បណ្ដាញផ្សាយព័ត៌មាន CNN បានចុះផ្សាយថា អាជ្ញាធរ ប្រទេសជប៉ុន មកពីក្រសួងសុខាភិបាល បានចុះពិនិត្យភ្លាមៗដល់ភ្ញៀវទេសចរ ជាង២ពាន់៦៦០ រួមនិងបុគ្គលិកនាវា ជាងមួយពាន់នាក់ផ្សេងទៀតដើម្បីវាស់កំដៅ និងរកមើលមេរោគវិរុសកូរ៉ូណា ដែលបានសម្លាប់ពលរដ្ឋចិន ជាង៤០០នាក់ មកហើយ។
តាមប្រភពដដែល នាវាទេសចរណ៍បរទេសនេះ មានឈ្មោះថា Diamond Princess ដែលបានទៅដល់កំពង់ផែ Yokohama នៃប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ ហើយត្រូវបានអាជ្ញាជប៉ុន ហាមអ្នកទេសចរណ៍ទាំងអស់នោះមិនឲ្យឡើងគោក ក្នុងរយៈពេលមួយថ្ងៃ ដើម្បីពិនិត្យសុខភាពរបស់អ្នកដំណើរទាំងនោះ ក្រែងមាន ការផ្ទុះមេរោគកូរ៉ូណាដ៏កំណាច។
តាមប្រភពដដែលឲ្យដឹងទៀតថា នេះជាវិធានការថ្មីបន្ទាប់ពីក្រុមបុគ្គលិកពេទ្យជប៉ុនបានរកឃើញអ្នកដំណើរម្នាក់ដែលធ្វើដំណើរតាមនាវាទេសចរណ៍ដូចគ្នានេះ មានផ្ទុកមេរោគ កូរ៉ូណា។
សម្រាប់ នាវា Diamond Princess ដែលបានទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទ មានភ្ញៀវទេសចរចំនួន ២ពាន់ ៦៦៦នាក់ និងបុគ្គលិកនាវានោះ ១ពាន់ ៤៥នាក់ថែមទៀត។ គិតមកដល់ថ្ងៃអង្គារទី៤ ខែកុម្ភៈនេះ គេនៅពុំទាន់ដឹងថា អាជ្ញាធរជប៉ុនបាន អនុញ្ញាតិអោយអ្នកទេសចរណ៍ទាំងនោះ ឡើងគោកឬយ៉ាណានៅឡើយទេក្រោយពីមានការពន្យារការចុះចត ២៤ម៉ោងម្ដង ទៅហើយនោះ ។
នាវានេះ បានចេញដំណើរពីទីក្រុងហុងកុងកាលពីថ្ងៃទី២៥ ខែមករា ដែលដែនដីមួយនេះ ក៏កំពុងឆ្លង វិរុសកូរ៉ូណានេះដែរ។
គិតមកដល់ថ្ងៃនេះ វិរុសដ៏កំណាចនេះបានសម្លាប់ មនុស្សចំនួន ៤២៦នាក់ ហើយ២នាក់ បានស្លាប់នៅក្រៅប្រទេសចិន គឺម្នាក់ស្លាប់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតស្លាប់នៅទីក្រុងហុងកុងគឺនៅថ្ងៃនេះ។ ចំនួន មនុស្ស ឆ្លងវិរុសនេះបានកើនឡើងដល់ទៅ ២ម៉ឺន ៦២២នាក់។
សេចក្ដីរាយការណ៍របស់អាជ្ញាធរ
អាកាសចរណ៍ចិនឲ្យដឹងថា ចិនបានលុបចោលជើងហោះហើរ ដល់ជិតមួយម៉ឺនជើងហោះហើយ នៅទូទាំងពិពភលោកក្នុងរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ។
ការបិទជើងហោះហើរនេះ បានធ្វើអោយអ្នកដំណើរចិន ជាង១១លាននាក់ បានខកខានការចេញទៅ កាន់បណ្ដាខេត្តនៃប្រទេសចិន និង ប្រទេសផ្សេងៗទៀតនៃពិភពលោក។ នេះបើយោងតាម គេហទំព័រ TravelInternational.com ។
សេចក្ដីរាយការណ៍នានាផ្សេងទៀតឲ្យដឹងថា ពលរដ្ឋនៃប្រទេសដែលឆ្លងវិរុសនេះ មានចំនួន ២៧ប្រទេស ហើយមនុស្សចំនួន ១៥១ នាក់បានឆ្លងវីរុសនេះពីប្រទេសចិន។ នៅទីក្រុងហុងកុង អ្នកជំងឺម្នាក់អាយុ ៣៩ឆ្នាំបានស្លាប់។ បុរសនេះមកពីក្រុងអ៊ូហាន ដែល ជាប្រភពនៃការផ្ទុះមេរោគនេះ។ មកដល់ពេលនេះ ប្រទេស ដែលកំពុងព្យាយាម ទៅដឹកពលរដ្ឋរបស់ខ្លួន ពីប្រទេសចិន គឺរុស្ស៊ី អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អង់គ្លេស ឥណ្ឌូនេស៊ី នេប៉ាល់ អ៊ីតាលី ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង ឥណ្ឌា វៀតណាម និងសហរដ្ឋអាមេរិក។
តែយ៉ាងណា ចិន បានចោទ អាមេរិកថាជាប្រទេស ដែលនាំការបង្អើលជាងគេ ព្រោះតែបានដកមន្ត្រី កុងស៊ុលរបស់ខ្លួន ចេញពីក្រុងវូហានមុនគេ។
នៅថ្ងៃនេះ ក្រសួងការបរទេសចិនបានប្រតិកម្មដោយខឹងសម្បារនឹងអាមេរិកករណីមានវិធានការនាំអាទិ៍ឱ្យប្រទេសដទៃបន្ដចំណាត់ការបិទជើងហោះហើរមកកាន់ចិន។ ក្រសួងការបរទេសចិនថាអាមេរិកកំពុងតែប្រតិកម្មជ្រុលពេកហើយ។
បើតាមកាសែតប្រចាំថ្ងៃរបស់ប្រជាជនចិនរាយការណ៍កាលពីថ្ងៃម្សិលមិញឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកហ៊ូឈុនយីងបានថ្កោលទោសអាមេរិកការដែលមិនផ្ដល់ឱ្យនូវការទំនុកបម្រុងគ្រប់គ្រងមកកាន់ចិនប៉ុន្ដែបែរជាអ្នកបង្ករការភ័យខ្លាចជាងគេទៅវិញ។
លោក ហ៊ូឈុនយីង Hou Chhunying លើកឡើងថាអាមេរិកមិនបានជួយជាដុំកំភួនអ្វីដល់ចិនក្នុងការប្រយុទ្ធនឹងការផ្ទុះវីរុសកូរ៉ូណានេះទេ។តែបែរជាបង្កើតចលាចលការភ័យខ្លាចដែលជាប្រទេសទីមួយដកបុគ្គលិកកុងស៊ុលពីក្រុងវូហាន និងជាប្រទេសទីមួយដែលរឹតត្បិតពលរដ្ឋចិនមិនឲ្យចូលអាមេរិក។ តែចិនអះអាងថាបើទោះបីជាចំនួនឆ្លងច្រើនក៏ពិតមែនតែអត្រាមរណៈទាបណាស់គឺត្រឹមតែ២.១ភាគរយប៉ុណ្ណោះ ដែលចំនួននេះទាបជាងមេរោគអេបូឡា ជំងឺសា និង ជំងឺមើស។ ទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រផ្នែកសុខភាពព្រមានថា សន្ទុះនៃការឆ្លងនៃមេរោគកូរ៉ូណា មានភាពធំជាងព្រោះ វាឆ្លងលឿន និងរីករាលដាលកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ៕