ប្រធានាធិបតីចិន ស៊ីជីនពីងដែលបានសម្រេចពាក់ម៉ាសមុខ ព្រោះតែខ្លាច ការឆ្លងមេរោគកូរ៉ូណា បានអះអាងជាថ្មីម្ដងទៀតថា មិនយូរទេ យើងនឹងឈ្នះលើសមរភូមិមេរោគកូរ៉ូណា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន CCTV កាលពី អង្គារទី១១កុម្ភៈ។
លោកស៊ីបាន ទទូចថា ទោះបីយើងនឹងឈ្នះមេរោគនេះក៏ដោយ តែ យើងត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងវា ដោយសេចក្ដីទុកចិត្តនិងសង្ឃឹមទៅមុខទៀត។ កាលពីសប្ដាហ៍មុន លោកស៊ីបាន សម្រេចពាក់ម៉ាសជាលើកដំបូង នៅពេលលោក ទៅពិនិត្យដោយផ្ទាល់ សហគមន៍មួយនៅជាយក្រុងប៉េកាំង ដើម្បីស្វែងយល់ពីស្ថានភាពនៃការឆ្លងមេរោគដ៏កាយសាហាវនេះ។
តាមតួលេខ ដែលបង្ហោះដោយ បណ្ដាញផ្សាយព័ត៌មាន CNN គឺមនុស្សស្លាប់នៅចិន បានកើនដល់ទៅ១ពាន់ ១១៥នាក់ ហើយអ្នកឆ្លងកើនជាង៤ម៉ឺន៤ពាន់នាក់គិតត្រឹមថ្ងៃទី១២កុម្ភៈនេះ។
ស្របដែល ស្ថានភាពអ្នកស្លាប់កើនឡើងក្នុងមួយថ្ងៃជាង១០០នាក់ អង្គការសុខភាពពិភពលោក WHO បានធ្វើការព្រមានថា ការសម្លាប់មនុស្ស ដោយមេរោគកូរ៉ូណា គឺសាហាវខ្លាំង គឺជាងការផ្ទុះជំងឺរលាកផ្លូវដង្ហើមឈ្មោះថាជំងឺសា នោះទៅទៀត។
លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការរបស់WHO បាននិយាយថា កូរ៉ូណាវីរុសប្រភេទថ្មីនេះ គឺសាហាវជាងការវាយប្រហារដោយ «ភេរវកម្ម» ទៅទៀត ។
លោកបន្តថា ការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី -COVID-19 គឺពិតជា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតចំពោះពិភពលោក។ លោកបញ្ជាក់ថា គេអាចចាត់ទុក «មេរោគនេះ គឺជាសត្រូវសាធារណៈលេខ១នៃពិភពលោក » ។
មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក បានអះអាងដូច្នេះកាលពីថ្ងៃអង្គារ ១១ កុម្ភៈនៅក្នុងសន្និសីទព័ត៌មាននាទីក្រុង ហ្សឺណែវ។
ប្រធានអង្គការWHO ក៏បានមកជួបលោកស៊ីផងដែរកាលពីថ្ងៃទី២៨ មករា គឺមួយសប្ដាហ៍ បន្ទាប់ពី មេរោគ កូរ៉ណា បានផ្ទុះឡើងខ្លាំងក្លានៅថ្ងៃទី២២ ខែមករា បន្ទាប់វាបានអោយសញ្ញាណនៃការឆ្លងនៅ ថ្ងៃទី១២ ធ្នូឆ្នាំ២០១៩។
សម្រាប់ លោក Tedros បាន អោយដឹងថា វិរុសកូរ៉ូណា ប្រភេទថ្មីនេះ ត្រូវបានហៅឈ្មោះផ្លូវការថា «COVID-19» ។
លោក Tedros បានទទូចឲ្យប្រទេសទាំងអស់បង្កើតវិធានការចាំបាច់រៀងៗខ្លួនដើម្បីទប់ស្កាត់វីរុសនេះ តែលោកព្រមានថា ប្រទេសយ៉ាងតិច ៣០ ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយគឺត្រូវប្រុងប្រយ័ត្នបំផុតពីការឆ្លងពីមេរោគដ៏កំណាចនេះ។
ស្របពេលដែល ពិភពលោក កំពុងព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគកូរ៉ូណា Covid-19 មាននាវាដ៏ធំមួយគ្រឿងឈ្មោះថា Westerdam ត្រូវបានប្រទេសជាច្រើន រួមនឹងកោះចំនួន៦ទៀត បដិសេធមិនឲ្យនាវានេះចូលចតឡើយ ដោយសារភ័យខ្លាចអ្នកដំណើរមានវីរុសកូរ៉ូណាថ្មីនេះ។
បើតាមCNNឲ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សដ៏ប្រណិតនេះកំពុងស្ថិតនៅក្នុងភាពវិលវល់ ដោយមិនដល់រកទីតាំងណាមួយពិតប្រាកដដើម្បីចតនោះទេ។ នាវានេះ ដឹកមនុស្ស ២ពាន់ ២០០នាក់ ។
នាវានេះ បាន ទៅសុំចត នៅកោះតៃវ៉ាន់, ហ្វីលីពីន, ជប៉ុន, កូរ៉េខាងត្បូង, កោះហ្គាំ និងចុងក្រោយ គឺប្រទេសថៃគឺត្រូវបានបដិសេធទាំង អស់។
ការបដិសេធនេះ ព្រោះតែខ្លាចនៅលើនាវានោះមានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី នេះ។
ក្រុមហ៊ុនដែលគ្រប់គ្រងនាវា Westerdam បានចេញសេចក្តីប្រកាសថា អ្នកជិះទាំងអស់ ដែលនៅលើនាវារបស់ខ្លួន ពុំមាននរណាម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី Covid-19 នេះទេ។ ប៉ុន្តែបើយោងតាមព័ត៌មានដដែលនេះ គឺនាវានេះកំពុងស្ថិតនៅឈូងសមុទ្រថៃនៅឡើយ។
រដ្ឋមន្រ្តីសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយ ថា ប្រទេសថៃមិនអនុញ្ញាតឲ្យ នាវាទេសចរណ៍នេះ ចូលចត និងដាក់អ្នកដំណើរនៅឯកំពង់ផែ Laem Chaban នោះឡើយ។ លោកបញ្ជាក់ថា រហូតមានការស្រាវជ្រាវ និងត្រួតពិនិត្យ សុខភាពរបស់អ្នកនៅលើនាវាថាគ្មានផ្ទុកមេរោគកូរូណានេះឡើយ។ ប៉ុន្តែលោកនៅតែបញ្ជាក់ថា មិនអនុញ្ញាតិអោយនាវាចូលកំពុងផែប្រទេសថៃឡើយទោះ ជានៅទីណាក៏ដោយ។
ចំណែក ឯនាវាទេសចរណ៍មួយគ្រឿងទៀតដែលដឹកអ្នកទេសចរ ៣ពាន់ ៧០០នាក់ គឺនាវា Diamond Princess ដែលកំពុងចតនៅកំពង់ផែ Yokohama របស់ជប៉ុនត្រូវបានរកឃើញថា មានអ្នកផ្ទុកវីរុស Covid-19 ចំនួន ១៧៥នាក់។
រដ្ឋាភិបាលជប៉ុន ប្រកាសថា អាចនឹងអនុញ្ញាតិអោយអ្នកទេសចរណ៍ទាំងនោះ ឡើងគោក នៅថ្ងៃទី១៩ ខែកុម្ភៈ លុះត្រាតែរកលែងឃើញ អ្នកផ្សេងទៀត ពុំមានការឆ្លង មេរោគកូរ៉ូណា Covid-19 នេះ៕