29.3 C
Phnom Penh

មេដឹកនាំចិន ប្រាប់មេដឹកនាំខ្មែរថា មិនត្រូវអោនក្បាលដល់ EU ជាថ្នូរនឹង EBA ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង( Xi Jinping) បានស្នើដល់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមិនឱ្យឱនក្បាលទៅសហភាពអឺរ៉ុបជាថ្នូរនឹងការអនុគ្រោះពន្ធ EBA នោះឡើយ។

កាសែតខ្មែរថាមយ៍ ដកស្រង់សម្តី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ចុះផ្សាយកាលពីម្សិលម៉ិញនេះថា ជំនួបរវាងលោក ហ៊ុន សែន និង ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្រុងប៉េកាំងកាលពីថ្ងៃទី ៥ ខែកុម្ភៈ  លោកស៊ី បានណែនាំទៅលោកហ៊ុន សែន ថាកម្ពុជាមិនត្រូវអោបរឹតឬ អោនលំទោន ចំពោះសហភាពអឺរ៉ុប ដែលតែងទាមទារឱ្យកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។

ប្រភពដដែលលើកឡើងថា មេដឹកនាំចិនដឹងថា កម្ពុជាកំពុងទទួលរងសម្ពាធពីសហភាពអឺរ៉ុបលើបញ្ហាអនុគ្រោះពន្ធ EBA ប៉ុន្តែលោក ស៊ី ថា ក្នុងកាលៈទេសៈណាក៏ដោយ ក៏កម្ពុជាមិនគួរឱនក្បាលចំពោះសហភាពអឺរ៉ុបនោះដែរ។ 

ជាការឆ្លើយតបពីកម្ពុជា លោកហ៊ុន សែន បានស្នើសុំទៅមេដឹកនាំរូបនេះ ឱ្យគាំទ្រវិនិយោគិនកាត់ដេរចិននៅកម្ពុជាប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានព្យួរនៅពេលខាងមុខ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ទទួលស្គាល់ថាកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២០ អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួលនៃសភាពការណ៍នានាលើពិភពលោក។

ជាមួយគ្នានេះ លោកបានស្នើរដ្ឋាភិបាលចិន បន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជា ជាពិសេសរោងចក្ររបស់ចិននៅកម្ពុជា ឱ្យបន្តដំណើរការដដែល និងពង្រីកបន្ថែមទៀត ដោយកម្ពុជាសន្យាថានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនោះទៀត ផង។

ជាងនេះទៀតលោកថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត ហើយលោក ក៏បានស្នើឱ្យ បង្កើនល្បឿនចរចាទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីពេលកន្លងទៅផងដែរ។

នៅសល់ពេលតែ៥ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១២កុម្ភៈ សហភាពអឺរ៉ុបនឹងសម្រេចជាផ្លូវការលើនីតិវិធីថាព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

ការឈានមកដល់ដំណាក់កាលសម្រេចនេះ ក្រោយពេលអឺរ៉ុបបានស៊ើបអង្កេតដោយរកឃើញពីការបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារធ្ងន់ធ្ងរ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។

ពិសេសក្រោយពេលចាប់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដាក់គុកក្រោមការចោទប្រកាន់ថាត្រូវរូវជាសម្ងាត់ជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាល។ ការចាប់ខ្លួនលោក កឹម សុខា ដាក់គុកមិនបានពីរខែផង តុលាការរបស់លោកហ៊ុន សែន ក៏រំលាយចោលគណបក្សប្រឆាំងមួយនេះ ដកហូតតំណែងមន្ត្រីបក្សប្រឆាំងទាំងអស់ដែលមិនព្រមចុះចូលរដ្ឋាភិបាលយកទៅចែកគ្នា ទាំងតុលាការមិនទាន់រកឃើញទោសកំហុសរបស់លោក កឹម សុខា នៅឡើយផងនោះ។ 

ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប បានផ្តល់ផលចំណេញដល់កម្ពុជាក្នុងការនាំទំនិញគ្រប់យ៉ាង លើកលែងតែអាវុធ ចេញទៅទីផ្សារអឺរ៉ុបដោយការមិនយកពន្ធ ក្នុង១ឆ្នាំមានតម្លៃជិត៧ រយលានដុល្លារសហរដ្ឋអាមេរិក។

ការស្នើរបស់មេដឹកនាំកម្ពុជា មិនឱ្យអោនក្បាលចំពោះសហភាពអឺរ៉ុប ពីសំណាក់មេដឹកនាំចិននេះ ត្រូវបានអ្នកឃ្លាំមើលយល់ថាប្រៀបដូចជារុញស៊ីក្លូចូលឡាន ហើយនឹងធ្វើឱ្យចិន ជាទីបង្អែកដ៏ធំសម្រាប់កម្ពុជារហូត និងមិនអាចខ្វះបាន។

ស្របពេលសហភាពអឺរ៉ុបកំពុងឈរលើសេចក្តីសម្រេចចុងក្រោយថាព្យួរឬ មិនព្យួរ EBA ពីកម្ពុជានោះ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនក៏បានស្នើឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិនិត្យឡើងវិញលើលក្ខខណ្ឌរបស់ខ្លួនជាមួយកម្ពុជា ដើម្បីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬហៅថា GSP ពីកម្ពុជាផងដែរ។

ការជំរុញពីសមាជិកសភាអាមេរិកទាំងនោះ ក្រោយពេលពួកគេបានមើលឃើញអំពីការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចគ្នាទៅនឹងការមើលឃើញរបស់សហភាពអឺរ៉ុបដែរ។

ក្រុមអ្នកឃ្លាំមើលសម្តែងក្តីបារម្ភថា កម្ពុជានឹងជួបវិបត្តិអត់ការងារធ្វើ ប៉ះពាល់កម្មករ និងពលរដ្ឋរាប់លាននាក់ ហើយនឹងឈានទៅរកវិបត្តិសង្គមធ្ងន់ធ្ងរ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះត្រូវបានបាត់បង់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស