37 C
Phnom Penh

ជំទាវជនផ្ដាច់ការម៉ាឡេស៊ីឡើងតុលាការពីបទពុករលួយ ខណៈជនផ្ដាច់ការណាជីប មានកំហុស ដល់២១ករណី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រឿងរអាស្រូវរបស់ អតីតនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាច នៃប្រទេសម៉ាឡេស៊ី បានធ្លាក់ មកដល់ ភរិយារបស់ខ្លួនហើយនៅពេលនេះ។  ការជំនុំជម្រះក្ដី នៃសំណុំរឿងពុករលួយ របស់អតីតជំទាវទី១ Rosmah Mansor បានចាប់ផ្ដើមហើយកាលពីថ្ងៃពុធ ទី៥កុម្ភៈ ដែលនាំអោយ រឿងអាសោចកេរ្តិ៍ពុករលួយរាប់លានដុល្លារ បានក្លាយជា របៀបវារៈ តែមួយគត់ ដ៏លិចធ្លោជាងគេ នៃប្រទេសម៉ាឡេស៊ី បន្ទាប់ពី ការភ័យខ្លាច នៃការរីករាលដាល់ នៃវិរុស កូរូណា ដែលសម្លាប់ប្រជាជនចិន នៅក្រុងវូហាន ខេត្តអ៊ូប៉ីកើន ៥៦៣នាក់ និងការឆ្លងកើនដល់ទៅ ២ម៉ឺន៨ពាន់ករណី។

តែសម្រាប់ ប្រជាជនម៉ាឡេស៊ី បើទោះជាភ័យខ្លាចនឹងមេរោគដ៏កំណាចនេះក៏ដោយ តែមិនបានភ្លេចទេ ការជំនុំជម្រះក្ដី លើគ្រួសាររបស់អ្នកមានអំណាចដ៏កំពូលមួយ ដែលត្រូវបានចោទ ថាបានលួចទ្រព្យសម្បត្តិជាតិ រាប់រយលានដុល្លារ មកធ្វើជាទ្រព្យសម្បតិ្តផ្ទាល់ខ្លួន ដែលនេះ គឺជាទោស ក្បត់ជាតិ មួយដ៏ធំ។

ក្នុងសវនាការ ដែល សារព័ត៌មាន ម៉ាឡេស៊ី The Strait Times បានចុះផ្សាយថា សាក្សីម្នាក់ដែលជាអតីតអ្នកបើកឡាន អោយគ្រួសារអតីតនាយករដ្ឋមន្ត្រីណាជីបរ៉ាហ្សាក់ បានប្រាប់តុលាការថា លោកស្រីRosmah Mansor បាន អោយគាត់ ស្ពាយកាបូបធំ២ យកទៅផ្ទះរបស់ លោកណាជីព ដែលលោកអះអាងថា កាបូបទាំងពីរនោះ គឺសុទ្ធតែលុយ ។

ចំលើយរបស់សាក្សីបាននាំអោយតុលាការកត់ត្រា ជាបន្ទាន់ ។ នេះ គឺជាភស្តុតាងដាក់បន្ទុក លើអតីតជំទាវដ៏មានអំណាចម្នាក់ កាលប្ដីជានាយករដ្ឋមន្ត្រី ។ មិនបង្អង់ឡើយ  ការជំនុំជម្រះក្ដី លើសំណុំរឿង កឹបកេងទ្រព្យសម្បតិ្តជាតិ នៃរាជាណាចក្រមួយនៅក្នុងសមាគមអាស៊ាន ដែលជាតំបន់ សំបូរជនផ្ដាច់ការ និងគ្រួសារពុករលួយ កាន់តែស៊ីជម្រៅ ។

ក្នុងសវនាការនោះ ព្រះរាជអាជ្ញា Gopal Sri Ram ដែលដឹកនាំសវនាការ បានឲ្យដឹងថា លោកស្រី Rosmah ជាមនុស្សធ្លាប់មានឥទ្ធិពលគួរអោយខ្លាចក្នុងអំឡុង ស្វាមីលោកស្រី កាន់តំណែងជានាយករដ្ឋមន្ត្រី  ទោះបីជាលោកស្រីមិនបានកាន់តំណែងផ្លូវការណាមួយ នៅក្នុងជួររដ្ឋាភិបាលរបស់លោក ណាជីប រ៉ាហ្សាក់ ក៏ដោយ។

លោកណាជីប រងបទចោទ ដល់២១ករណី។ ចំណែកលោកស្រី Rosmah រងបទចោទ ចំនួន ១៧ករណី ដែលពាក់ព័ន្ធទៅនឹង អំពើពុករលួយដូចជា ការលាងលុយកខ្វក់ការរកបានទ្រព្យសម្បត្តិរយលានដុល្លារយ៉ាងឆាប់រហ័ស និងបទល្មើសគេចពន្ធជាដើម។

សវនាការកាលពីថ្ងៃពុធ បានជជែកដេញដោលទៅលើការចោទប្រកាន់លោកស្រី Rosmah ថាបានទទួលលុយ ពីក្រុមហ៊ុនមួយដែលកាន់កាប់គំរោងបំពាក់ប្រព័ន្ធសូឡាទៅដល់សាលារៀនចំនួនជាង ៣០០កន្លែងនៅក្នុងរដ្ឋសារ៉ាវ៉ាក ដែលជាថ្នូរនឹងការប្រគល់គំរោងឲ្យក្រុមហ៊ុនមួយនោះ ដោយមិនចាំបាច់ឆ្លងកាត់ការដេញថ្លៃ។

រដ្ឋអាជ្ញា បានព្យាយាមបង្ហាញថាលោកស្រី Rosmah បានទារសំណូក ៦លាន៥ សែនរីងហ្គីត បើគិតជាដុល្លារគឺ២លាន១៧ ម៉ឺនដុល្លារ                 អាមេរិក ជាប្រាក់សំណូកទាក់ទងនឹង គម្រោងកូនកាត់ថាមពលពន្លឺព្រះអាទិត្យនៅសារ៉ាវ៉ាកពីលោកសាឌីអាបាងសាំស៊ូឌិន នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន Jepak Holdings Sdn Bhd ។

តាមច្បាប់ប្រឆាំងអំពើពុករលួយ ភរិយាជនផ្ដាច់ការ លោកស្រី Rosmah ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ។

លោកណាជីប គឺជាស្វាមីរបស់លោកស្រី Rosmah ដែលត្រូវបានគេហៅថាជជនផ្ដាច់ការដំបូងគេ នៃរាជាណាចក្រម៉ាឡេស៊ី ។ បុរសធ្លាក់ពីអំណាច ដោយការចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតសភា កាលពី ឆ្នាំ២០១៨ គឺបុរសខ្លាំងរូបនេះ កំពុងតែរុំព័ទ្ធដោយរឿងអាស្រូវពុករលួយបំពានអំណាចរដ្ឋរហូតដល់់ទៅ២១ករណី។

លោកត្រវបានចោទពីបទលួចលុយជាតិប្រមាណជាង៧០០លានដុល្លារយកមកដាក់ជាទ្រព្យសម្បត្តិគ្រួសារខ្លួន ដោយការលួចបង្វិលប្រាក់ពីធនាគាររបស់រដ្ឋ1MDB មកដាក់ក្នុងគណនីរបស់ គ្រួសាររបស់លោក។ លោក ណាជីប រ៉ាហ្សាក់បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី មកពីអតីតបក្សកាន់អំណាច UMNO ដែលធ្លាប់កាន់ចង្កូតប្រទេស ជាង៦០ឆ្នាំ។

សម្រាប់ លោកណាជីបបានកាន់អំណាចរយៈពេល១០ឆ្នាំចុងក្រោយនេះទេ គឺលោកបានបង្កើតធនាគារមួយជារបស់រដ្ឋ ដើម្បីយកមូលនិធិ ទៅអភិវឌ្ឍន៍ប្រទេស ។ប៉ុន្តែមួយភាគបួននៃមូលនិធិនោះ គឺ៧៥០លានទៅជាង១ពាន់លានអាមេរិក បែរជាធ្លាក់ចូលក្នុងគណនីបុគ្គលរបស់លោក ណាជីប និងភរិយារបស់លោកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនបទៅវិញ។ លោកណាជីបបានធ្វើឱ្យសំណុំរឿងទាំងនេះត្រូវបានសហគមន៍អន្ដរជាតិតាមដានជាខ្លាំង។

អ្នកវិភាគ ថា “សំណុំរឿងអាស្រូវនៃប្រព័ន្ធនយោបាយដ៏ធំបំផុតមួយនៅលើលោក”គឺ សំណុំរឿង ពុករលួយ របស់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីបរ៉ាហ្សាក់។ សំណុំរឿងនេះនាំឱ្យលោកណជីប អាចមានទោសរហូតដល់ទៅ៣៥ឆ្នាំ។នេះបើយោងតាមច្បាប់នៃប្រទេសម៉ាឡេស៊ី។

យ៉ាងណាក៏ដោយ ឥស្សរជន ទីមួយ ដែលនាំអោយ លោកណាជីបជួបវាសនា អាក្រក់ដូចនេះ គឺបុរស វ័យជិត១០០ឆ្នាំ ដែលកំពុងដឹកនាំ រដ្ឋាភិបាល ជាលើកទី២ របស់ខ្លួន បន្ទាប់ពីលោកបានទម្លាក់ លោកណាជីបពីតំណែង។

លោកមហាធា មាហាម៉ាតនឹងត្រូវបានកត់ត្រាថា ជាអ្នកនយោបាយ ម្នាក់បានកាច់បំបាក់ បានជនផ្ដាច់ការម្នាក់ នៃប្រទេសម៉ាឡេស៊ី ដែលព្យាយាមតោងអំណាចជាមួយនឹងការរស់នៅដោយទ្រព្យសម្បតិ្តមហាសាល ពីការលួចជាតិ។

លោកមហាធា នឹង ផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅអោយ អតីតអ្នកទោស នយោបាយគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីម នៅចុងឆ្នាំ២០២០នេះ។ លោកអាន់វ៉ា នេះ ហើយ ដែលលោកណាជីបប្ដឹងលោក ជាថ្មីទៀត ករណីសេពសន្ធវៈជាមួយបុរសដូចគ្នា ដែលច្បាប់សារិយះម៉ាឡេស៊ី ហាមដាច់ខាត។

តែសម្រាប់ លោកអាន់វ៉ាអ៊ី បានថ្កោលទោសលោកណាជីបរ៉ាហ្សាក់ ដោយបានទាមទារឱ្យតុលាការផ្ដន្ទាទោសអតីតនាយករដ្ឋមន្រ្ដីរូបនេះយ៉ាងធ្ងន់ធ្ងរ។លោកអាន់វ៉ាអ៊ីប្រាហីមនឹងក្លាយជានាយករដ្ឋមន្រ្ដីក្នុងអន្ដរកាលដែលគូប្រកួតរបស់លោកគឺលោកណាជិបរ៉ាហ្សាក់នឹងក្លាយជាអ្នកទោសវិញម្ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស