35 C
Phnom Penh

លោក ហ៊ុន សែន ផ្អាកដំណើរទៅសួរសុខទុក្ខនិស្សិតខ្មែរនៅក្រុង វូហាន ក្រោយប្រកាសថានឹងទៅតំបន់នោះបានប៉ុន្មានម៉ោងម៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ផ្អាកដំណើរទៅសួរសុខទុក្ខនិស្សិតខ្មែរនៅតំបន់ផ្ទុះវីរុសកូរ៉ូណានៅទីក្រុងវូហាន ដោយលោកបានធ្វើដំណើរទៅរដ្ឋធានីប៉េកាំងវិញ។

ការប្រកាសផ្អាកដំណើរទៅសួរសុខទុក្ខនិស្សិតខ្មែរនៅក្រុងវូហាននេះ ក្រោមលេសថា រដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យលោកទៅទីក្រុងវូហាន ដោយសារតែនៅទីនោះចិនបានប្រកាសអាសន្នបិទមិនឱ្យមានចរាចរណ៍ឆ្លងកាត់ដោយខ្លាចឆ្លងមេរោគកូរ៉ូណា។

លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា លោកនឹងដឹកនាំប្រតិភូកម្ពុជា ចាកចេញពីប្រទេសកូរ៉េខាងត្បូងនៅរសៀលនេះ ឆ្ពោះទៅទីក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ដើម្បីសម្តែងការគួរសមជាមួយភាគីចិន ស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះនិស្សិតខ្មែរ២៣នាក់ដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិនផងដែរ។

លោក ហ៊ុន សែន អះអាងថា ការលុបដំណើរទៅសួរសុខទុក្ខនិស្សិត២៣នាក់នៅទីក្រុងវូហាន ព្រោះក្រសួងការបរទេសចិនមិនអនុញាតឱ្យលោកដឹកនាំប្រតិភូកម្ពុជាទៅជួបនិស្សិតខ្មែរនៅទីក្រុងវូហាន នៃខេត្តហ៊ូប៉ី នោះទេ ពីព្រោះចិនបានប្រកាសអាសន្នបិទមិនឱ្យមានចរាចរណ៍ឆ្លងកាត់តំបន់នោះទេ ខ្លាចឆ្លងមេរោគកូរ៉ូណាថ្មី ខណៈនិស្សិតខ្មែរក៏មិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅពីទីកន្លែងរស់នៅដែរ។

កាលពីថ្ងៃអង្គារ៍ម្សិលមិញ លោក ហ៊ុន សែន បានប្រកាសពីប្រទេសសាធារណៈរដ្ឋកូរ៉េថា លោក នឹងដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងជាប់ក្នុងទីក្រុងវូហាន ខេត្តហូប៉ីប្រទេសចិននៅថ្ងៃពុធនេះ ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលនៅជាប់ទីនោះ២៣នាក់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ លោក ក៏បានប្រកាសកែប្រែដំណើររបស់ខ្លួនវិញ។

ក្រុមអ្នកឃ្លាំមើលដឹងរួចទៅហើយថា លោក ហ៊ុន សែន នឹងមិនអាចទៅតំបន់ផ្ទុះជំងឺកូរ៉ូណាបានឡើយ ហើយការប្រកាសរបស់លោក គឺគ្រាន់តែធ្វើឡើងដើម្បីឱ្យល្អមើលប៉ុណ្ណោះ ម្យ៉ាងដើម្បីជាសង្រ្គាមចិត្តសាស្ត្រស្អំបេះដូងពលរដ្ឋ និងនិស្សិតខ្មែរនៅទីក្រុងវូហានប៉ុណ្ណោះ។

យោងតាមសារព័ត៌មានបរទេស បានឱ្យដឹងថាជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស កូរ៉ូណា បានបណ្តាលឱ្យពលរដ្ឋចិនស្លាប់ជិត៥រយនាក់ និង ករណីអ្នកឆ្លងជំងឺនេះជាង២ម៉ឺនករណី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស