33 C
Phnom Penh

របាយការណ៍បង្ហាញថាមនុស្សជិត៦០នាក់ ត្រូវបាន​ចាប់ និងបញ្ជូន​ខ្លួនទៅ​តុលាការ​ពាក់ព័ន្ធបទល្មើសព្រៃឈើឆ្នាំ ២០១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចរបស់លោក ហ៊ុន សែន ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៥៩ នាក់ ត្រូវបានចាប់ និងបញ្ជូនខ្លួនទៅតុលាការ ពាក់ព័ន្ធបទល្មើសព្រៃឈើកាលពីឆ្នាំ២០១៩។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និង               បង្ក្រាបបទល្មើសធនធានធម្មជាតិដែលចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា កម្លាំងបង្ក្រាបកាលពីឆ្នាំ ២០១៩ ចាប់ និងរឹបអូសបានឈើចម្រុះជិត១ម៉ឺនម៉ែត្រគុប (៩.២១៥) និងរឹបអូសសម្ភារនានាដែលជាមធ្យោបាយបម្រើឲ្យការធ្វើអាជីវកម្មសរុបជិត៥រយគ្រឿង(៤៩១) ព្រមទាំងបំផ្លាញ រថយន្តបាកុង និងមធ្យោបាយកែច្នៃចំនួនជាង២រយគ្រឿង(២១២)។

គណៈកម្មការនេះ បានអះអាងថា ឈើចាប់បានទាំងអស់ត្រូវរក្សាទុកមិនឱ្យបាត់បង់ ដើម្បីដាក់ដេញថ្លៃប្រមូលថវិកាចូលរដ្ឋ។

សេចក្ដីប្រកាសព័ត៌មាននេះបានឲ្យដឹងទៀតថា នាពេលបច្ចុប្បន្ន                   តាមរយៈការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ជំនាញបានបញ្ជាក់ថា ការកាប់ឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ជាលក្ខណៈទ្រង់ទ្រាយធំមានសភាពស្ងប់ស្ងាត់។

ប៉ុន្តែគណៈកម្មការនេះទទួលស្គាល់ថា នៅមានការលួចបន្លំដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់តាមរូបភាពជារថយន្តសាំយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉កជាដើម។

ក្នុងចំណោមមនុស្ស៥៩ នាក់ដែលត្រូវបានសមត្ថកិច្ចចាប់និងបញ្ជូនខ្លួនទៅតុលាការ ក៏មានវត្តមានឧកញ៉ារកស៊ីឈើ២រូប រួមមានឧកញ៉ា ស៊ឹង សំអុល និង ឧកញ៉ា គង់ ក្រឹង។

កាលពីខែកញ្ញា ឆ្នាំ២០១៩ សាលាដំបូងខេត្តមណ្ឌលគិរីបានចេញដីកាមួយឱ្យសមត្ថកិច្ចចាប់ខ្លួនឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានផ្ទះក្បែរសាលាស្រុកត្បូងឃ្មុំតែម្តង។ ក្រៅពីនេះ ឧកញ៉ា ស្រ៊ុន ម៉េងលាង ជាម្ចាស់ក្រុមហ៊ុន ម៉េងលាង និងឧកញ៉ា តុប វីរដា ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី ពាក់ព័ន្ធសំណុំរឿងបទល្មើសកាប់បំផ្លាញព្រៃឈើ និងជួញដូរឈើដោយខុសច្បាប់។ ដីកាបញ្ជាឱ្យចាប់ខ្លួនឧកញ៉ាទាំង៣រូបនេះ ធ្វើឡើងក្រោយពីឧកញ៉ាទាំង នោះរត់គេចខ្លួនមិនចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ធ្លាប់សម្តែងក្តីបារម្ភចំពោះវាសនាព្រៃឈើនៅឆ្នាំ២០២០នេះ។ ការព្រួយបារម្ភនេះ ដោយលោកថា ឆ្នាំនេះនឹងក្លាយជាឆ្នាំដែលមានការបំផ្លាញព្រៃឈើបន្តទៀត ដោយឧក្រិដ្ឋជនដែលរងការខាតបង់ក្នុងជំនួញឈើរបស់ខ្លួនកាលពីឆ្នាំមុនដោយសារសមត្ថកិច្ចចាប់ នឹងមកស្តារដើមឡើងវិញនៅឆ្នាំនេះ។

លោក ហេង ស្រស់ យល់ថាដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព គឺរដ្ឋាភិបាលតាមរយៈគណៈកម្មការជាតិមួយនេះ ត្រូវចាប់ខ្លួនឧកញ៉ារកស៊ីឈើធំៗ និងដុះស្លែជាច្រើនទៀត យកមកផ្តន្ទាទោសតាមច្បាប់។ បន្ថែមពីនេះ រដ្ឋាភិបាលត្រូវបញ្ឈប់គម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជន ហើយបញ្ឈប់ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មឈើ និងដឹកជញ្ជូនឈើទូទាំងប្រទេសជាដើម៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស