38 C
Phnom Penh

អ្នកវិភាគបានព្រមានមេក្រុមប្រឆាំងថា ឈប់លេងទៅ នូវ​នយោបាយ​ខ្លាច​ខ្មោច​សោះ តែប្រឹងអួត​ថាខ្លួន​ជាគ្រូ​ចាប់ស្ដេចបិសាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលព្រមានថា បើចង់សង្គ្រោះកម្ពុជាពិតប្រាកដមែន ត្រូវឈប់លេងនយោបាយខ្លាចខ្មោច តែប្រឹងអួតអាងខ្លួនថា ជាគ្រូចាប់ស្ដេចបីសាច។

អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះបន្ទាប់បាត់មុខមួយរយៈដោយសារលោកជាប់រវល់កិច្ចការផ្ទាល់ខ្លួននោះ ឲ្យដឹងថានយោបាយប្លន់អំណាចដោយប្រើប្រព័ន្ធបណ្ដាញលុយពុករលួយលក់ជាតិ និងកម្លាំងបាយបំពានច្បាប់ក្បត់ឆន្ទៈរាស្ត្ររបស់លោក ហ៊ុន សែន នៅតែមានចន្លោះផ្លូវដង្ហើមដកបានយូរទៀត។

លោកបន្តថា នយោបាយកុម្មុយនិស្ដបោករាស្ត្ររបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ អាចសល់ខ្យល់ដកដង្ហើមធូរល្មម ដោយសារតែកត្តា៣យ៉ាង ៖

១. ការដាក់សម្ពាធជាក់ស្ដែងដ៏យឺត និងដោយផ្នែកៗយ៉ាងរង្វើលរបស់សហគមន៍អន្តរជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក… លើលោក ហ៊ុន សែន ដែលកត្តាទាំងនេះ ធ្វើឲ្យលោក ហ៊ុន សែន មានពេលសមល្មមក្នុងការកៀងគរ ផ្សែផ្សំ រៀបចំខ្លួនទប់ទល់ស្ថានការណ៍ប្រឈមជាឧបសគ្គធំៗបាន៥០%។

ទី២ ការបបួលគ្នារបស់ក្រុមមេដឹកនាំប្រឆាំង លើកមូលដ្ឋានតស៊ូនយោបាយពីសង្វៀនកម្ពុជា ទៅប្រឹងស្រែកតែពីក្រៅប្រទេស ដែលក្បួន របស់ក្រុមបក្សប្រឆាំងទាំងនេះ មិនខុសអ្វីពីការដើរចេញពីសមរភូមិជាក់ស្ដែង ហើយទុកឱកាសឲ្យលោក ហ៊ុន សែន ពង្រឹងកម្លាំងបាក់ទឹកចិត្តរបស់គណបក្សប្រជាជនដោយគ្មានការរំខានផង និងរៀបចំបណ្ដាញគាបសង្កត់គណបក្សប្រឆាំងក្នុងប្រទេសដោយសេរីផង។

លោក គឹម សុខ បន្តថា យុទ្ធវិធីនេះរបស់មេក្រុមប្រឆាំង កំពុងតែធ្វើឲ្យមនុស្សឆ្នើមៗនៃគណបក្សនេះជាង៥ពាន់នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្រុង ខណ្ឌ/ស្រុក ខេត្ត និងរាជធានី ស្ថិតក្នុង                   ស្ថានភាពបែកបន្ទាយ និងក៏កំពុងបង្កើនល្បឿនអនុវត្តន៍ផែនការរុញចលនាបន្លាច និងបំបែកមិនរើសមុខ។

ទី៣ គឺជម្ងឺខ្លាចមិនហ៊ានលះបង់ដល់កម្រិតវីរបុរសជាតិ របស់មេដឹកនាំបក្សប្រឆាំង ហើយខ្លាំងបានត្រឹមតែប្រើយុទ្ធវិធីតម្លើងតម្លៃមុខមាត់តាមរយៈសារបំពងសម្លេងឲ្យឮៗ។

លោកបន្តថា របៀបធ្វើនយោបាយរបស់មេដឹកនាំបក្សប្រឆាំងបែបនេះ ប្រៀបដូចជាចំរៀងញាក់កន្ត្រាក់អារម្មណ៍ ដែលលោក ហ៊ុន សែន មិនត្រឹមតែមិនព្រឺរោមទេ ប៉ុន្តែចូលចិត្តលេងទៅវិញ ហើយបណ្ដែតស្ថានការណ៍តាមចង្វាក់របស់មេដឹកនាំបក្សប្រឆាំង នៅពេលដែលលោក ហ៊ុន សែន ដឹងច្បាស់ថា «គ្រាន់តែជាយុទ្ធវិធីប្រកូកប្រកាសខ្លាចអ្នក         គាំទ្រភ្លេចមុខ តែមិនលេងមែនទែននោះ»។

អ្នកវិភាគនយោបាយសង្គមរូបនេះ ព្រមានថា ប្រសិនបើសហគមន៍អន្តរជាតិមិនដូរចេញ នូវឥរិយាបថធូរៗរបស់ខ្លួនដូចសព្វថ្ងៃ ដោយដាក់ការសង្កត់ដល់លោក ហ៊ុន សែន ឲ្យកាន់តែធ្ងន់ និងមិនរង់ចាំពេលវេលាដើរហួសច្រើនពេក ហើយជាពិសេស បើមេដឹកបក្សប្រឆាំងមិនព្រមកែប្រែយុទ្ធសាស្ត្រ «ថាចោល» ទៅជា«លេងមែនទែន»ទេ នោះកម្ពុជាអាចនឹងចៀសមិនផុតពីគ្រោះដូរម្ចាស់នោះឡើយ។

លោក គឹម សុខ បន្តថា គណបក្សប្រឆាំងគឺជាក្រុមនយោបាយ ដែលយកបានចិត្តរាស្ត្រទៅហើយ ប៉ុន្តែពេលមេដឹកនាំបែរជាផ្អើលៗ នោះនឹងពិបាករកវិធីសង្គ្រោះកម្ពុជាណាស់។

លោកបន្តថា ប្រសិនបើមេក្រុមប្រឆាំងមិនក្លាហានគ្រប់គ្រាន់ ហើយសហគមន៍អន្តរជាតិនៅតែអើពើសើរៗទៀតនោះ វានៅសល់តែវិធីមួយគត់ដើម្បីជួយកម្ពុជាបាន គឺប្រជាពលរដ្ឋម្ចាស់ប្រទេស គួរដូរការគិតរបស់ខ្លួនវិញ ដោយតាមដានឲ្យយល់អំពីអ្នកនយោបាយ និងជ្រើសរើសអ្នកហ៊ានលះបង់ពិតប្រាកដ។

លោកបន្តថា លោក ហ៊ុន សែន ច្បាស់ណាស់ នៅតែបន្តប្លន់អំណាច ហើយនឹងមិនកែខ្លួនដើម្បីប្រយោជន៍ជាតិខ្មែរឡើយ។ ដូច្នេះ បើក្រុមប្រឆាំងពិតជាមានឆន្ទៈមិនក្លែងក្លាយដើម្បីសង្គ្រោះកម្ពុជាមែន គួរល្មម«ឈប់លេងទៅ នូវនយោបាយខ្លាចខ្មោចសោះ ប៉ុន្តែប្រឹងអួតថា ខ្លួនជាគ្រូចាប់ស្ដេចបិសាច» ដើម្បីគ្រាន់តែព្យាយាមបំពេអារម្មណ៍រាស្ត្រនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស