32.9 C
Phnom Penh

លោក កឹម សុខា ហៅការចោទប្រកាន់ និងឃុំខ្លួនលោកកន្លងមក ជាការដើរផ្ទុយនឹងច្បាប់ទាំងស្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថាការចោទប្រកាន់ និងការចាប់ខ្លួនលោកទាំងយប់កាលពីខែកញ្ញា ២០១៧ ហើយឃុំខ្លួនលោកជាង២ឆ្នាំមកនេះ  ក្រោមការចោទប្រកាន់ថាលោកត្រូវរូវដោយសម្ងាត់ជាមួយរដ្ឋបរទេសនោះ គឺជារឿងដើរផ្ទុយទៅនឹងច្បាប់ទាំងស្រុង។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មុនពេលលោកទៅចូលរួមសវនាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ លោក កឹម សុខា បានលើកឡើងថា សវនាការចូលដល់សប្តាហ៍ទី៤នេះ ប៉ុន្តែកិច្ចការសំខាន់ៗ ពិសេសភស្តុតាង ដែលជាអង្គហេតុសំខាន់នោះ គឺតុលាការមិនទាន់លើកមកជជែកគ្នានៅឡើយទេ។

លោកថា តុលាការបានជជែកច្រើនតែទៅលើពាក្យសម្តីក្នុងវីដេអូចែកចាយ និងកាត់តជាកង់ៗ ដោយក្រុមជនអនាមឹក ធ្វើឱ្យបាត់ខ្លឹមសារដើមទាំងស្រុង។

លោកអះអាងថា មកទល់ពេលនេះ តុលាការនៅមិនទាន់រកឃើញថាលោកមានទំនាក់ទំនងជាសម្ងាត់ជាមួយបរទេសណាមួយនៅឡើយទេ ហើយក៏គ្មានបរទេសណាត្រូវបានហៅមកសាកសួរ និងចោទប្រកាន់ថាមានទំនាក់ទំនងជាមួយលោកនោះដែរ។

លោក កឹម សុខា ហៅការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនកន្លងមក ជារឿងខុសច្បាប់ទាំងស្រុង ទោះបីមានការចោទប្រកាន់ថាជាបទល្មើសជាក់ស្តែងយ៉ាងណាក៏ដោយ។ រហូតមកទល់ពេលនេះ លោកថា គ្មានភស្តុតាងជាក់លាក់ណាមួយឬ ភស្តុតាងសម្ងាត់ណាមួយដែលពាក់ព័ន្ធនឹងបរទេស ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ លោកនោះឡើយ  ក្រៅពីភស្តុតាងយកពីប្រភពអនាមឹក។

លោកបញ្ជាក់ថាតាំងពីលោកចូលធ្វើនយោបាយមក លោកតែងមានគំនិតចង់បានការផ្លាស់ប្តូរតាមរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ។

ប្រធានបក្សប្រឆាំងរូបនេះ  មិនចង់បានការផ្លាស់ប្តូរដោយហិង្សាបង្ហូរឈាមខ្មែរទៀតនោះឡើយ ព្រោះលោកមើលឃើញក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាច្រើនជំនាន់ និងច្រើនរបបកន្លងមក ការផ្លាស់ប្តូររបបឬ អ្នកដឹកនាំ តែងប្តូរដោយការបង្ហូរឈាម ឬធ្វើបដិវត្តន៍ ដែលជារឿងគួរឱ្យស្អប់ខ្ពើម និងជារឿងមិនចង់ឱ្យខ្មែរឈឺចាប់បន្តទៀត។  

លោកថា ការចោទថាលោកចង់ធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាល ដោយឃុបឃិតដោយសម្ងាត់ជាមួយបរទេស គឺជារឿងមិនត្រឹមត្រូវទាល់តែសោះ។

ជាមួយគ្នានេះ លោក កឹម សុខា សង្ឃឹមថាលោកនឹងទទួលបានយុត្តិធម៌រួចពីការចោទប្រកាន់នានា ហើយមានលទ្ធភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ក៏មិនចង់ដើរចេញពីសហគមន៍អន្តរជាតិនោះដែរ។

ទោះបីជាយ៉ាងនេះក្តី មេធាវីការពារក្តីរដ្ឋាភិបាលលោក គី តិច ធ្លាប់អះអាងថាពួកគេមានភស្តុតាងដាក់បន្ទុកលោកកឹម សុខា ជាច្រើនទៀត ពិសេសថ្មីៗនេះ ភស្តុតាងដែលយកពីការបង្ហោះនៅទំព័រហ្វេស   ប៊ុករបស់លោក សម រង្ស៊ី ដែលបង្ហាញពីទំនាក់ទំនងជាសម្ងាត់ជាមួយបរទេស។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានលើកឡើងថាការចោទប្រកាន់ ចាប់ និងឃុំខ្លួនលោក កឹម សុខា កន្លងមកគឺធ្វើឡើងដោយអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់។ អាមេរិកធ្លាប់ណែនាំអ្នកដឹកនាំនយោបាយខ្មែរ ឱ្យគិតរឿងប្រយោជន៍ជាតិ ធំជាងប្រយោជន៍បុគ្គលឬ ប្រយោជន៍គណបក្សរបស់ខ្លួន។

សវនាការលោក កឹម សុខា បានធ្វើឡើងដល់ថ្ងៃទី៨ នៃសប្តាហ៍ទី៤               ខណៈសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី ១២ ខែកុម្ភៈ គណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបនឹងសម្រេចជាផ្លូវការថា ត្រូវដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយបើមានការដកមែន                កម្ពុជានឹងខាតបង់ប្រាក់ជិត៧រយលានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។ 

សហភាពអឺរ៉ុបធ្លាប់ព្រមានរដ្ឋាភិបាលលោកហ៊ុន សែន ម្តងហើយម្តងទៀត ឱ្យវិលត្រឡប់ទៅរកគន្លងប្រជាធិបតេយ្យ ស្តារស្ថានភាពនយោបាយ គោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ។ អ្វីដែលសហភាពអឺរ៉ុបតែងទទូចនោះ គឺ ស្នើឱ្យទម្លាក់បទចោទប្រកាន់ទាំងឡាយ និងដោះលែងលោក កឹម សុខា ព្រមទាំងអ្នកជាប់ឃុំនយោបាយផ្សេងទៀត។

ដាក់គណបក្សសង្រ្គោះជាតិឱ្យដំណើរការឡើងវិញ និងដកបម្រាមនយោបាយដល់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាង១រយនាក់ និងផ្តល់តំណែងដល់មន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិ ដែលជាប់ឆ្នោតដោយស្របច្បាប់ជាង៥ពាន់អាសនៈ បើកលំហសេរីភាពអង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នសារព័ត៌មានឯករាជ្យ ជាដើម។

លោក កឹម សុខា ត្រូវសមត្ថកិច្ច ចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទ«សន្ទិដ្ឋិភាពជាមួយបរទេសឬ ត្រូវរូវជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល តាមការចង់បានរបស់លោក ហ៊ុន សែន។

លោក ត្រូវជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះមានរយៈពេលជាង២ឆ្នាំ មុនពេលតុលាការសម្រេចបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួនកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំមុន ឱ្យមានសេរីភាពច្រើនជាងមុន ប៉ុន្តែលោកកឹម សុខា ត្រូវហាមធ្វើសកម្មភាពនយោបាយ និងមិនឱ្យចេញទៅក្រៅប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស