29 C
Phnom Penh

ក្រសួងមហាផ្ទៃ ច្រានចោលសំណើររបស់សង្គមស៊ីវិល សុំឱ្យនិរាករណ៍ច្បាប់ស្តីពីសមាគម និង អង្គការសង្គមស៊ីវិលចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃ បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលថា គ្មានឆន្ទៈក្នុងការធ្វើវិសោធន៍កម្មច្បាប់ស្តីពីសមាគម និងអង្គការសង្គមស៊ីវិល។ ជាងនេះទៅទៀតក្រសួងមួយនេះ ក៏បានបដិសេធសំណើរសុំឱ្យនិរាករណ៍ច្បាប់មួយនេះ តាមការស្នើសុំរបស់អង្គការ សង្គមស៊ីវិលផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយពេល សមាគម និងអង្គការសង្គមស៊ីវិលប្រមាណ ១០០ នៅកម្ពុជាកាលពីថ្ងៃទី ១០កុម្ភៈ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយលើកឡើងថា    រដ្ឋាភិបាលកម្ពុជាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

អង្គការ សមាគមទាំងនោះ ទាមទារឱ្យរដ្ឋាភិបាលលុបចោលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រោះថា បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានបានប្រើប្រាស់ច្បាប់នេះ ដើម្បីធ្វើទុក្ខបុកម្នេញ និងរឹតត្បិតសកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល។

យ៉ាងនេះក្តី នៅថ្ងៃទី១២ ខែកុម្ភៈនេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយដោយច្រានចោលចំពោះសេចក្តីថ្លែងការណ៍របស់ សមាគម និងអង្គការសង្គមស៊ីវិលចំនួន១០០ស្ថាប័ននោះ។

ក្រសួងអះអាងថា  ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាថា គ្មានឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយបានទាមទារឱ្យនិរាករណ៍លើច្បាប់មួយនេះ គឺជារឿងមិនពិត ព្រមទាំងជារឿងដែលមិនអាចទៅរួច។

ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ដលេខា ដាក់ឱ្យប្រើកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ មាត្រា៨ជំពូក និង៣៩មាត្រា។

ទោះបីយ៉ាងណាក៏ដោយ ក្រោយពេលរដ្ឋាភិបាលបង្កើតច្បាប់នេះអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ប្រឆាំង និងសម្ដែងការព្រួយបារម្ភជាហូហែ ដោយថាច្បាប់នេះមានចរិកផ្នែកនយោបាយ គាបសង្កត់សិទ្ធិសេរីភាពបំពេញការងាររបស់អង្គការសង្គមស៊ីវិលតែម្តង ប៉ុន្តែរដ្ឋាភិបាលមិនបានខ្វល់នោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស