34 C
Phnom Penh

លោក ហ៊ុន សែន ជំរុញឱ្យក្រសួងយុត្តិធម៌ពន្លឿនការដោះស្រាយរឿងក្តីរបស់ស្ត្រី ដែលកំពុងជាប់ក្នុងពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញជាថ្មីទៀតឱ្យក្រសួងយុត្តិធម៌ តាមរយៈមន្ត្រីតុលាការ និងក្រសួងមហាផ្ទៃ ពន្លឿនការដោះស្រាយបញ្ចប់លើសំណុំរឿងរបស់ស្ត្រីទូទាំងប្រទេសដែលកំពុងជាប់ពន្ធនាគារឱ្យបានឆាប់រហ័ស។

ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ នាព្រឹកថ្ងៃចន្ទនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងឱកាសនោះ លោកហ៊ុន សែន ក៏បានជំរុញអោយក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការណ៍បន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងត្រូវតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដោយធ្វើយ៉ាងណាពន្លឿនការងារកាត់ក្តីអោយឆាប់ចប់ រួមទាំងការស្វែងរកមេធាវីសំរាប់ការពារស្ត្រីដែលជាពិរុទ្ធជនផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅក្រសួងយុត្តិធម៌ឱ្យ ពន្លឿនការងារនេះដោយធ្វើយ៉ាងណាកាត់ក្តីឱ្យបានឆាប់ចប់ និងឆាប់បានផ្តល់សេរីភាពដល់ស្ត្រីទាំងនោះឡើងវិញ។

លោកហ៊ុន សែន ក៏ធ្លាប់លើកឡើងដែរថាស្ត្រីនៅក្នុងពន្ធនាគារពិតជាមានបញ្ហាប្រឈមជាច្រើន ហើយគ្រួសាររបស់ពួកគេនៅខាងក្រៅក៏ត្រូវការស្ត្រីទាំងនោះជាចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងគ្រួសារដែរ។

ប្រភពដដែលអះអាងទៀតថា បច្ចប្បន្ននេះសំណុំរឿងរបស់ស្ត្រី ដែលមិនទាន់កាត់ក្តី នៅមានចំនួនជាង២ម៉ឺនសំណុំរឿងទៀត។ លោកហ៊ុន សែន ក៏បានឌឺដងដល់តុលាការ ថាអាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ ប្រសិនបើសាលកាត់ក្តីរវល់ ឬមានមិនគ្រប់គ្រាន់នោះ។

របាយការណ៍របស់អង្គការលីកាដូ ចេញកាលពីឆ្នាំមុន ដែលឃ្លាំលើទៅពន្ធនាគារចំនួន១៨ បង្ហាញថា ចំនួនស្ត្រីមានផ្ទៃពោះ និងម្ដាយមានកូនតូចនៅជាប់ជាមួយ ក្នុងពន្ធនាគារមានចំនួនខ្ពស់បំផុត។ ក្នុងនោះ ស្រ្តីមានផ្ទៃពោះចំនួន ៥៥នាក់ និងម្ដាយជាប់កូនតូចចំនួន ២០៣នាក់ ដោយអ្នកជាប់ឃុំទាំងនោះភាគច្រើនពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស