30 C
Phnom Penh

ការទទួលឱ្យនាវាទេសចរណ៍អាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុទទួលបានការគាំទ្រផង និងរិះគន់ផង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវាទេសចរណ៍របស់សហរដ្ឋអាមេរិកឈ្មោះ វ៉េសស្ទើដាំ (Westerdam) បានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកនេះខណៈប្រទេសចំនួន៦ បានបដិសេធមិនឱ្យចូលចតនោះក្នុងទឹកដីរបស់គេនោះឡើយ ដោយបារម្ភខ្លាចអ្នកដំណើរនៅលើនាវានោះមានផ្ទុកអ្នកជំងឺផ្លូវដង្ហើមប្រទេសថ្មីឈ្មោះ កូរ៉ូណា។

នាវាសហរដ្ឋអាមេរិកនេះ មានផ្ទុកអ្នកដំណើរជាង២ពាន់នាក់ ដែលត្រូវបានប្រទេសចំនួន៦រួមមានប្រទេស ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន  តៃវ៉ាន់ និងហ្គាម (Guam) បានបដិសេធមិនឱ្យកប៉ាល់នេះចូលចត ដោយបារម្ភខ្លាចអ្នកទេសចរនៅលើកប៉ាល់មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ COVID-19។

ការសម្រេចឱ្យនាវាទេសចរណ៍អាមេរិក វ៉េសស្ទើនដាំ (Westerdam) ចុះចតនៅថ្ងៃនេះ ក្រោយពេលលោក ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍មួយនេះចុះចតនៅកម្ពុជា ក្រោមហេតុផលមនុស្សធម៌ គ្មានការរើសអើង និងជាគោលការណ៍រួមរបស់អាស៊ាន និងពិភពលោកផងដែរ។

ការសម្រេចឱ្យនាវាទេសចរណ៍ របស់អាមេរិកចុះចតនៅលើទឹកដី កម្ពុជានេះ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់ថាកម្ពុជាមិនគួរឱ្យនាវានេះចតឡើយ ដោយថាកម្ពុជាមានប្រព័ន្ធសុខាភិបាលខ្សោយ អាចនឹងពិបាកទប់ទប់ការឆ្លង ឬការព្យាបាលអ្នកជំងឺ ប្រសិនបើអ្នកដំណើរលើនាវានោះមានអ្នកឆ្លងជំងឺកូរ៉ូណា។

យ៉ាងនេះក្តី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy នៅថ្ងៃនេះ ក៏បានចេញសារជាវីដេអូ នៅលើទំព័រហ្វេសប៊ុករបស់អាមេរិក ដោយសរសើរកម្ពុជាដែលបានអនុញ្ញាតឱ្យនាវាវ៉េសស្ទើដាំ (Westerdam)  របស់ក្រុមហ៊ុន Holland America Line ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍នេះ។

នៅលើធ្វីតធ័ររបស់លោក Murphy កាលពីថ្ងៃម្សិលមិញ ក៏បានលើកឡើងថា ពលរដ្ឋអាមេរិកដែលជិះលើនាវានោះ មិនមានសេចក្តីរាយការណ៍ថា មានជំងឺរលាកសួត COVID-19 ទេ។

ចំណែកប្រធានអង្គការសុខភាពពិភពលោកឬហៅកាត់ថា WHO លោក តេដ្រូស អាដហាណម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានសរសេរសារនៅលើ ធ្វីតធ័រ (Twitter) ដោយបានសម្តែងការអរគុណដល់រដ្ឋាភិបាលកម្ពុជា និងចាត់ទុកថាការផ្តល់កន្លែងចុះចតដល់នាវាទេសចរណ៍អាមេរិកនេះ បង្ហាញពីការសាមគ្គីគ្នា ដើម្បីបំបាក់ជំងឺកូរ៉ូណាថ្មី (COVID-19)។

ដោយឡែកសម្រាប់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា តាមរយៈនាយខុទ្ទកាល័យរបស់ខ្លួនបានលើកឡើងថា ការអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍របស់អាមេរិកចុះចតនៅកម្ពុជា គឺជាកាយវិការមនុស្សធម៌ និងការចូលរួមរកដំណោះស្រាយរបស់រាជរដ្ឋាភិបាល កម្ពុជា ចំពោះអ្នកទេសចរដែលមកពីបណ្តាប្រទេសផ្សេងៗទាំងនោះ។

កប៉ាល់ទេសចរណ៍អាមេរិក វ៉េសស្ទើដាំបានចេញធ្វើដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ។ កប៉ាល់នេះមានផ្ទុកអ្នកដំណើរប្រមាណជាង១ពាន់៤រយនាក់(១៤៥៥) និងមានបុគ្គលិកបម្រើការងារក្នុងនោះចំនួន ៨០២នាក់ មកពី ៤១ជនជាតិ។

យ៉ាងនេះក្តី អាជ្ញាធរខេត្តព្រះសីហនុ អះអាងប្រាប់អ្នកកាសែតថា អ្នកដំណើរទាំងអស់នោះ នឹងពិនិត្យតាមដានសុខភាពជាមុនសិន ដើម្បីឱ្យប្រាកដថាពួកគេគ្មានជំងឺប្រភេទថ្មី ទើបអនុញ្ញាតឱ្យចេញពីនាវា នឹងបន្តដំណើរមកព្រលានយន្តហោះកម្ពុជា ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ។

ជំងឺកូរ៉ូណាឬ Covid-19 បានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន និងបានរីករាលដាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក។ គិតត្រឹមថ្ងៃព្រហស្បតិ៍ មានមនុស្សស្លាប់ដោយសារមេរោគ Covid-19 នៅប្រទេសចិនបានកើនដល់ចំនួន ជាង១ពាន់៣រយនាក់(១ ៣៦៩) និងបានឆ្លងដល់មនុស្សជាង៦ម៉ឺននាក់(៦០ ៣២៩)៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស