32 C
Phnom Penh

ក្រសួងសុខាភិបាលអះអាងថា បុរសចិនឆ្លងវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលកម្ពុជា បានអះអាងនៅរសៀលថ្ងៃព្រហស្បតិ៍្តនេះ ថា បុរសជាជនជាតិចិនឈ្មោះ ចា ជិនហួរ ដែលឆ្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគ កូរ៉ូណា នៅខេត្តព្រះសីហនុនោះ គឺ ទទួលបានការព្យាបាលជាសះស្បើយវិញហើយ។

លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

ក្រោយមកដល់កម្ពុជាបានពីរថ្ងៃ លោកចាប់ផ្តើមចេញអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ ដោយឡែកសមាជិកគ្រួសារលោក៣នាក់ទៀត ពុំរកឃើញថាមានជំងឺនេះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃនេះ បញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្តចំនួន២លើក លើវត្ថុវិភាគរបស់អ្នកជំងឺជនជាតិចិនម្នាក់ ដែលមានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅខេត្តព្រះសីហនុ បង្ហាញថាលទ្ធផលអវិជ្ជមាន។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយ រីឯការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺរូបនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផលអវិជ្ជមានចំនួន២លើក គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

យ៉ាងណាក្តី ក្រសួងបញ្ជាក់ថា ថ្វីត្បិតតែសុខភាពរបស់ជនជាតិចិនរូបនោះ មានសភាពល្អប្រសើរ និងដើម្បីឲ្យមានភាពច្បាស់លាស់ តាមការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក អ្នកជំងឺមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យឡើយទេ ដោយទុកតាមដានបន្ថែមទៀតរហូតដល់ថ្ងៃអាទិត្យទី ០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរង់ចាំការធ្វើតេស្តជាថ្មីម្តងទៀត។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅពេលវិភាគធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមាន វីរុសកូរ៉ូណាថ្មីនេះ ជាលើកទី៣ នៅថ្ងៃទី១0 ខែកុម្ភៈ ឆ្នាំ២០២០នោះ ក្រសួងនឹងរៀបចំតាមលក្ខណៈបច្ចេកទេស ឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យតែម្តង ហើយសមាជិកគ្រួសារគាត់បីនាក់ទៀត ដែលមានអវិជ្ជមានវីរុសថ្មីនេះ នឹងបានរួចផុតពីការសង្កេតតាមដានសុខភាពចំនួន១៤ថ្ងៃផងដែរ។

ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ផ្ទុះឡើងដំបូងនៅក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន កាលពីចុងឆ្នាំមុន ហើយជំងឺនេះបានរីករាលដាលដល់ប្រទេសជាច្រើននៅលើពិភពលោកទៀតផង។

ប្រភពព័ត៌មានបរទេស បានឱ្យដឹងថា បច្ចុប្បន្នជំងឺដែលបង្កឡើងដោយមេរោគថ្មីនេះ បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់៥៦៣ នាក់ក្នុងនោះមាននៅប្រទេសហ្វីលីពីនម្នាក់ ក្រៅពីនេះមនុស្សដែលស្លាប់គឺនៅប្រទេសចិន ហើយមនុស្សជិត៣ម៉ឺននាក់បានឆ្លងជំងឺនេះ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស