26 C
Phnom Penh

ក្រសួងរ៉ែ និងថាមពលអះអាងថា ស្ថានីយប្រេង និងឧស្ម័នជាង៨០% គ្មានច្បាប់អនុញ្ញាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសមានចំនួន៨២% គ្មានលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងគ្មានច្បាប់អនុញ្ញាតនោះឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលដែលចេញផ្សាយកាលពីល្ងាចថ្ងៃម្សិលមិញឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសកម្ពុជា មានចំនួន៤ពាន់ស្ថានីយ។  ក្នុងចំណោមស្ថានីយទាំងនោះ មានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នចំនួន ៣ពាន់៣០០ ដែលស្មើនឹង៨២% មិនមានលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងគ្មានស្របច្បាប់នោះទេ។

ដោយឡែក មានតែស្ថាននីយចំនួន ៧០០ ដែលស្មើនឹង១៨% ប៉ុណ្ណោះ ទទួលលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបណ្ណបត្រអនុញ្ញាតឱ្យដំណើរការស្របតាមច្បាប់។

បញ្ហា ស្ថានីយប្រេង និងឧស្ម័ន គ្មានច្បាប់ទម្លាប់ និងគ្មានការទទួលស្គាល់ស្តង់ដារបច្ចេកទេសនេះ កន្លងមក ដែលជាហេតុធ្វើឱ្យមានបញ្ហាជាច្រើនដូចជា ផ្ទុះធុងហ្គាស ឬ ធុងប្រេងឆេះ ហើយគ្មានប្រព័ន្ធការពារត្រឹមត្រូវ បណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋទៀតផង។ បន្ថែមពីនេះ បញ្ហាចាក់ប្រេងឬ ឧស្ម័នដល់អតិថិជនមិនបានគ្រប់ចំនួន ឬ គ្រប់លីត្រជាដើម។ សង្គមស៊ីវិលធ្លាប់លើកឡើងថា ស្ថានីយប្រេងឬ ឧស្ម័នដែលគ្មានច្បាប់ទម្លាប់ ហើយអាចដំណើរការបាន គឺអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធ ហើយអ្នកដែលរងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋតែម្តង។

ច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតកាលពីឆ្នាំ២០១៩ មាត្រា៦៦ចែងថា បុគ្គលណាធ្វើសកម្មភាពដោយគ្មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែ និងថាមពល ត្រូវផាកពិន័យទឹកប្រាក់ទំហំក្រោម  ប្រាំបីរយលានរៀលនិង ត្រូវផាកពិន័យដោយក្រសួងបួនលានរៀល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស