អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងនូវទង្វើរើសអើងជាតិសាសន៍ ប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលឆ្លងមេរោគ វិរុសកូរ៉ូណាជាពិសេស ពលរដ្ឋចិន ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៥ នេះបានចុះផ្សាយអំពីលោក Guterres ដែលបានធ្វើការកត់សម្គាប់បែបនេះ អំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារទី៤កុម្ភៈនេះ។
ប្រធាន អង្គការសហប្រជាជាតិ រូបនេះបានរៀបរាប់ដូចនេះថាទស្សនៈ ដែលមាននិន្ននាការបែបរើសអើង គឺជាក្ដីបារម្ភពីការរំលោភសិទ្ធិមនុស្ស ហើយនឹងនាំទៅរកការមើលងាយជនគ្មានកំហុស ដោយសារតែជាតិសាសន៍របស់ពួកគេ មានឆ្លងវិរុសនេះ។
យ៉ាងណាក៏ដោយ លោក Guterres មិនបាននិយាយចំៗទៅលើប្រទេសណាមួយដែលមានការ រើសអើងបង្កឡើងដោយវីរុសកូរ៉ូណានោះទេ។ តែលោកថាការរើសអើងមួយចំនួន ត្រូវបានគេរាយការណ៍ ជាពិសេសលើជនជាតិចិន។
វិរុសកូរ៉ូណានេះ កំពុងរីករាលដាល់ជាខ្លាំងនៅប្រទេសចិន ជាពិសេស នៅប្រភពដើមរបស់វានៅក្រុងអ៊ូហាន់ ខេត្តអូប៉ី ប្រទេសចិន។ តាមសេចក្ដីរាយការណ៍របស់ បណ្ដាញផ្សាយព័ត៌មាន CNN ឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនេះ បានកើនឡើងដល់ ៤៩២នាក់ និងបានឆ្លងទៅមនុស្សចំនួន ២៤៥០០ គិតត្រឹមថ្ងៃនេះ។
តាមប្រភពដដែលនេះឲ្យដឹងទៀតថា ការបង្កការឆ្លងដោយវីរុសកូរ៉ូណា ត្រូវបានរាយការណ៍មកថា ធ្លាក់ដល់ខេត្ត ៣១ ទូទាំងប្រទេសចិន ដែលនាំអោយរដ្ឋាភិបាលចិន សម្រេចបិទក្រុងមួយទៀត គឺក្រុងWenzhou នៅខេត្តZhejiang។
ទីក្រុង Wenzhou ស្ថិតនៅក្នុងខេត្ត Zhejiang មានចម្ងាយប្រមាណ ៨០០ គីឡូម៉ែត្រពីទីក្រុងវូហានដែលប្រកាសអាសន្ននៃការឆ្លងវិរុសកូរ៉ូណា។
អាជ្ញាធរខេត្តនេះបាននិយាយថា ការសម្រេចបិទក្រុង Wenzhou ព្រោះតែគេបានពិនិត្យរកឃើញថា កម្រិតនៃការរាតត្បាតមេរោគកូរ៉ូណានៅក្នុងក្រុងនេះ បានឡើងខ្ពស់ប្រហែលនឹងស្ថានភាពនៅក្នុងទីក្រុងអ៊ូហាន។
ដោយឡែក ពីប្រទេសជប៉ុនឯនោះវិញ ក្រសួងសុខាភិបាលនៃប្រទេសនេះ នៅថ្ងៃពុធនេះបានឲ្យដឹងថា អ្នកដំណើរយ៉ាងតិច ១០នាក់ដែលជាអ្នកទេសចរនៅលើកនាវាទេសចរណ៍ Diamond Princess មួយគ្រឿង ដែលជប៉ុនបានឃាឃាំងមិនឡើងគោក ត្រូវបានក្រុមជំនាញធ្វើតេស្ត ដោយបានរកឃើញថា មានផ្ទុកវីរុស កូរូណា។
កាលពីថ្ងៃអង្គារអាជ្ញាធរជប៉ុនបានឃាត់ទុកនាវាទេសចរ ដែលដឹកមនុស្សចំនួន ៣ពាន់ ៧១១នាក់ មកពីទីក្រុងហុងកុង។ រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក Kato Katsunobu និយាយថា អ្នកដំណើរទាំង១០នាក់ ដែលត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសនេះ ត្រូវបានបញ្ជូនទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យមួយនៅក្រុង Yokohama ហើយក្រៅពីនេះ ត្រូវឃាត់ខ្លួនមិនអោយចាកចេញពីនាវានេះទេ។
នាវានេះ ចេញពីក្រុងហុងកុង កាលពីថ្ងៃទី២៥
ខែមករា ឆ្នាំ២០២០ បានមកដល់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទទី៣កុម្ភៈ។
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅប្រទេសជប៉ុនបានកើនដល់ ៣០នាក់ ដែលក្នុងនោះមាន១៧ករណី
សុទ្ធតែជាអ្នកទើបតែត្រឡប់មកពីទីក្រុង អ៊ូហាន នៃប្រទេសចិន។
ចំណែកឯសហរដ្ឋអាមេរិក វិញ គឺក្រោយពីទទួលបានការអនុញ្ញាតិពីរដ្ឋាភិបាលចិនថាយល់ព្រមទទួលយកការអន្តរាគមន៍ជំនួយផ្នែកពេទ្យ គឺនៅថ្ងៃនេះ CNN បានចុះផ្សាយ ថាសាធាតុដើម្បីបន្សាប ការសាយភាយ នៃមេរោគកូរ៉ូណា បានដឹកតាមយន្តហោះ ទៅដល់ប្រទេសចិន រួចហើយ។ ក្រសួងការបរទេសចិន បាននិយាយថា ជំនួយរបស់សហរដ្ឋអាមេរិក គឺតាមរយៈអង្គការសុខភាពពិពភលោក ដែលក្រុងប៉េកាំងត្រូវតែស្វាគមន៍។
មុនទទួលយក ជំនួយអាមេរិក ក្រុងប៉េកាំងបាន ចោទអាមេរិក ថា ជាប្រទេសនាំអាទិ៍ អោយប្រទេសដទៃបិទជើងហោះហើរជាមួយចិន ព្រោះតែក្រុងវ៉ាស៊ីនតោន បានដកមន្ត្រីកុងស៊ុលរបស់ខ្លួននៅខេត្តអ៉ូប៉ី មុនគេ។
សេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេសចិន សង្ឃឹមថា អាមេរិក នឹងគោរពសិទ្ធិអំណាចរបស់ អង្គការសុខភាពពិភពលោកហើយ មិនបង្ករប្រទុសារាយអ្វីឡើយ ដើម្បីជួយតែផ្នែកមនុស្សជាតិប៉ុណ្ណោះ សំដៅទប់ស្កាត់ការរីករាលដាលវិរុសកូរ៉ូណា។
ទោះបី មេរោគនេះ មានអត្រាមរណៈតិចជាងវិរុសជំងឺសា ផ្ទុះនៅចិន ក្នុងឆ្នាំ២០០២-២០០៣ ក៏ដោយសារតែ ស្ថានភាពឆ្លងមានភាពរហ័ស និងរីករាលដាល់ខ្លាំងជា ។
ក្រុមអ្នកជំនាញ នៃអង្គការសុខភាពពិភពលោក និយាយថា ចំនួនអ្នកស្លាប់កើនលើស៦០នាក់ក្នុងមួយថ្ងៃ ហើយភាពរីកចម្រើន នៃការទប់ស្កាត់នៅមិនទាន់ធ្វើអោយស្ថានភាពឆ្លងនៃមេរោគនេះ ថយចុះខ្លាំងក្លានោះនៅឡើយទេ៕