34 C
Phnom Penh

អគ្គរដ្ឋទូតអាមេរិកជំរុញឲ្យកម្ពុជារក្សាប្រព័ន្ធពហុបក្ស និងលទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy កាលពីថ្ងៃអង្គារបានជួប ជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងកម្ពុជា លើកពីបញ្ហានយោបាយ និងសេដ្ឋកិច្ច។

អគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ បានលើកឡើងថា ឆ្នាំ ២០២០ នេះគឺជាឱកាសកាន់តែសំខាន់ទៀតដែលប្រទេសទាំង ២ មានលទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ស្របពេលដែលឆ្នាំនេះជាខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំង ២។

លោក Patrick Murphy បានសរសេរបង្ហោះនៅលើទំព័រ twitter របស់លោកថា លោក ហេង សំរិន បានបង្ហាញពីការតាំងចិត្តក្នុងការរក្សាប្រព័ន្ធពហុបក្ស និងសារប្រយោជន៍នៃការត្រួតពិនិត្យ និងតុល្យភាពនៃលទ្ធិប្រជាធិបតេយ្យ។

តាមគេហទំព័ររបស់រដ្ឋសភាកម្ពុជាបានឲ្យដឹងថា លោក ហេង សំរិន បានចាត់ទុកបេសកកម្មការទូតរបស់លោក Murphy ថា មានសារៈសំខាន់ខ្លាំងដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

ក្រៅពីជួបជាមួយលោក ហេង សំរិន លោក Patrick Murphy ក៏បានជួប ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផងដែរ។

ទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានី-ភ្នំពេញបានឲ្យដឹងថា លោក ឃួង ស្រេង និង Patrick Murphy បានពិភាក្សាការងារពាក់ព័ន្ធក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវប្បធម៌ ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីទាក់ទាញពាណិជ្ជករមកវិនិយោគ និងភ្ញៀវទេសចរមកទស្សនាកម្សាន្តឱ្យកាន់តែច្រើននៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស