35 C
Phnom Penh

សម្ព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ រកឃើញថាករណីសម្លាប់អ្នកកាសែតនៅឆ្នាំ ២០១៩ មានការថយចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ហៅកាត់ IFJ បានរកឃើញថា នៅក្នុងឆ្នាំ២០១៩ អ្នកសារព័ត៌មានចំនួន៤៩នាក់ នៅជុំវិញពិភពលោក ក្នុងនោះមានស្រ្តី៣នាក់ ត្រូវបានគេសម្លាប់អំឡុងពេលពួកគេចុះបំពេញភារកិច្ចរបស់ខ្លួន។

របាយការណ៍ប្រចាំឆ្នាំរបស់អង្គការមួយនេះ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ៍ បញ្ជាក់ថា ចំនួនស្លាប់នេះ ថយចុះជិតពាក់កណ្តាលបើធៀបទៅនឹងចំនួនអ្នកសារព័ត៌មានដែលត្រូវសម្លាប់ អំឡុងពេលចុះបំពេញបេសកកម្មកាលពីឆ្នាំឆ្នាំ២០១៨ ដែលមានចំនួន៨៤នាក់។

ប្រភពដដែល ឱ្យដឹងទៀតថា ករណីអ្នកសារព័ត៌មានត្រូវបានឃាតករសម្លាប់ក្នុងពេលចុះបំពេញបេសកកម្មរបស់ខ្លួននោះ ច្រើនជាងគេគឺ នៅអាមេរិកឡាទីន ដែលមានចំនួន ១៨នាក់។ ក្រៅពីនេះ មាននៅតំបន់ប៉ាស៊ីហ្វិក មានចំនួន ១២នាក់ នៅអាហ្វ្រិក មានចំនួន ៩នាក់ នៅអាស៊ីបូព៌ា និងសហព័ន្ធអារ៉ាប់រួម មានចំនួន ៨នាក់ និងនៅតំបន់អឺរ៉ុប មានចំនួន២នាក់។

ដោយឡែកនៅក្នុងប្រទេសកម្ពុជា ករណីឃាតកម្មលើអ្នកកាសែតក្នុងពេលចុះបំពេញការងារ ឬគ្រោះថ្នាក់ដោយបុព្វហេតុការងាររបស់ខ្លួននោះ ហាក់មានភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្តែករណីធ្វើទុក្ខបុកម្នេញទៅលើស្ថាប័នសារព័ត៌មានឯករាជ្យ កើនឡើងចាប់តាំងពីចុងឆ្នាំ២០១៧មក។ ជាក់ស្តែងស្ថាប័នសារព័ត៌មានជាភាសាបរទេស ឈ្មោះ The Cambodia Daily  ត្រូវបានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅដើមខែកញ្ញា ឆ្នាំ ២០១៧ ក្រោមសម្ពាធ             ពន្ធដាពីរដ្ឋាភិបាល ។ ក្រោយគ្នាប៉ុន្មានថ្ងៃ វិទ្យុអាស៊ីសេរី ត្រូវបានប្រកាសបិទការិយាល័យនៅភ្នំពេញ ដោយមិនអាចទ្រាំនឹងការធ្វើទុក្ខបុកម្នេញផ្នែកពន្ធដារ និងរដ្ឋបាល ពីសំណាក់រដ្ឋាភិបាលបាន។

លើសពីនេះ ស្ថានីយ៍ផ្សាយបន្តវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA  វិទ្យុអាស៊ីសេរី RFA និង វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ជាង៣០ស្ថានីយ៍ ត្រូវបានក្រសួងព័ត៌មានបិទចោល និងលែងផ្តល់អាជ្ញាធរឱ្យបន្តទៀត ក្រោមហេតុស្រដៀងគ្នានេះ។

ជាងនេះទៀត ការចាប់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ពីររូប គឺ លោក អួន ឈិន និងលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយដាក់ពន្ធនាគារពួកគេរយៈពេលជិត១ឆ្នាំ ក្រោមបទចោទផលិតព័ត៌មានឱ្យរដ្ឋបរទេសឬ ចារកម្ម នោះ ខាងសង្គមស៊ីវិលជាតិនិងអន្តរជាតិ ហៅថាជាការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតឯករាជ្យ និងបង្ហាញថាសេរីភាពសារព័ត៌មានកាន់តែរួមតូចចង្អៀត។

សំណុំរឿងអ្នកទាំងពីរ ក៏នៅបន្តអូសបន្លាយគ្មានពេលកំណត់ថានឹងបញ្ចប់ ដែលធ្វើឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ហៅចំណាត់ការលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ជាការសងសឹករបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះស្ថាប័នព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស