29 C
Phnom Penh

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្តេជ្ញា​ថែរក្សា​តំបន់ការពារធម្មជាតិដែលមាន ដើម្បី​ឈានទៅលក់ឥណទានកាបូនបន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា កន្លងមក រដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណារក្សាឱ្យបាន និងកាន់តែពង្រឹងការថែរក្សា ឱ្យមានប្រសិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមាន ដើម្បីឈានទៅលក់ឥណទានកាបូន។

ការថ្លែងដូចនេះ ធ្វើឡើងក្នុងពេលជួបសំណេះសំណាល និងថ្លែងអំណរគុណមន្ត្រីឧទ្យានុរក្ស នៅលើកំពូលភ្នំម្រេចកង្កែប តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុងនៅថ្ងៃអង្គារ៍នេះ។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានលើកឡើងនូវប្រសាសន៍របស់លោក សាយ សំអាល់ថា តំបន់ទេសចរណ៍ធម្មជាតិភ្នំម្រេចកង្កែបនៃតំបន់អារ៉ែង ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ ព្រោះមានទេសភាពដ៏ល្អត្រកាល គ្របដណ្តប់ដោយសមុទ្រឈើជាទីមនោរម្យ មានចំរាក់ភ្នំដ៏គួរឱ្យទាក់ទាញ រុក្ខជាតិនិងជីវៈចម្រុះដ៏សម្បូណ៌បែប និងជាទីកន្លែងគួរឱ្យចង់ស្នាក់នៅកម្សាន្ត។

ក្រៅពីអរគុណដល់មន្ត្រីខ្លួន ចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។ លោកថា ការការពារបាននូវតំបន់ធម្មជាតិទាំងនេះឱ្យនៅគង់វង្ស នេះហើយ ដែលនាំឱ្យកម្ពុជាទទួលបានថវិកាពីការលក់ឥណទានកាបូនដែលបានមកពីព្រៃឈើ ដើម្បីពង្រឹងការងារអភិរក្ស ក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ និងបង្កើនចំណូលជូនប្រជាសហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ បញ្ជាក់ថា ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរនេះហើយ  កម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ជាង១១លានដុល្លារអាមេរិក។

លោកអះអាងថា ថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ការងារការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាននិង  ជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅគោលការណ៍ ហិរញ្ញប្បទាននិរន្តរភាព។

ប្រភពដដែលនេះ លើកឡើងទៀតថា រហូតមកដល់ពេលនេះ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន គឺមានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

ក្រសួងបរិស្ថានអះអាងថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប ហើយព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងជាង ៧ លានហិកតា។

រដ្ឋមន្រ្តី ដែលមានវ័យក្មេងជាងគេរូបនេះ បញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ដោយឡែក ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។

រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានមានចំនួនប្រមាណ១៦៨សហគមន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស