26 C
Phnom Penh

អតីតមេដឹកនាំម៉ាឡេស៊ីទាំងឳ ទាំងកូន ទាំងប្រពន្ធកំពុងទទួលរងបាបកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលមានអំណាច គឺសិទ្ធិជានាយករដ្ឋមន្ត្រីចង់សម្រេចអ្វីក៏បាន ហើយប្រពន្ធកូន មិនអាចជនណាប៉ះពាល់បានឡើយ។ នេះជាកំហុសមួយ របស់អតីតនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ណាជីបរ៉ាហ្សាក់ ដែលបាន ប្រព្រឹត្តិនៅពេលខ្លួនមានអំណាច ។ ឥឡូវបុរសរូបនេះ និងគ្រួសារប្រពន្ធកូន កំពុងតែក្លាយជា ជនក្បត់ជាតិ ករណីកឹបកេងទ្រព្យសម្បត្តិរដ្ឋ រាប់រយលានដុល្លារមកធ្វើជាសម្បត្តិមហាសាលរបស់ខ្លួន។

បុរសរូបនេះ បានបង្កើតធនាគារមូលនិធីមួយដ៏ធំរបស់រដ្ឋ ដែលជាឃ្លាំងស្តុកលុយ រាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ប្រទេស។ តែប្រាក់ទាំងនោះ ប្រៀបបាននឹងលុយរបស់គ្រួសារលោកណាជីប ដែលចង់ដកពេលណាគឺបានពេលនោះ ដែលគ្រាន់តែប្រាប់ថា លោកនាយករដ្ឋមន្ត្រីណាជីបបាន បញ្ជាដូចនេះ។

មិនតែប៉ុណ្ណោះសូម្បី ប្រពន្ធរបស់លោក គឺអតីតជំទាវ Rosmah Mansor ក៏មានសិទ្ធិមិនចាញ់ប្ដីរបស់ស្រីប៉ុន្មាននោះដែរ។

ទោះបីមិនមានតំណែងរដ្ឋជាផ្លូវការក៏ដោយតែសម្រាប់ស្ត្រីជនជាប់ចោទរូបនេះមានឥទ្ធិពលហួសប្រមាណកាលខ្លួន ជាជំទាវទីមួយ។ នេះជាសំដីរដ្ឋអាជ្ញាក្នុងអង្គជំនុំជម្រះ លោក Gopal Sri Ram ដែលដឹកនាំក្រុមអយ្យការក្នុងសវនាការ ជំនុំជម្រះក្ដី សំណុំរឿងលោកស្រី Rosmah ពីបទពុករលួយ។

លោកថា លោកស្រី Rosmah ជាមនុស្សធ្លាប់មានឥទ្ធិពលគួរអោយខ្លាចក្នុងអំឡុង ស្វាមីរបស់លោកស្រី កាន់តំណែងជានាយករដ្ឋមន្ត្រី  ទោះបីជាលោកស្រីមិនបានកាន់តំណែងផ្លូវការណាមួយ នៅក្នុងជួររដ្ឋាភិបាលរបស់លោក ណាជីប រ៉ាហ្សាក់ ក៏ដោយ។

រឿងអាស្រូវរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប និងគ្រួសារ កំពុងតល្បី

នៅទូទាំង ពិភពលោក។ អ្នកដែលធ្វើអោយរឿងអាស្រូវនេះផ្ទុះឡើងគឺចេញពីការផ្សព្វផ្សាយអត្ថបទ ស៊ើបអង្កេត របស់កាសែតអាមេរិក The Wall Street Journal កាលពីឆ្នាំ២០១៦។

កាសែតដ៏ល្បីល្បាញនេះបានចុះផ្សាយរឿងអាស្រូវរបស់លោកណាជីបករណីលួចផ្ទេរថវិកាជាតិ ពីធនាគារ វិនិយោគរបស់រដ្ឋ1MDB នូវទឹកប្រាក់ជិត៧រយលានដុល្លារមកដាក់ក្នុងគណនីរបស់ខ្លួន។

ក្នុងសវនការ កាលពីថ្ងៃពុធទី៥ ខែកុម្ភៈ រដ្ឋអាជ្ញាបានចោទ គ្រួសារអតីតបុរសខ្លាំងរូបនេះ ដល់ទៅ ៣៨ ករណី គឺ២១ករណី ប្រឆាំងលោកណាជីប និង១៧ករណី ប្រឆាំងនឹងប្រពន្ធរបស់ លោក គឺលោកស្រី Rosmah Mansor។  ទោសធ្ងន់ធ្ងរ គឺអំពើពុករលួយ និងបំពានអំណាច រដ្ឋ ។ នេះជាបទចោទប្រឆាំងលោកណាជីប។ ចំណែកប្រពន្ធវិញ គឺបទពុករលួយ និងលាងលុយកង្វក់។ តាមច្បាប់ប្រឆាំងអំពុករលួយ គឺប្ដី នឹងមានទោស ៣៥ឆ្នាំ។ ចំណែកប្រពន្ធនឹងមានទោស ២០ ទៅ២៥ឆ្នាំ។ 

សារព័ត៌មាន ម៉ាឡេស៊ី The Strait Times បានចុះផ្សាយថា មិនត្រឹមតែប្ដីប្រពន្ធ២នាក់នេះ រងបទចោទប្រកាន់ពីតុលាការនោះទេ សូម្បីតែកូន របស់ពួកគាត់ក៏រងបទចោទផងដែរ ហើយក្រុមគ្រួសារមួយនេះ ក៏មិនអាច ចាកចេញពីប្រទេសបានឡើយ។

គេនៅចាំបានថា នៅពេលខ្លួនកំពុងមានអំណាច ក្នុងដៃលោក ណាជីព បានប្រតិកម្មសងសឹកខ្លាំងណាស់ទៅលើជនណា ដែលដើរបរិហារកេរ្តិ៍គ្រួសាររបស់លោកគឺ ត្រូវតែបង្កា្រប ហើយបើជារដ្ឋមន្ត្រីឬ រដ្ឋអាជ្ញាត្រូវតែប្រឈមនឹងការដកហូតតំណែង។

ការសងសឹកនេះបាននាំអោយអាជ្ញាធរវាយបង្ក្រាបបាតុករ ដែលបានងើបឡើង ប្រឆាំងនឹងលោក ដោយបង្កឱ្យមានអ្នករងរបួស និងចាប់ខ្លួនជាច្រើនរយនាក់។ ក្រុមបាតុកម្មដែលដាក់ឈ្មោះខ្លួនឯងថា Cleaners ឬអ្នកស្អាតស្អំបានហៅលោក ណាជីបជា មេដឹកនាំ ក្បត់ជាតិ ហើយបានទាមទារអោយសភា កោះហៅលោកទៅចោទសួរ ដើម្បីទំលាក់លោកតែម្ដង ប៉ុន្តែមិនបានសម្រេចដូចបំណងឡើយ។ មិនត្រឹមតែមិនទៅឆ្លើយនៅចំពោះមុខសភានោះទេគឺលោកណាជីបបានវាយប្រហារទៅលើសភាទៀតផង។

ទីបំផុតលោកណាជីបបានដកហូតចៅក្រម រដ្ឋអាជ្ញា និងរដ្ឋមន្ត្រីរបស់លោកជាច្រើនរូបដែលបានបង្ខំអោយលោកទៅឆ្លើយនៅសភា គឺសូម្បីតែលោកមហាធាដែលធ្លាប់ជាចៅហ្វាយរបស់លោកក៏លោកណាជីបបានគំរាមប្ដឹងទៅតុលាការដែរពីបទបរិហារកេរ្តិ័លោកដែរ។

នៅក្នុងការបោះឆ្នោតសភា កាលពីខែឧសភាឆ្នាំ២០១៨ ជ័យជម្នះបានទៅលើគណបក្សប្រឆាំងរួបរួមដឹកនាំដោយ លោកបណ្ឌិតមហាធាមាហាម៉ាត ដែលជាដើមបណ្ដឹងប្ដឹងលោកណាជីបករណីពុរលួយ។

គណបក្ស UMNO ដែលលើកលោកណាជីបជានាយករដ្ឋមន្ត្រី បានស្គាល់រស់ជាតិចាញ់ឆ្នោតនេះទើបតែជាលើកដំបូង ចាប់តាំងពីបក្សនេះកាន់អំណាចជាង៦០ឆ្នាំ។ បរាជ័យរបស់គណបក្ស UMNO បាននាំអោយបក្សនេះ បែកបាក់ហើយសំណុំរឿងរបស់លោកណាជីបត្រូវបានលាតត្រដាង។ 

យ៉ាងណាក៏ដោយលោកណាជីបបានព្យាយាម ប្រើអំណាចរបស់លោកក្នុងឋានៈជាមេដឹកនាំបក្សប្រឆាំង។ ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ ដោយសារតែ ពួកចៅក្រមនិងរដ្ឋអាជ្ញាជំនាន់ក្រោយ ជាមនុស្សស្អាតស្អំ និងមិនរងឥទ្ធិពលនយោបាយឡើយ។

ក្រោយពីចាញ់ឆ្នោត ហើយធ្លាក់អំណាចពីនាយករដ្ឋមន្ត្រី គឺលោកណាជីបនិងគ្រួសារលោករួមទាំងអតីតមន្ត្រីជិតស្និទ្ធនឹងលោកក្នុងនោះមានទាំងមន្ត្រីមួយចំនួននៃ ធនាគារ1MDB ក៏ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយចោទប្រកាន់ករណីពុករលួយ។

ជាចុងក្រោយ រដ្ឋអាជ្ញាបានចោទលោកណាជីបមុនគេ ដោយចោទដំបូង ចំនួន៧បទចោទ ក្នុងនោះ មានករណីពុករលួយ ការលាងលុយកង្វក់ និងបំពានអំណាចរដ្ឋ តែឥឡូវនេះ លោកណាជីបរងបទចោទ ដល់២១ករណី។

ដំបូងឡើយ ដែលបានធ្វើឱ្យពលរដ្ឋម៉ាឡេស៊ីភ្ញាក់ផ្អើលជាខ្លាំង ដោយសារ រដ្ឋអាជ្ញាបានបញ្ចេញគ្រឿងអលង្ការបស់គ្រួសារលោក ដែលគ្រាន់តែកាបូបយូរដៃមួយមានតម្លៃច្រើនម៉ឺនដុល្លារហើយគ្រឿងសឹង្ហារឹមតុបតែងផ្ទះតម្លៃសុទ្ធតែរាប់ម៉ឺនដុល្លារ។

ក្រៅពីនេះ កូនៗរបស់លោកសុទ្ធតែមាន ក្រុមហ៊ុនធំៗនិង វិឡាស្ដុកស្ដម្ភ មានឡានទំនើបៗជាច្រើនគ្រឿង។ ទាំងនេះហើយបាននាំអោយ ពលរដ្ឋម៉ាឡេស៊ីចង់ឃើញលោកណាជីបឡើងតុលាការ។

គ្មានអ្វីដែលនាំអោយលោកណាជីបអាចរួចខ្លួនទេព្រោះភស្តតាងដាក់់បន្ទុកត្រូវបានរដ្ឋអាជ្ញាលាតត្រដាងអស់ហើយ ។ មិនតែប៉ុណ្ណោះ រឿងអាស្រូវនិងភស្តតាងមួយចំនួន ដូចជា កាបូបយួរដៃ គ្រឿងអលង្ការ ដែលមានតម្លៃច្រើនម៉ឺន ដុល្លារ ត្រូវបានរឹបអូសដោយរដ្ឋអាជ្ញា។

នៅក្នុងសវនាការកាលពីថ្ងៃពុធ សាក្សីម្នាក់ជាអ្នកបើកឡានអោយគ្រួសារលោកណាជីប បានប្រាប់តុលាការថា លោកស្រី Rashman Mansor បានអោយ លោក យួរស្បោង ធំៗចំនួន២ទៅផ្ទះរបស់លោកស្រី ដែលសាក្សីនេះថា ស្បោងទាំងពីរនេះ ដាក់លុយសុទ្ធ តែមិនដឹងថា មានលុយប៉ុន្មានលានដុល្លារនោះទេ។  តែយ៉ាងណាក៏ដោយ រដ្ឋអាជ្ញាបានលាតត្រដាង ថា លោកស្រី Mansor ជាមេទារប្រាក់សំណូកជាង២លាន ១សែន ៧ម៉ឺនដុល្លារ ពីក្រុមហ៊ុន ថាមពលពន្លឺព្រះអាទិត្យ មួយនៅរដ្ឋសារ៉ាវ៉ាក់ ដែលក្រុមហ៊ុននេះ បានសូកប៉ាន់លោកស្រីដើម្បីបានមុខរបរ នៅក្នុងរដ្ឋមួយនេះ។

នៅក្នុងសវនាការ ទាំងលោកណាជីប និងប្រពន្ធបានព្យាយាមឆ្លើយបដិសេធថាលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់គណៈកម្មការប្រឆាំងអំពើពុករលួយនោះទេ។

អ្នកទាំងពីរសុំអោយតុលាការទម្លាក់បទចោទប្រឆាំងនឹងពួកគាត់។សម្រាប់លោកណាជីបចាត់ទុកថាជារឿងនយោបាយសងសឹក។

តែយ៉ាងណាក៏ដោយ ជនពាក់ព័ន្ធជាមួយនឹងលោកកាន់តែមានចំនួនច្រើនឡើងៗហើយ អាចទាញសំណុំរឿងនេះ កាន់តែស្មុកស្មាញ និងធ្ងន់ធ្ងរ។

អ្នកធ្វើអត្ថាធិប្បាយ អោយសារព័ត៌មាននិងអ្នកសង្កេតការណ៍ បានហៅ ករណីលោកណាជីប អតីតនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីថាជាស្រមោលមួយ កំពុងដាស់តឿនឱ្យមេដឹកនាំប្រទេសក្នុងតំបន់ ត្រូវជៀសអោយផុតអន្ទាក់នៃអំពើពុករលួយ និងមហិច្ឆតាល្មោភអំណាច គ្មានព្រំដែនដែលនាំអោយមានរឿងក្ដីឡើងតុលាការនៅពេលខ្លួនអស់អំណាចអស់បុណ្យស័ក្តិ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ប្រសិនបើតុលាការរក ឃើញកំហុសគឺទោសរបស់លោកណាជីបនឹងត្រូវបានហៅថាជាទោសក្បត់ជាតិព្រោះបានកឹបកេងទ្រព្យសម្បត្តិរដ្ឋមកធ្វើមានសម្រាប់គ្រួសារ និងបក្សពួក             ខ្លួន។

អ្នកសង្កេតការណ៍មើលឃើញថា មេដឹកនាំក្នុងតំបន់នៃប្រទេសខ្លះបានខិតខំធ្វើខ្លួនកាន់តែស្អាតស្អំដើម្បីធ្វើគំរូសម្រាប់មេដឹកនាំជំនាន់ក្រោយ គឺដូចជាលោកបណ្ឌិតមហាធា ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនលុង ប្រធានាធិបតី ឥណ្ឌូនេស៊ីលោក ចូកូ វិដូដូ និងប្រធានាធិបតី កោះតៃវ៉ាន់លោកស្រី សាយអ៊ឺងវែន ជាដើម។

តែមេដឹកនាំនៃប្រទេសខ្លះទៀត បើទោះបីមានការ ភ្ញាក់ផ្អើលនឹងសំណុំរឿងរបស់លោកណាជីបក៏ដោយ តែពួកគាត់រឹតតែពង្រឹងអំណាចណែនក្នុងដៃយ៉ាងខ្លាំងហើយខិតខំរកមធ្យោបាយ ដើម្បីតោងអំណាច។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ប្រយ័ត្នដើរជាន់ដាន សុភាសិត មួយដែលពោលថា ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី គឺគ្រោះថ្នាក់ខ្លាំងណាស់ ។

សុភាសិតបុរាណខ្មែរមួយឃា្លនេះ បានកំពុងអនវុត្ត នៅប្រទេស សូដង់ដែលអតីតមេដឹកនាំផ្ដាច់ការ Omar Albashir និងអតីតគណៈរដ្ឋមន្ត្រីរបស់លោក ជាងមួយរយនាក់ ត្រូវបានចាប់ខ្លួន ហើយទ្រព្យសម្បតិ្តរបស់ពួកគាត់ ដោយរួមទាំងទ្រព្បសម្បត្តិបក្ស ផង ត្រូវបានរដ្ឋាភិបាល ស្រោចស្រង់ជាតិរឹបអូស ខណៈបក្សរបស់ពួកគាត់ ធ្លាប់ឡើងកាន់អំណាចដោយរដ្ឋប្រហារត្រូវបានរំលាយ។

ចំណែក នៅប្រទេសម៉ាឡេស៊ី ក៏ប្រហាក់ប្រហែលនេះដែរគឺអតីតគណៈរដ្ឋមន្ត្រីរបស់លោកណាជីបច្រើននាក់ហើយបានរត់ចេញពីប្រទេស ចំណែកឯទ្រព្យសម្បត្តិរបស់ ពួកគាត់ក៏ប្រឈមនឹងការរឹបអូសផងដែរ បើតុលាការ កាត់ទោស លោកណាជីបនិងប្រពន្ធរបស់លោកមានទោស ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស