38 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់មិត្តចិនថា ការបិទល្បែងអនឡាញដើម្បីធានាសន្តិសុខជាតិរបស់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ទៅមេដឹកនាំចិន ដែលជា មហាមិត្តរបស់លោកថា ការដែលកម្ពុជាបិទល្បែងអនឡាញទាំងអស់ គឺដោយសារមូលហេតុដើម្បីធានាសន្តិសុខរបស់ជាតិ។

ការអះអាងនេះ ធ្វើឡើងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន កាលពីថ្ងៃទី ៥ ខែកុម្ភៈ ក្នុងដំណើរទស្សនៈកិច្ចរបស់លោក ទៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនោះ ភាគីទាំងពីរក្រៅពីបានជជែកសួរសុខទុក្ខគ្នា អំពីប្រជាជននៃប្រទេសទាំងពីរ ខណៈចិនកំពុងប្រឈមនឹងបញ្ហាការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស កូរ៉ូណា ហើយ ភាគីទាំងពីរក៏បានជជែកអំពីបញ្ហានយោបាយ ពាណិជ្ជកម្ម និងវិនិយោគផងដែរ។

មិនបង្អង់យូរ លោក ហ៊ុន សែន បានស្នើឱ្យរដ្ឋាភិបាលចិនជួយជំរុញ វិនិយោគ និងរោងចក្រដែលកំពុងប្រតិបត្តិការ ៧០ភាគរយ នៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែល និងស្នើឲ្យចិនបន្តជំរុញការគៀងគរវិនិយោគរបស់ចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។

ជាងនេះទៀត កម្ពុជាក៏ស្នើឲ្យមានការពង្រីកទិន្នផលកសិផលរបស់      កម្ពុជាទៅកាន់ទីផ្សារចិនផងដែរ។ លោក ហ៊ុន សែន ក៏បានប្រាប់នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង និងប្រធានាធិបតិចិន លោក ស៊ី ជីងពីង ថា ការបិទល្បែងអនឡាញនៅកម្ពុជាគឺដើម្បីធ្វើយ៉ាងណា ធានាសន្តិសុខជាតិរបស់កម្ពុជា នឹងចូលរួមប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងល្បែងអនឡាញផងដែរ។

ជាការឆ្លើយតបពីមេដឹកនាំចិន គាំទ្រចំពោះចំណាត់ការនេះ។

ប្រធានាធិបតីចិន លោក ស៊ី ក៏បានអះអាងប្រាប់លោក ហ៊ុន សែន ថា  ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។ រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិនជាដើម។

យ៉ាងនេះក្តី ជាថ្នូរត្រឡប់ទៅវិញនោះ លោក ស៊ី បានប្រាប់ឱ្យមេដឹកនាំកម្ពុជាថាត្រូវតែធានាអំពីបរិយាកាសវិនិយោគនៅកម្ពុជាឱ្យបានកាន់តែល្អប្រសើរ និងត្រូវពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។

នៅថ្ងៃសុក្រនេះផងដែរ លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់យ៉ាងច្បាស់តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា កម្ពុជា នៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្នឡើយ។

អ្នកវិភាគធ្លាប់លើកឡើងថា ទំនាក់ទំនងការទូតដែលផ្អៀងខ្លាំងទៅរកចិនកុម្មុយនិស្តអាចធ្វើឱ្យកម្ពុជាត្រូវប្រឈមមុខជាមួយប្រទេសលោកសេរី ពិសេសសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ បន្ថែមពីនេះ សម្ពាធសេដ្ឋកិច្ច និងការទូត នឹងកើតមានឡើងលើកម្ពុជា ហើយកម្ពុជាអាចនឹងជួបហានិភ័យខ្ពស់ដូចសម័យអតីតកាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស