កម្ពុជាតាមរយៈ ក្រសួងការបរទេស បានចេញមុខហៅសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វាវុធឬ ហៅថាEBA ជាបណ្តោះអាសន្ននោះថា ជារឿងដ៏អយុត្តិធម៌ និងបង្ហាញពីការអនុវត្តស្តង់ដារពីរ។
រដ្ឋាភិបាលកម្ពុជា ដែលពលរដ្ឋ ក៏ដូចជាក្រុមបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលតែងមើលឃើញពីការអនុវត្តច្បាប់ដែលមានស្តង់ដារពីរនោះ ហើយរដ្ឋាភិបាលក៏តែងបដិសេធការមើលឃើញនេះ ក៏ចាប់ផ្តើមរិះគន់អន្តរជាតិ និងចេះស្រែកពីភាពអយុត្តិធម៌វិញម្តង។ ការស្រែកថាអយុត្តិធម៌នេះ ក្រោយពេលសហភាពអឺរ៉ុបបានប្រកាសពីការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដោយផ្នែកលើមុខទំនិញមួយចំនួន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញ គណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកអនុគ្រោះពន្ធលើទំហំមួយភាគប្រាំ (1/5%) នៃផលិតផលកម្ពុជា ដែលនាំទៅកាន់អឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូ ឬស្មើជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬស្មើប្រមាណ ២០% ដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។
ការសម្រេចនេះដោយអឺរ៉ុបអះអាងថា កម្ពុជានៅតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
អឺរ៉ុបក៏បានលើកឡើងថា សម្រេចនេះ នឹងធ្វើឱ្យប៉ះពាល់ទំនិញផ្សេងៗ ដូចជាស្ករស ហើយក៏ប៉ះពាល់ដល់វិស័យឧស្សាហ៍កម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាបានចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថា ជារឿងដ៏អយុត្តិធម៌ដែលផ្តើមចេញពីការភាន់ច្រលំ និងការយល់ខុសពីតថភាពជាក់ស្តែងនៅកម្ពុជា។
ក្រសួងការបរទេសកម្ពុជា ក៏បានហៅសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការអនុវត្តស្តង់ដារពីរ ដោយអឺរ៉ុបមិនបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការលើកកម្ពស់សិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ។
ទោះបីជាយ៉ាងនេះក្តី តំណាងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និង ជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក Josep Borrell មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា សហភាពអឺរ៉ុបគ្មានជម្រើសផ្សេងទៀតល្អជាងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយផ្នែកមកលើកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងការបំពានសិទ្ធិមនុស្ស ការរំលោភបំពានក្នុងសកម្មភាពចូលរួមផ្នែកនយោបាយ និងអង្គការពីសំណាក់ រដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ។
លោកថា សហគមន៍អ៊ឺរ៉ុបនឹងមិនឈរមើលចំពោះការរំលោភបំពានទាំងនេះឡើយ ហើយអឺរ៉ុបនឹងឃ្លាំមើលនៅពេលដែលលទ្ធិប្រជាធិប តេយ្យត្រូវបានបំផ្លាញ សិទ្ធិមនុស្សត្រូវបានរំលោភបំពាន និងសិទ្ធិសេរីភាពពលរដ្ឋត្រូវបានគេកំណត់នោះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានលើកឡើងលើគណនេយ្យហ្វេសប៊ុករបស់លោកថា សេចក្តីសម្រេចរបស់អឺរ៉ុបនេះ គឺបានបញ្ជាក់ច្បាស់ អំពីមូលហេតុដែលនាំអោយសហភាពអឺរ៉ុបឈានដល់ការដកហូតប្រព័ន្ធនេះគឺមកពីអឺរ៉ុបរកឃើញថាកម្ពុជាមានការរំលោភជាប្រព័ន្ធលើសិទ្ធិមនុស្ស សិទ្ធិស៊ីវិល សិទ្ធិការងារ និងសិទ្ធិនយោបាយ។
បន្ថែមពីនេះ អឺរ៉ុបបានព្យាយាមជំរុញអោយរដ្ឋាភិបាលកម្ពុជាកែរលំអរបញ្ហាទាំងនេះម្តងហើយម្តងទៀត ហើយមូលហេតុនៃការផ្តាច់នេះមិនមែនដោយសារមានការស្នើរសុំពីភាគីណាមួយ ពោលគឺមិនមែនដោយអង្គការសង្គមស៊ីវិលណាមួយ ឬដោយសារសហជីពណាមួយ ឬដោយសាគណៈបក្សនយោបាយណាមួយនោះក៏គ្មានដែរ។
យ៉ាងនេះក្តី លោក Josep Borrell បញ្ជាក់បន្ថែមថា ការសម្រេចចិត្តរបស់អឺរ៉ុបកាលពីថ្ងៃម្សិលមិញគឺ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អឺរ៉ុប ចំពោះប្រជាជនកម្ពុជា ពាក់ព័ន្ធសិទ្ធិសេរីភាពរបស់ពួកគេនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនេះ។ លោកថាដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មឡើងវិញ អាជ្ញាធរកម្ពុជាចាំបាច់ត្រូវចាត់វិធានការចាំបាច់តាមលក្ខខណ្ឌរបស់អឺរ៉ុបដែលបានកំណត់។
រីឯក្រសួងការបរទេសកម្ពុជាវិញ ក៏បានបញ្ជាក់ជំហរថា នឹងនៅតែប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបដោយឈរលើស្មារតីគោរព និងការទទួលផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងបន្តអនុវត្តន៍តាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។
ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ ឬ យកពន្ធលើទំនិញផ្នែកខ្លះដែលនាំចេញពីកម្ពុជាទៅកាន់អឺរ៉ុបនេះ នឹងចាប់ផ្តើមអនុវត្តន៍នៅខែសីហា ឆ្នាំនេះ ក្រោយពេលនីតិវិធីលើសេចក្តីសម្រេចនេះចូលជាធរមាន៕