26 C
Phnom Penh

ប្រជាជនសូដង់ចាប់ផ្ដើមទទួលពន្លឺយុត្តិធម៌ ពីតុលាការICC នឹងកាត់ក្ដីជនផ្ដាច់ការ Omar al-Bashir

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅលើលោកនេះ គ្មានអ្វីទៀតទាត់ឡើយ គឺមានតែពេលវេលាប៉ុណ្ណោះ ដែលជាដែនកំណត់នៃជោសវាសនារបស់ មនុស្ស ជាពិសេស មេដឹកនាំផ្ដាច់ការដែល មានបាបកម្មជាប់នឹងខ្លួន ដោយសារកាន់អំណាច បំពានសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្ស និងកឹបកេងទ្រព្យរបស់ប្រទេស។

សម្រាប់ប្រជាជន សូដង់ ជាពិសេស សហគមន៍តំបន់ដាហ្វ័រដែលធ្លាប់ឈឺចាប់ពីសំណាក់ ជនផ្ដាច់ការ Omar al-Bashir គឺចាប់ផ្ដើមទទួលពន្លឺនៃយុត្តិធម៌ ហើយពេលនេះ ។ លោក Omar al-Bashir ត្រូវបានប្រជាជននិងកងទ័ពសូដង់ទាញទម្លាក់ពីអំណាចនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ។

បាតុកម្មរបស់ប្រជាជនសូដងនៅរដ្ឋធានី កាទុំ រាប់ម៉ឺននាក់ បានប្រព្រឹត្តទៅរហូតដល់បីខែ ទើបទម្លាក់ជនផ្ដាច់មួយនេះបាន។ ជនផ្ដាច់ការ នេះ បានព្យាយាមកា្រញមួយអាណត្តិទៀត ដែលលោកថាលោកចង់កាន់អំណាចអោយបាន ៣៥ឆ្នាំ។

តែជោគវាសនារបស់បុរសនេះគឺត្រឹមតែ៣០ ក៏បានទាញទម្លាក់ពីអំណាច។ បុរសម្នាក់នេះហើយដែលឡើងកាន់អំណាច ដោយសាររដ្ឋប្រហារនៅឆ្នាំ១៩៨៩។ នៅពេលខ្លួនកាន់អំណាចកាន់តែយូរឆ្នាំ គឺកាន់តែឃោរឃៅនិងផ្ដាច់ការ។

បុរសខ្លាំងរូបនេះ គឺជាមេដឹកនាំដែល បង្ក្រាបក្រុមប្រឆាំងមិនរើសសមរភូមិឡើយតាមរយៈការបង្ក្រាបកំទេច នៃទ្រឹស្ដីនយោបាយ ឈ្នះៗរបស់ខ្លួន។ ក្នុងអំឡុងកាន់អំណាច៣០ បុរសនេះ និងបក្សពួក បានប្រព្រឹត្តខ្លាំងណាស់នូវ ការរំលោភបំពានសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាជន។ ក្រុមប្រឆាំងមិនតិចជាង១០០០នាក់ទេ ដែលបុរសរូបនេះចាប់ខ្លួន ដាក់គុក និងសម្លាប់ក្រៅប្រព័ន្ធច្បាប់។ 

អំឡុងបាតុកម្ម ជាង៣ខែគឺ បាតុករស្លាប់ដោយសារ បុរសនេះ បញ្ជាអោយកងសន្តិសុខ វាយបង្ក្រាបបាញ់រះគឺមានដល់ជិត៥០០នាក់ ឯណោះ។ អង្គការសិទិ្ធមនុស្សអន្តរជាតិ បានកត់ត្រា ឈ្មោះបុរសនេះ និងបក្សពួករបស់ខ្លួន ច្រើនរាប់សិបនាក់ ក្នុងបញ្ជីនៃមេដឹកនាំផ្ដាច់ការច្រើននាក់ទៀត ដែលមានឈ្មោះ ជាជនឧក្រិដ្ឋជននៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងអំឡុងខ្លួនកាន់អំណាច។

តែសម្រាប់ បុរសខ្លាំង al-Bashir ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីការ សុំអោយប៉ូលិស អន្តរជាតិនាំខ្លួនចំនួន ៣ដងមក ហើយ។ តែដីកាចុងក្រោយនេះ គឺជាដីកាទី៤ ដែលបានធ្លាក់ដល់ដៃ រដ្ឋាភិបាល ស្រោចស្រង់ជាតិ ដែលកើតចេញពីកម្លាំងចម្រុះ ទាំងយោធា និងក្រុមប្រឆាំងដែលបានផ្ដួលរំលំលោក កាលពីថ្ងៃទី១១ ខែមេសា ។

ដីកាចុងក្រោយនេះ បាននិយាយយោងទាំងការសម្លាប់រង្គាលទៅលើ ជនស៊ីវិល នៃតំបន់ដាហ្វ័រ ក្នុងសង្រ្គាមស៊ីវិល ឆ្នាំ ២០០៣ ដល់ ឆ្នាំ២០០៨ ដែលធ្វើឲ្យមនុស្សជាង ៣០ម៉ឺននាក់បានស្លាប់ក្រោម សា្នដៃរបស់លោក និងបូករួម ការកាន់អំណាច សម្លាប់ក្រុមប្រឆាំង អំឡុងបាតុកម្មរយៈពេល៣ខែ  ដែលសំណុំរឿងទាំងនេះធំធេង និងធ្ងន់ធ្ងរណាស់ ប្រឆាំងនឹង អ្នកកាន់អំណាចយូរឆ្នាំរូបនេះ។

ដោយទប់នឹងសម្ពាធរបស់ ប្រជាជន លែងកើត រដ្ឋាភិបាលថ្មី បានសម្រេចថានឹងប្រគល់ខ្លួន លោក al-Bashir ទៅកាន់តុលាការ ICC ដើម្បីជំនុំជម្រះក្ដី ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិង បទចោទ ប្រល័យពូជសាសន៍ នៅ តំបន់ដាហ្វ័រ។

លោក Faisal Saleh រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយថា ប្រាប់ សារព័ត៌មាន Reuters ថា ការបញ្ជូនខ្លួន លោក al-Bashir និង ជនសង្ស័យ៤នាក់ទៀត ដែលជាដៃស្ដាំរបស់លោក al-Bashir ធ្វើឡើង តាមការស្នើសុំពីអាជ្ញាធរ នៃតំបន់ដាហ្វ័រ ហើយម្យ៉ាងទៀត រដ្ឋាភិបាល បានសន្យានៅចំពោះមុខជនរងគ្រោះថានឹង ប្រគល់លោក al-Bashir ទៅអោយ ICC នៅពេលណា បុរសនេះ បានឆ្លងកាត់ការកាត់ទោស ក្នុងសំណុំរឿងពុករលួយ ជាមុនសិន។

តែយ៉ាងណា លោក ថា អាជ្ញាធរនៃតំបន់ដាហ្វ័រចង់បង្កើត តុលាការពិសេសដើម្បីកាត់ទោស al-Bashir ដោយមានក្រុមចៅក្រម និងរដ្ឋអាជ្ញារបស់តុលាការ ICC ជាអ្នកកាត់ក្ដីដោយផ្ទាល់នៅដាហ្វ័រ ហើយការកាត់ក្ដីនេះ ធ្វើនៅចំពោះមុខ ប្រជាជន និងគ្រួសារ ជនរងគ្រោះ។

ទោះជា សាលាក្ដីពិសេសនេះ បង្កើតនៅតំបន់ទីណា ក៏ដោយ សម្រាប់ Kenneth Roth ប្រធានអង្គការសិទ្ធិមនុស្ស  Human Rights Watch បាននិយាយថា ពលរដ្ឋសូដង់ ដែលស្រែកឃ្លាន យុត្តិធម៌ នឹងចាប់ផ្ដើម ទទួលពន្លឺយុត្តិធម៌ ពីតុលាការ ICC  ដែលរឿងនេះ នឹងក្លាយជា ការបំបាត់និទណ្ឌភាព នៃរបបរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរធ្លាបមានកាលពី៣០ឆ្នាំមុននេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស