ប្រធានអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល អះអាងថារហូតមកដល់ពេលនេះ លោកនៅមិនទាន់រកឃើញភស្តុតាងច្បាស់លាស់អ្វីដែលអាចបញ្ជាក់ឱ្យប្រាកដអំពីមូលហេតុនៃភ្លើងឆេះផ្ទះរបស់លោកនេះទេ។
លោក ព្រាប កុល បានសរសេរនៅគណនីហ្វេសប៊ុករបស់លោកថា យ៉ាងហោចណាស់មានការសន្និដ្ឋានជាបឋម និងជាបណ្តោះអាសន្នថា វាអាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។ លោកបន្តថា រហូតមកទល់ពេលនេះលោក និងសមាជិកគ្រួសារ បានមកជួលផ្ទះស្នាក់នៅបណ្តោះអាសន្ន ដើម្បីបន្តជីវភាពរស់នៅ និងបំពេញការងារបន្តជាធម្មតា រហូតដល់ផ្ទះរបស់លោកជួសជុលរួចរាល់ក្នុងរយ: 2-3 ខាងមុខនេះ។
ជាងនេះទៅទៀត លោកក៏បានសម្តែងក្តីអំណរគុណដល់មិត្តភ័ក្តិ បងប្អូន សហការី ជនរួមជាតិខ្មែរ និងបរទេសជាច្រើនរួមទាំងអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានផ្ញើរសារចូលរួមសោកស្តាយ និងផ្តល់កម្លាំងចិត្តដល់រូបលោកក្នុងគ្រាលំបាកនេះ។
ជាងនេះទៅទៀត លោក ព្រាប កុល ក៏បានអគុណដល់សិស្ស និងអ្នកស្រឡាញ់ចូលចិត្តលោកមួយចំនួនដែលមានសម្មានចិត្តបរិចាកថវិកា និងផ្តល់សម្ភារ:ចាំបាច់មួយចំនួន ក៏ដូចជាកន្លែងស្នាក់នៅបណ្តោះអាសាន្ន ដើម្បីរំលែកការលំបាករបស់លោក ទាំងលោកមិនបាន ស្នើសុំផងនោះ។
លោកបន្តថា ទឹកចិត្តដ៏ថ្លៃថ្លា និងប្រកបដោយសប្បុរសធម៌នេះបានផ្តល់កម្លាំងចិត្ត ភាពកក់ក្តៅ និងបានបង្ហាញពីគំរូជួយគ្នាក្នុងគ្រាអាសន្ន។
ចំណែកលោក ប៉ា ចន្ទរឿនដែលជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់លោកអំពីការអំពាវនាវជាសប្បុរសធម៌ក្នុងការចូលរួមជាវិភាគទានជាលោក ព្រាប កុល ផងដែរ។
លោក បានអំពាវនាវដល់ជនរួមជាតិចូលរួមផ្តល់កម្លាំងចិត្តដល់ លោក ព្រាប កុល និងមេត្តាធ្វើវិភាគទានតាមលទ្ធភាពដើម្បីជួយបន្ថយបន្ទុកដល់លោក និងក្រុមគ្រួសារនៅក្នុងគ្រាអាសន្ននេះ។
លោកអ្នកអាចបរិច្ចាគវិភាគទានទាំងនោះ តាមគណនេយ្យ * ABA ដែលមាន លេខ 000-924-444 តាមគណនេយ្យ ACLEDA ដែលមានលេខ 29-00-2014-055-818 ឬតាមរយៈគណនេយ្យ Wing ដែលមានលេខ 012-877-833។
កាលពីថ្ងៃទី០៩ ខែកុម្ភៈ វេលាម៉ោងប្រហែល 8:30 នាទីព្រឹក អគ្គីភ័យបានឆាបឆេះផ្ទះរបស់លោក ព្រាប កុល ប្រធានអង្គការតម្លភាពកម្ពុជា បណ្តាលឲ្យខូចខាតសម្ភារ: និងផ្ទៃខាងក្នុងនៃជាន់ទី១ ទាំងស្រុង ប៉ុន្តែពុំមានសមាជិកគ្រួសាររបស់លោកណាម្នាក់រងគ្រោះថ្នាក់នេះឡើយ៕