ឋាភិបាលថា ជាការនិយាយគ្មានការពិត និយាយមានចេតនា មានបំណងមិនល្អ មិនស្គាល់ស្រុកខ្មែរ និយាយបែបអគតិ អយុត្តិធម៌ មួលបង្កាច់ បង្ខូចមុខមាត់រដ្ឋាភិបាល ដើម្បីជួយបុព្វហេតុក្រុមប្រឆាំង។

កាលសប្តាហ៍មុន អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយទៅនឹងសេចក្តីរាយការណ៍ពីអង្គការ តម្លាភាព អន្តរជាតិ Transparency International ខាងផ្នែកពុករលួយ ថា៖ រដ្ឋាភិបាលអត់ខ្វល់នឹងសេចក្តីរាយការណ៍ហ្នឹងទេ។ នេះគ្រាន់តែជាការផ្សាយពាណិជ្ជកម្មឲ្យល្បីឈ្មោះដើម្បីផលប្រយោជន៍ខ្លួនគេតែប៉ុណ្ណោះ។ លោកបន្តថា សេចក្តីរាយការណ៍នោះ គ្មានតម្លៃផ្លូវច្បាប់អ្វីបែបណាមួយសម្រាប់រដ្ឋាភិបាលឡើយ។

ក្នុងសេចក្តីរាយការណ៍ពីអង្គការ តម្លាភាព អន្តរជាតិ Transparency International ផ្សាយកាលពីថ្ងៃទី២៣ មករា សប្តាហ៍មុន កម្ពុជា បានទទួលពិន្ទុ២០ ក្នុងចំណាត់ពិន្ទុ១០០ ដែលគេកំណត់ថាល្អបំផុត  ហើយជាប់ចំណាត់ថ្នាក់លេខ១៦២ ក្នុងចំណោមប្រទេសចំនួន១៨០ ក្នុងពិភពលោក។ សិង្ហបុរី ជាប់លេខ៤ ក្នុងពិភព លោក ជាប្រទេសស្អាតស្អំ។

លោក ផៃ ស៊ីផាន បន្ថែមថា អំពើ ពុករលួយពិបាកនឹងមើលឲ្យឃើញណាស់ហើយដើម្បីនឹងវាយតម្លៃអំពើពុករលួយ អង្គការនេះ គួរតែធ្វើសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នរដ្ឋ ទើបអាចដឹងច្បាស់អំពី របៀប បែបបទ លក្ខណៈនៃអំពើ ពុករលួយ។

លោក ផៃ ស៊ីផាន ថ្លែងបែបនេះ ធ្វើឲ្យប្រទេស សិង្ហបុរី អៀនខ្លួនណាស់ ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសស្អាតស្អំ គ្មានអំពើពុករលួយ។

ដោយឡែកពីសេចក្តីរាយការណ៍អំពី ស្ថានភាពពុករលួយក្នុងប្រទេសកម្ពុជានាបច្ចុប្បន្នកាលនេះ ដោយអង្គការ តម្លាភាព អន្តរជាតិ Transparency International មានសេចក្តីរាយការណ៍មួយទៀត ពីអង្គការឈ្មោះ World Justice Project ផ្សាយថ្ងៃទី ២២ ខែមករា សប្តាហ៍មុន ដែលចាត់ថ្នាក់ប្រទេស កម្ពុជា សំរាប់ឆ្នាំ២០១៩ ជាប់លេខ១២៥ ក្នុងចំណោមប្រទេសចំនួន១២៦ ក្នុងពិភពលោក ខាងការគោរពច្បាប់ ឬ មិនគោរពច្បាប់។ កម្ពុជា បានពិន្ទុក្រោមសូន្យ គឺ 0.32 រីឯលេខ១ ដែលជាលេខល្អបំផុតសម្រាប់ប្រទេសគោរពច្បាប់ បានទៅប្រទេស ដាណឺម៉ាក នៅអឺរ៉ុបខាងជើង។

ពលរដ្ឋខ្មែរគ្រប់ស្រទាប់ ទាំងនាហ្មឺន មន្រ្តី រាជការ ទាហាន ស៊ីវិល និយមហៅ នីតិរដ្ឋ សំដៅទៅលើការគោរពច្បាប់ ហើយចង់ឲ្យមនុស្សគ្រប់រូបក្នុងសង្គមគោរពច្បាប់។ ខ្មែរប្រែជា នីតិរដ្ឋ ពីពាក្យអង់គ្លេសថា rule of law។ បើនិយាយឲ្យចំ នីតិរដ្ឋ គឺ រដ្ឋ មានក្រឹត្យក្រម មានច្បាប់ មានបញ្ញត្តិ មានទម្លាប់ មានក្បួន មានខ្នាត មានបែបបទ មានវិន័យ ហើយមនុស្សម្នាក់ៗក្នុងរដ្ឋនោះ គោរពច្បាប់បញ្ញត្តិដូចៗគ្នា ស្មើៗគ្នាចំពោះមុខច្បាប់។

ជនណាមិនគោរពច្បាប់ ពោលគឺរំលោភ បំពានច្បាប់ជាធរមាន ជននោះចាត់ទុកថាជាជនល្មើស ហើយត្រូវមានទោសល្មើស ជាប់បទល្មើស។ ស្រុកខ្មែរជាប់លេខ១២៥ មកពីមនុស្សក្នុងសង្គមនេះ ទាំងអ្នកមានតំណែងអត់តំណែង មានមុខងារអត់មុខងារ មានមុខនាទីអត់មុខនាទីច្រើនសន្ធឹកសន្ធាប់មិនគោរព មិនអនុ លោម មិនអនុវត្ត ឬ មិនប្រតិបត្តិ មិនបង្គាប់ មិនឆ្លើយតបតាមច្បាប់បញ្ញត្តិ។ កម្ពុជា ជាប់លេខ១២៥ មកពីដើមហេតុ៤យ៉ាង ដែលជាគោលចារឹកសកលក្នុងកិច្ចការគ្រប់គ្រងនគរបែប នីតិរដ្ឋ៖

១. ការទទួលខុសត្រូវ ៖ រដ្ឋាភិបាល និង ផ្នែកឯកជន ត្រូវទទួលខុសត្រូវចំពោះច្បាប់បញ្ញត្តិ។ តើស្រុកខ្មែរ មានឬអត់?

២. នីតិយុត្តិធម៌ ៖ ច្បាប់សរសេរឡើងចែងច្បាស់ៗ ផ្សព្វផ្សាយជាសាធារណៈ ឥតលម្អៀង អនុវត្ត ឬ ប្រតិបត្តិឬ បង្គាប់លើមនុស្សស្មើៗគ្នា ការពារសិទ្ធិ ទាំងមនុស្ស ទាំងទ្រព្យសម្បតិ្ត ពោលគឺ សន្តិសុខសម្រាប់មនុស្ស។តើស្រុកខ្មែរ មានឬអត់?

៣. រដ្ឋាភិបាលចំហរ ៖  ដំណើរការនៃនីតិកម្ម ឬ ការតាក់តែងច្បាប់ដោយនីតិបុគ្គល ឬអ្នកធ្វើច្បាប់ ត្រូវធ្វើឡើងដោយចំហរ គ្រប់គ្រង ប្រត្តិបត្តិ បង្គាប់ច្បាប់បញ្ញត្តិ ដោយអាចមើលឃើញ ដឹងឮបានគ្រប់គ្នា និង ប្រកបដោយភាពឥតលម្អៀង ហើយដោយប្រសិទ្ធិភាព។ តើស្រុកខ្មែរ មានឬអត់?

៤. ដំណោះស្រាយវិវាទដោយមានការមើលឃើញ ដឹងឮ និង ដោយគតិយុត្តិធម៌ ៖ យុត្តិធម៌ ត្រូវផ្តល់ឲ្យទាន់ពេលវេលាដោយអ្នកតំណាងមានសីលធម៌ កិរិយាមារយាទល្អ និង ប្រកបដោយឧបេក្ខា គឺជំហរកណ្តាល អព្យាក្រឹត ឥតលម្អៀង ឲ្យឆ្លុះបញ្ចាំងនូវឆន្ទៈសហគមន៍ដែលមន្រ្តីមានភារកិច្ចបម្រើ។ តើស្រុកខ្មែរ មានឬអត់?

ពាក្យអង់គ្លេស rule of law ដែលខ្មែរនិយមប្រែថា នីតិរដ្ឋ មិនសមគ្នាទេ។ បើបកប្រែពាក្យខ្មែរ នីតិរដ្ឋ គឺចង់សំដៅថា រដ្ឋ ឬ នគរ ឬ ប្រទេសមាន នីតិ គឺមានច្បាប់ ដែលមានន័យថា ប្រទេសគោរពច្បាប់។ បើតាក់តែងច្បាប់ អនុម័តច្បាប់ហើយ មានច្បាប់ហើយ មិនគោរពឲ្យដូចគ្នា មិនអនុវត្ត មិនប្រតិបត្តិ មិនបង្គាប់ឲ្យស្មើគ្នា ទេ គេប្រដូចប្រទេសនោះស្មើនឹងប្រទេសអត់ច្បាប់។ យកល្អ គួរប្រើពាក្យ នីតិនិយម តាមវចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាត វិញ ដែលមានន័យថា៖ ការកំណត់យកតាមច្បាប់ សេចក្តីស្មោះត្រង់ចំពោះច្បាប់។

ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ នីតិរដ្ឋ ឬ rule of law គេមិនដែលច្បិចយកប្រការ មាត្រា ក្រឹត្យក្រមច្បាប់បញ្ញត្តិជាធរមានតាមចំណង់ចិត្ត តាមនឹកឃើញ ដែលផ្តល់ប្រយោជន៍ដល់ខ្លួនម្នាក់ ឬ គ្រួសារ បក្ខ ពួកណា មួយ ហើយរំលង បញ្ចៀស លុបចោល ឬ ដកចេញ ប្រការ មាត្រា ក្រឹត្យក្រមដែលខ្លួនមិនពេញចិត្ត មិនចំណេញដល់ខ្លួនឯងនោះទេ។

សមាគមមេធាវីអាមេរិកាំង ហៅថា American Bar Association (ABA) អធិប្បាយថា៖ rule of law គឺ ក្បួនខ្នាត បែបបទ ទំនៀមទម្លាប់ ដែលសមាជិកក្នុងសង្គមជាតិនីមួយៗទទួលយក ទទួលស្គាល់ថាត្រឹមត្រូវ និង កំណត់យកទាំងអស់គ្នា ហើយតាក់តែងជាក្រមច្បាប់ ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ជាដើម ដើម្បីគោរពទាំងអស់គ្នា។ សមាជិកសង្គមម្នាក់ៗ រំពឹងថា អ្នកឯទៀតក៏គោរពក្រមច្បាប់ទាំងនោះដុចគ្នា។ បើក្រមច្បាប់ ចែងមកហើយ មានអ្នកខ្លះគោរព អ្នកខ្លះអត់គោរព អ្នកខ្លះគោរពត្រង់នេះ អ្នកខ្លះគោរពត្រង់នោះ រីឯអ្នកប្រតិបត្តិច្បាប់ មិនចង់អនុវត្តច្បាប់ មិនហ៊ានបង្គាប់ច្បាប់ព្រោះមាន ភយាគតិ ឬ ការភ័យខ្លាចអំណាច បុណ្យសក្តិគេ  ប្រទេសនោះ រដ្ឋនោះ មិនមែន នីតិរដ្ឋ ទេ។ តុលការស.រ.អា បកស្រាយពាក្យ rule of law ថា ជាគោលការណ៍មួយ ដែលមនុស្សគ្រប់រូប គ្រប់ស្ថាប័ន និង គ្រប់អង្គភាព ទទួលខុសត្រូវចំពោះច្បាប់ ដែល៖

១. ប្រកាសចូលធរមានបញ្ញត្តិជាសាធារណៈ

២. ប្រតិបត្តិ បង្គាប់បញ្ជាប្រកបដោយសមភាព

៣. វិនិច្ឆ័យ សម្រេច កាត់សេចក្តីប្រកបដោយភាពឯករាជ្យ គឺមិនស្ថិតក្រោមឥទ្ធិពលស្ថាប័នណាមួយ

៤. ហើយ អនុចរ ឬ អនុលោម  ពោលគឺ ប្រព្រឹត្តតាម គោលការណ៍សិទ្ធិមនុស្សអន្តរជាតិ

 ពលរដ្ឋខ្មែរ មានការខ្មាស់អៀន អាម៉ាស់មុខរួចទៅហើយ នៅពេលមានសេចក្តីរាយការណ៍អំពី ស្ថានភាពពិតអំពីរឿងរ៉ាវអាស្រូវទាក់ទងនឹងការគ្រប់គ្រងស្រុកបច្ចុប្បន្ន។ ពលរដ្ឋខ្មែរកាន់តែខ្មាស់ពិភពលោកខ្លាំងជាងហ្នឹងទៅទៀត នៅពេលមានមន្រ្តីរដ្ឋាភិបាលព្យាយាមបដិសេធការពិតដោយឥតអៀនខ្មាស់។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស