30 C
Phnom Penh

លោក ហ៊ុន សែន នឹងទៅ​ជួបសួរ​សុខទុក្ខ​និស្សិតខ្មែរ​នៅទីក្រុងវូហាន​ដែលជាតំបន់ផ្ទុះមេរោគកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីប្រទេសសាធារណៈរដ្ឋកូរ៉េថា លោក នឹងដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងជាប់ក្នុងទីក្រុងវូហាន ខេត្តហូប៉ីប្រទេសចិននៅថ្ងៃពុធ ស្អែកនេះ។

ការប្រកាសជាផ្លូវការរបស់លោកហ៊ុន សែន ទៅតំបន់ផ្ទុះមេរោគកូរ៉ូណានេះ បន្ទាប់ពីមានអ្នកប្រើប្រាស់សង្គមហ្វេសប៊ុកបានរិះគន់លោក ហ៊ុន សែន ដែលប្រាប់ឱ្យនិស្សិតខ្មែរដែលជាប់នៅក្នុងទីក្រុងវូហាន ឱ្យរួមសុខទុក្ខជាមួយពលរដ្ឋចិន ខណៈបណ្តាប្រទេសជាច្រើននៅលើពិភពលោកកំពុងជម្លៀសពលរដ្ឋនិងនិស្សិតខ្លួនចេញពីទីក្រុងវូហាន បញ្ចៀសពីការឆ្លងជំងឺប្រភេទថ្មីនេះ។ បន្ថែមពីនេះ ក៏មានការលើកឡើង ដោយស្នើឱ្យលោកហ៊ុន សែន ដឹកនាំប្រតិភូខ្លួនទៅកាន់ទីក្រុងវូហាន ដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្លួន និងរួមសុខទុក្ខជាមួយមិត្តចិន។

លោកហ៊ុន សែន បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា នៅថ្ងៃស្អែកទី៥ ខែកុម្ភៈ ក្រោយពេលបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយនោះ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ។

បន្ថែមពីនេះលោកនឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់តំបន់ផ្ទុះជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាដំបូងគេនេះ លោកថា  ដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងឬការកើតរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយមេរោគកូរ៉ណា។

ការប្រកាសនេះ ក្នុងជំនួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកលលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) នៅមុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នាព្រឹកនេះ។

ក្នុងជំនួបគ្នានេះ លោកនាយករដ្ឋមន្រ្តី និងលោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែបម្រួលអាកាសធាតុ និងការវិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុសនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។

លោកហ៊ុន សែន មានប្រសាសន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណា គឺមិនមែនជាកង្វល់របស់ប្រទេសចិនតែមួយនោះទេ ប៉ុន្តែលោកថាវាជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។

ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃនេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយឱ្យដឹងថា និស្សិតខ្មែរដែលទៅសិក្សានៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន មានចំនួន៨៩ នាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យចិន ចំនួន៧ កន្លែងផ្សេងគ្នា ហើយនិស្សិតដែលកំពុងមានវត្តមាននៅទីក្រុងវូហាន មានចំនួន២៣នាក់។

ក្រសួងអប់រំអះអាងថា និស្សិតទាំងនោះ មានសុខភាពរឹងមាំ និងមិនមាននិស្សិតណាម្នាក់ឆ្លងជំងឺបង្កឡើងដោយមេរោគកូរ៉ូណាឡើយ ដោយពួកគេទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលខ្មែរ និងស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីនេះ ពួកគេក៏ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងគណៈគ្រប់គ្រងសាលាចិនទៀតផង។ 

ក្រសួងបន្ថែមថា និស្សិតមួយចំនួនត្រូវបានសាលាផ្តល់អាហារ១ថ្ងៃ៣ពេល ហើយមាននិស្សិតខ្លះត្រូវទិញម្ហូបមកធ្វើញាំដោយខ្លួនឯង ដែលរកទិញបាននៅជិតសាលាបំផុត។

ដោយឡែកនិស្សិតខ្មែរចំនួន៦៦នាក់ទៀត បានវិលត្រឡប់មកកម្ពុជាវិញកាលពីដើមខែមករា ក្នុងគោលបំណងមកលេងស្រុកពេលវិស្សមកាលដូចរាល់ឆ្នាំ និងទទួលបានការអនុញ្ញាតឱ្យឈប់សម្រាកត្រឹមត្រូវ ហើយសាលាក៏បានប្រកាសពន្យារពេលចូលរៀននៅផ្ទុះជំងឺនេះផងដែរ។

ក្រសួងក៏បានបង្កើតគណៈកម្មការ និងចាត់តាំងតំណាងមួយរូប ដើម្បីទាក់ទងជាប្រចាំជាមួយនិស្សិតទាំង២៣រូបនោះ ហើយក្រសួងក៏បានផ្តល់ថវិកាចំនួន៤៦លានរៀលដល់ពួកគេ ដោយនិស្សិតម្នាក់ទទួលបានថវិកា២លានរៀល។

កាសែត The South China Morning Post ចុះផ្សាយនៅព្រឹកនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់ ៤២៦នាក់ ចំណែកអ្នកឆ្លងមានចំនួន ២ម៉ឺន ៦២២ ករណី។

ដោយឡែកនៅកម្ពុជាអាជ្ញាធររកឃើញ ១ ករណី ប៉ុណ្ណោះ ដែលកើតឡើងលើបុរសចិនម្នាក់នៅខេត្តព្រះសីហនុ ហើយក្រសួងសុខាភិបាលអះអាងថាបុរសជនជាតិចិនរូបនោះមានសុខភាពប្រសើរឡើងវិញ ក្រោយទទួលបានការព្យាបាល ប៉ុន្តែក្រសួងនៅបន្តតាមដានបន្តទៀត៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស