31 C
Phnom Penh

ប្រជាសហគមន៍មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន បន្តធ្វើយុទ្ធនាការទាមទារឱ្យដោះលែងតំណាងរបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាសហគមន៍ជិត១រយនាក់ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននាំគ្នាឈរតវ៉ានៅតំបន់ដីមានជម្លោះ ដោយទាមទារឱ្យតុលាការទម្លាក់បទចោទ និងដោះលែងតំណាងសហគមន៍របស់ពួកគេឱ្យមានសេរីភាពឡើងវិញ។

ការបន្តទាមទារនេះ ធ្វើឡើងនៅថ្ងៃពុធនេះ ដោយប្រជាសហគមន៍នាំគ្នាលើករូបថតរបស់តំណាងដីធ្លីរបស់ពួកគាត់មួយរូប គឺលោក សែម សាង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីចុងឆ្នាំមុននិងសរសេរអត្ថន័យទាមទារឱ្យតុលាការខេត្តត្បូងឃ្មុំ ទម្លាក់បទចោទប្រកាន់ និងដោះលែងឱ្យលោកមានសេរីភាពឡើងវិញ។

តំណាងសហគមន៍ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ពីររូប គឺ លោក សែម សាង និងលោក ផុន ឈឿន  ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនឈ្មោះ ហាម៉ឹនី វីន អ៊ិនវេសមេន។

ទំព័រហ្វេសប៊ុករបស់សហគមន៍មានជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា យុទ្ធនាការទាមទារដោះលែងតំណាងរបស់ពួកគាត់ទាំងពីររូបនេះ ដើម្បីទាមទារឱ្យតុលាការដោះលែងលោក សែម សាង និង លោក ផុន ឈឿន ឱ្យមានសេរីភាពឡើងវិញ។

លោក សែម ចំណាន ប្អូនប្រុសលោក សែម សាង បានលើកឡើងថា អ្នកការពារដីធ្លីសហគមន៍បែរជាត្រូវជាប់គុក រីឯអ្នកដែលបំផ្លិចបំផ្លាញព្រៃសហគមន៍បែរជាត្រូវមានសេរីភាពទៅវិញ។

យុទ្ធនាការទាមទារ អ្នកភូមិគ្រោងនាំគ្នាធ្វើការប្រមូលផ្ដុំលើដីដែលមានជម្លោះជារៀងរាល់ខែ រហូតទាល់តែតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងតំណាងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។ ប្រជាសហគមន៍នៅតែចាត់ទុកការចោទប្រកាន់ និងឃុំខ្លួនតំណាងពួកគាត់ ថាជារឿងអយុត្តិធម៌ និងមិនបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវនោះឡើយ។

ចាប់តាំងពីមានការចាប់ខ្លួនតំណាងរបស់ពួកគេ ប្រជាសហគមន៍មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយនេះ រួមមានសហគមន៍នៅភូមិស្រែប្រាំង ភូមិបុស្សស្នោរ និងភូមិជីទ្រុន តាំងនាំគ្នាធ្វើយុទ្ធនាការទាមទារឱ្យដោះលែង លោក សែម សាង និងលោក ផុន ឈឿន ឱ្យមានសេរីភាពឡើងវិញ។

បន្ថែមពីនេះ ពួកគេក៏តែងនាំគ្នាមកសុំកិច្ចអន្តរាគមន៍ពីស្ថាប័នធំៗរបស់ជាតិ រួមមានក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ជាដើម ដើម្បីអន្តរាគមន៍ដោះលែងពួកគាត់ ព្រមទាំងដោះស្រាយវិបត្តិដីធ្លីនៅតំបន់ពួកគាត់រស់នៅឱ្យបានចប់សព្វគ្រប់ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានការដោះលែង និងដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចិននោះនៅឡើយទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា នឹងមិនឱ្យពលរដ្ឋមានជម្លោះដីធ្លីណាម្នាក់ត្រូវជាប់ពន្ធនាគារដោយសាររឿងដីធ្លីនោះឡើយ ប៉ុន្តែមកទល់ពេលនេះ ប្រសាសន៍នោះហាក់ពុំមានប្រសិទ្ធភាពទេ ដោយសារពលរដ្ឋមានជម្លោះដីធ្លីនៅតែត្រូវបានចាប់និងឃុំខ្លួនដាក់ពន្ធនាគារ ព្រមទាំងមានករណីខ្លះសមត្ថកិច្ចធ្វើទារុណកម្មពលរដ្ឋមានជម្លោះដីធ្លីរហូតដល់ស្លាប់ទៀតផង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស