35 C
Phnom Penh

លោក ហ៊ុន សែន ជំរុញឱ្យមានការតាមដានសុវត្ថិភាពពលការិនី ដែលទៅធ្វើការងារនៅក្រៅប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា ត្រូវតាមដានពលការិនីដែលទៅធ្វើការងារនៅក្រៅប្រទេស ដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្តិភាពរបស់ពួកគេ និងការពារចំពោះការរំលោភបំពានផ្សេងៗដែលអាចកើតឡើងនៅទីនោះ។

ការបញ្ជានេះ ធ្វើឡើងក្នុងពិធីប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ នៅព្រឹកនេះ លោកហ៊ុន សែន ថាធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពការងារ និងការរស់នៅរបស់ពលការិនី ដែលទៅធ្វើការងារនៅក្រៅប្រទេស។

ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ក្រោយពលការិនីខ្មែរ ដែលទៅធ្វើការងារនៅក្រៅប្រទេសមួយចំនួន ពិសេសទៅតាមរយៈមេខ្យល់ ឬ រៀបការជាមួយបុរសបរទេសដូចជានៅប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់រួមជាដើម បានជួបបញ្ហាប្រឈមជាច្រើន ដូចជាការដកឯកសារទុកពីសំណាក់ថៅកែ ការធ្វើទារុណកម្ម ការលក់ដូរបន្តដូចសត្វធាតុ និងការបង្ខំឱ្យធ្វើការងារគ្មានពេលសម្រាកជាដើម។

លើសពីនេះទៅទៀត ពួកគេត្រូវបានក្រុមគ្រួសារដែលពួកគេរស់នៅជាមួយបំពានផ្លូវភេទ បង្អត់អាហារ និងមានករណីធ្វើទារុណកម្មស្ត្រីខ្មែររហូតដល់បាត់បង់សតិ និងស្លាប់ជាដើម។

របាយការណ៍របស់ ក្រសួងការបរទេសកម្ពុជា បង្ហាញថាក្នុងឆ្នាំ២០១៨ កម្ពុជាបានជួយសង្គ្រោះពលរដ្ឋនៅក្រៅប្រទេស ពិសេស ពលករ-ពលការិនី ជិត១ម៉ឺននាក់ ដែលរងការរំលោភបំពាន និងត្រូវបានគេជួញដូរ។

យ៉ាងនេះក្តី ការជួយអន្តរាគមន៍ដល់ពលការិនីនៅក្រៅប្រទេសដែលជួបបញ្ហា កន្លងមកត្រូវបានសង្គមស៊ីវិលមើលឃើញថាមានភាពយឺតយ៉ាវ ហើយមានលក្ខខណ្ឌស្មុគ្រស្មាញ ដោយមិនបានឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ស្ត្រីទាំងនោះភ្លាមៗឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស