រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានឱ្យដឹងថា រោងចក្រមួយចំនួននៅកម្ពុជា នឹងប្រឈមមុខព្យួរការងារកម្មករ ឬបិទទ្វារជាបណ្ដោះអាសន្ន ដោយសារជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណា បានរីករាលដាលនៅប្រទេសចិនជាខ្លាំង ដែលធ្វើឱ្យរោងចក្រនៅកម្ពុជាមួយចំនួនត្រូវជួបបញ្ហាខ្វះវត្ថុធាតុដើមយកមកកែច្នៃប្រើប្រាស់ សម្រាប់បម្រើឱ្យការនាំចេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាងថា រោងចក្រនៅកម្ពុជានឹងប៉ះពាល់ដោយសារវិបត្តិជំងឺកូរ៉ូណា ព្រោះតែរោងចក្រនៅប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំដល់កម្ពុជានោះ បានបិទទ្វារ ដោយសារបញ្ហាវីរុសប្រភេទេថ្មីនេះ។
លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា បញ្ហាផ្អាកការងារនៅតាមរោងចក្រនេះ មិនមែនកើតឡើងតែចំពោះកម្ពុជាមួយនោះទេ ហើយក៏មិនមែនបណ្តាលមកពីមូលហេតុអ្វីផ្សេងនោះដែរ ប៉ុន្តែវាជាបញ្ហាប្រឈមរបស់ប្រទេសជុំវិញពិភពលោកដែលនាំចូលវត្ថុធាតុដើមពីស្រុកចិនដូចកម្ពុជាដែរ។
សារព័ត៌មានអន្តរជាតិ The South China Morning Post នៅថ្ងៃនេះ ឱ្យដឹងថាអ្នកស្លាប់ដោយសារជំងឺរលាកសួតកូរ៉ូណា បានកើនឡើងដល់៩១០នាក់ហើយ អ្នកជំងឺដែលឆ្លងមេរោគនេះមានចំនួនជាង៤ម៉ឺននាក់ ។ ប៉ុន្តែមានអ្នកជំងឺជាង៣ពាន់នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយដែរ។
កម្មករដែលកំពុងបម្រើក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា មានចំនួនជិត១លាននាក់។
វិស័យមួយនេះ ក្រៅពីប្រឈមដោយនឹងបញ្ហាជំងឺកូរ៉ូណា អូសបន្លាយយូរ ដែលនាំឱ្យរោងចក្រនៅកម្ពុជាមួយចំនួនត្រូវបិទទ្វារជាបណ្តោះអាសន្នហើយនោះ វិស័យកាត់ដេរមួយនេះក៏កំពុងប្រឈមនឹងបញ្ហាដ៏ធំមួយទៀត គឺការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុបដែល។
នៅតែ២ថ្ងៃទៀតប៉ុណ្ណោះពោលគឺនៅថ្ងៃទី ១២ ខែកុម្ភៈ សហភាពអឺរ៉ុបនិងសម្រេចជាផ្លូវការថាត្រូវព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធមួយនេះ ពីកម្ពុជា។
ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធមួយនេះ នឹងធ្វើឱ្យកម្ពុជាខាតបង់ប្រាក់ជិត៧រយលានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ឬស្មើប្រមាណ២លានដុល្លារក្នុងមួយថ្ងៃៗ។ ការខាតបង់នេះអ្នកសេដ្ឋកិច្ចធ្លាប់លើកឡើងថា ជាការខាតបង់ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចដូចកម្ពុជាបច្ចុប្បន្ន។
ទាំងធនាគារជាតិ និងធនាគារពិភពលោក ថ្មីៗនេះ ក៏បានលើកឡើងពីហានិភ័យនៅពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ថានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមិនអាចកើនឡើងក្នុងរង្វង់ ៧%បានទៀតនោះទេ នៅឆ្នាំ២០២០នេះ៕