28 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរត្រៀមចិត្ត ត្រៀមកាយ កុំត​ក់ស្លុត ប្រសិនបើសហភាពអឺរ៉ុបដក EBA ពីកម្ពុជាមែននោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ:កម្មការពាណិជ្ជកម្មសហគមន៍នឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី12 ខែកុម្ភ: ស្អែកនេះ ថាតើត្រូវរក្សាទុក ឬក៏ដក គោលនយោបាយអនុគ្រោះពន្ធ (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA) សម្រាប់កម្ពុជា។

ប្រធានអង្គការតម្លភាពកម្ពុជាលោក ព្រាប កុល បានសរសេរនៅលើគណីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ក្នុងនាមលោកជាអ្នកតាមដានស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់ និងដែលធ្លាប់ត្រូវបានផ្តល់ឱកាសឲ្យបានជួបជជែកផ្ទាល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ និងដើម្បីការពារផលប្រយោជន៍ពលរដ្ឋកម្ពុជា ខ្ញុំមានមូលដ្ឋាន និងព័ត៌មានគ្រប់គ្រាន់ល្មម អាចវិភាគ ឬព្យាករណ៍ដឹងអំពីគោលជំហរ និងការសម្រេចិត្តរបស់សហគមន៍អឺរ៉ុប (EU)។ ដូច្នេះព័ត៌មាន ដែលមហាជនទូទៅនឹងទទួលបាននៅថ្ងៃស្អែកនេះ លោកនឹងគ្មានការភ្ញាក់ផ្អើលអ្វីឡើយ។

លោកបន្តថា តាមរយ:សេចក្តីថ្លែងការណ៍នៃអ្នកនាំពាក្យរបស់ សហភាពអឺរ៉ុប កាលពីថ្ងៃទី11 ខែវិច្ឆិកា 2019 បានបង្ហាញអំពីការចង់បាន៖ ទី១ បើកឲ្យមានលំហនយោបាយទូលំទូលាយ។ ២) បង្កើតលក្ខខ័ណ្ឌសមប្រកប ដើម្បីឲ្យមានបក្សប្រឆាំង ដែលអាចជឿទុកចិត្តបាន និងដែលមានលក្ខណ:ប្រជាធិបតេយ្យ។

៣) ចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយ:ការសន្ទនាដោយស្មោះត្រង់ជាមួយគ្រប់ភាគី។ ៤) EU រំពឹងថា លោក កឹម សុខា នឹងត្រូវបានដោះលែង និងទទួលបានសិទ្ធិធ្វើនយោបាយពេញលេញ ហើយសមាជិកបក្សប្រឆាំងទាំងអស់ ដែលត្រូវបានតុលាការហាមឃាត់មិនឲ្យធ្វើនយោបាយ ត្រូវមានសិទ្ធិធ្វើនយោបាយឡើងវិញ។ ហើយទី៥សកម្មជន និងអ្នកគាំទ្រ ដែលត្រូវបានឃុំឃាំង នឹងត្រូវបានដោះលែង។

ប្រធានអង្គការតម្លភាពកម្ពុជារូបនេះ អះអាងថា ចំនុចទាំងអស់នេះហើយ ដែលជាការឆ្លុះបញ្ចាំងការវិឌ្ឍន៍នៃស្ថានការណ៍នយោបាយចាប់ពី ខែវិច្ឆិកា ២០១៩ រហូតមកដល់ថ្ងៃ ១១ខែកុម្ភ: ២០២០នេះ។ លោកបន្តថា ការទាមទាររបស់សហភាពអឺរ៉ុបទាំង៥ចំនុចនេះ ថ្វីត្បិតមានការវិវត្តជាវិជ្ជមានខ្លះ ប៉ុន្តែមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងក្តីរំពឹង និងការទាមទាររបស់ EU នៅឡើយទេ។

លោក ព្រាប កុល បន្តថា EU ដែលជាស្ថាប័នអន្តរជាតិតំណាងឲ្យប្រទេសចំនួន 27 នៅទ្វីបអឺរ៉ុប ពិតជាសម្រេចិត្តដើម្បីរក្សាគុណតម្លៃ និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នខ្លួន បើទោះបីជាខ្លួនមិនចង់ធ្វើដូច្នេះក៏ដោយ។

លោកអះអាងថា មិនចង់ព្រោះថា ពលរដ្ឋខ្មែរជាច្រើនលាននាក់ជាអ្នកខាតបង់ផលប្រយោជន៍ និងរងផលប៉ះពាល់ពីការសម្រេចចិត្តនេះ។

ក៏ប៉ុន្តែ EU យល់ឃើញថា ខ្លួនក៏ត្រូវតែរក្សាគុណតម្លៃរបស់ស្ថាប័ន ដែលតំណាងឲ្យពលរដ្ឋសហគមន៍អឺរ៉ុបទាំង 27 ប្រទេសដែរ។ ហេតុនេះ លោកអាចព្យាករណ៍បានថាសហភាពអឺរ៉ុប ប្រហែលមិនអាចបន្តផ្តល់ EBA ឲ្យកម្ពុជាដូចសព្វថ្ងៃនេះតទៅទៀតទេ។

ទោះជាយ៉ាងនេះក្តី អ្នកតស៊ូមតិ ដើម្បីការពារផលប្រយោជន៍កម្ពុជា នៅមានសង្ឃឹមថា EU នឹងពិចារណារផ្លូវកណ្តាលមួយ គឺ EU អាចរក្សាចំណែកខ្លះ ឬផ្នែកខ្លះ ទៅលើផលិតផល និងទំនិញ ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋខ្មែរ ឬអាចនិយាយបានថា អាចនឹងរក្សាភាគរយនៃកម្ចប់អនុគ្រោះពន្ធ ឬហៅម្យ៉ាងទៀតថា ដកខ្លះ ទុកខ្លះ (Partial Withdrawal)។

យ៉ាងណាក៏ដោយ លោក ព្រាប កុល សង្ឃឹមថា EU នឹងនៅតែផ្តល់    ឱកាសឲ្យកម្ពុជាអាចទទួលបាន EBA មកវិញទាំងមូល ក្រោយពេល ដែលមានការវិត្តន៍ជាវិជ្ជមានបន្ថែម ដែលឆ្លើយតបទៅនិងលក្ខខណ្ឌ ឬក្តីរំពឹងរបស់ EU ជុំវិញស្ថានការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបរិយាកាស និងលក្ខខណ័្ឌសមស្រប សម្រាប់ធានាឲ្យមាន ការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ នៅឆ្នាំ ២០២២ និង ២០២៣ ខាងមុខ។

លោក ព្រាប កុល បញ្ជាក់ថា ចំណុចមួយដែលសំខាន់ដែរនោះ គឺថាកម្ពុជាបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អាស៊ី-អឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដែលនៅសល់តែ ៩ ខែទៀតប៉ុណ្ណោះ។

លោកបន្តថា ការវិវត្តវិជ្ជមានគួរត្រូវបានពន្លឿន ដើម្បីឲ្យកម្ពុជាអាចទទួលស្វាគមន៍ថ្នាក់ដឹកនាំមកពីអឺរ៉ុបដោយមោទន:ភាព ឬដោយពេញមុខមាត់ផង និងដើម្បីឲ្យភ្ញៀវដែលមានឋាន:ខ្ពស់ មកពីសហគមន៍អឺរ៉ុបមានការពេញចិត្តមកចូលរួមប្រជុំផងដែរ។

លោកក៏បានលើកទឹកចិត្តឲ្យជនរួមជាតិខ្មែរទាំងអស់ ត្រៀមចិត្ត ត្រៀមកាយ កុំតក់ស្លុត ហើយបន្តដំណើរទៅមុខជានិច្ច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស