30 C
Phnom Penh

សកម្មជនបរិស្ថានបារម្ភខ្លាចមន្ត្រីខ្មែរយកវត្ថុមានតម្លៃបានពីសត្វព្រៃកម្រ ដែលបង្ក្រាបបានកន្លងមក ទៅលក់ចែកលុយគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនបរិស្ថាន និងជាសកម្មជនចលនាមាតាធម្មជាតិ បានស្នើទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបង្ហាញដល់សាធារណជនបានឃើញ នូវវត្ថុមានតម្លៃបានមកពីសត្វព្រៃកម្រជាច្រើនប្រភេទ ដែលអាជ្ញាធរកម្ពុជាបង្ក្រាបបានកន្លងមក ដូចជាភ្លុកដំរី ស្រកាពង្រូល ឆ្អឹងខ្លា និងកុយរមាសជាដើម។

ការស្នើនេះ ធ្វើឡើងតាមរយៈវីដេអូខ្លីបជាង២នាទីបង្ហោះនៅលើទំព័រហ្វេសប៊ុកអង្គការចលនាមាតាធម្មជាតិនៅថ្ងៃនេះ។

ក្នុងវីដេអូនោះ សកម្មជនអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានសម្តែងក្តីបារម្ភជាខ្លាំងដោយខ្លាចថា វត្ថុមានតម្លៃបានពីសត្វព្រៃកម្រទាំងនោះ អាចនឹងត្រូវបានមន្ត្រីខិលខូច និងពុករលួយមួយចំនួនយកទៅលក់បន្តដើម្បីចែកលុយគ្នា។

ដើម្បីកុំឱ្យសាធារណៈជនមានក្តីបារម្ភ និងមានមន្ទិលសង្ស័យលើសមត្ថកិច្ច ចំពោះបញ្ហានេះ លោកទាមទារឱ្យរដ្ឋាភិបាល ដាក់បង្ហាញភ្លុកដំរី ស្រកាពង្រូល ឆ្អឹងខ្លា និងកុយរមាសដែលអាជ្ញាធរបង្ក្រាបបានកន្លងមក ទៅសាធារណជនបានឃើញ និងបានស្គាល់វត្ថុកម្រទាំងនោះ។

ប្រភពដដែលលើកឡើងថា ចន្លោះឆ្នាំ២០១៣ ដល់ចុងឆ្នាំ២០១៨ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសពីសត្វព្រៃកម្រ រួមមានកុយរមាស ឆ្អឹងខ្លា ភ្លុកដំរី និងស្រកាពង្រូលជាដើម មាន ៦ករណីធំៗ និងរឹបអូសបានវត្ថុតាងចំនួនជាង ៨តោន ដែលមានតម្លៃក្នុងទីផ្សារអន្តរជាតិប្រហែល ៤លានដុល្លារសហរដ្ឋអាមេរិក។

ការបង្ក្រាបបទល្មើសដែលជាវត្ថុមានតម្លៃបានមកពីសត្វទាំងនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់ថ្លែងជាសាធារណៈកាលពីឆ្នាំ២០១៧ ដោយប្រគល់ទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានគ្រប់គ្រង និងថែរក្សា ព្រមទាំងណែនាំ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងនេះ ដាក់បង្ហាញនូវវត្ថុទាំងនោះដល់ប្រជាពលរដ្ឋបានស្គាល់ និងរក្សាទុកនូវសារៈមន្ទីរជាតិទៀតផង។

យ៉ាងនេះក្តី លោក ថុន រដ្ឋាភិបាល អះអាងថា នៅក្នុងសារៈមន្ទីរជាតិក្រុងភ្នំពេញ ដែលលោកបានចូលទៅមើលគឺ គ្មានវត្ថុទាំងនោះទេ ហើយសារៈមន្ទីរជាតិ ខេត្តសៀមរាប ក៏ត្រូវបានមន្ត្រីបម្រើការនៅទីនោះប្រាប់លោកថា គ្មានវត្ថុមានតម្លៃទាំងនោះដែរ។

កាលពីខែសីហា ឆ្នាំ២០១៦ មន្រ្តីគយកម្ពុជាប្រចាំច្រកទ្វាអន្តរជាតិក្រុងព្រះសីហនុ ចាប់បាន និងរឹបអូសភ្លុកដំរីដែលត្រូវបានឈ្មួញនាំចូលមកពីទ្វីបអាហ្វ្រិកមានទម្ងន់ជិត១តោន ។

ក្រោយគ្នាបន្តិច សមត្ថកិច្ចចំរុះ បានចូលទៅឆែកឆេរនៅក្នុងក្រុមហ៊ុនអយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ហើយរកឃើញភ្លុកដំរីរាប់រយគីឡូក្រាមថែមទៀត ព្រមទាំងស្រកាសត្វពង្រូល ដោយសមត្ថកិច្ចអះអាងថាវត្ថុមានតម្លៃទាំងនោះ គ្រោងនាំទៅកាន់ប្រទេសចិន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស