26 C
Phnom Penh

GMAC ហៅការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុបដោយផ្នែកថាធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ និងធ្លាក់ក្នុងភាពក្រីក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ជាភាសាអង់គ្លេសថា GMAC បានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យផ្ដល់ការអនុគ្រោះពន្ធ EBA ដូចដើមដល់កម្ពុជាវិញ ដើម្បីបន្តលើកស្ទួយជីវភាពពលរដ្ឋខ្មែរឱ្យចាកផុតពីភាពក្រីក្រ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃចន្ទនេះ GMACបានសម្តែងការខកចិត្តចំពោះសហភាពអឺរ៉ុបដែលសម្រេចដកហូតផ្នែកខ្លះនៃការកម្មវិធីអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើមុខទំនិញលើកលែងតែអាវុធហៅកាត់ថា EBA ដោយថាការសម្រេចនេះ គឺ បានត្រឹមតែធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ និងធ្វើឱ្យពលរដ្ឋកម្ពុជាធ្លាក់ក្នុងភាពក្រីក្រប៉ុណ្ណោះ។

GMAC បន្តថា ការសម្រេចរបស់សហភាពអឺរ៉ុបនេះ អាចនឹងបង្កឱ្យមានការភ័ន្តច្រឡំអំពីស្ថានភាពពាណិជ្ជកម្មរវាងភាគីទាំងពីរដែលកំពុងឆ្ពោះទៅមុខ ហើយនឹងជាការលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញផងដែរ។ លើសពីនេះទៀត  នឹងធ្វើឱ្យក្រុមថៅកែរោងចក្រកាន់តែពិបាកក្នុងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀត ដល់កម្មករ ដោយសារផលប៉ះពាល់អវិជ្ជមាននៃភាពប្រកួតប្រជែងមកលើវិស័យកាត់ដេរនៅកម្ពុជា។

ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបបានសម្រេចជាផ្លូវការកាលពីថ្ងៃទី ១២ កុម្ភៈ ដែលយកពន្ធលើទំនិញកម្ពុជាដោយផ្នែក ពោលគឺលើការនាំទំនិញចេញទៅអឺរ៉ុបដែលគិតជាទឹកប្រាក់ជាង ១ ពាន់លានដុល្លារ ឬ ស្មើប្រមាណ២០ភាគរយ ។

អឺរ៉ុបក៏បានអះអាងថា ការសម្រេចនេះ នឹងប៉ះពាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាទៀតផង។

នីតិវិធីយកពន្ធដោយផ្នែកនេះ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅខែសីហា ប្រសិនបើគ្មានសំឡេងជំទាស់ ប៉ុន្តែអឺរ៉ុបក៏បង្ហើបផ្លូវសម្រាប់កម្ពុជាថា ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន ចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ គឺគ្រាន់តែស្តារស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពនយោបាយ និងវិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

យ៉ាងណាក៏ដោយចុះ អឺរ៉ុបក៏ព្រមានថា នឹងមានដំណាក់កាលដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA នេះបន្តទៀត ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងវិញ ឆ្លើយតបតាមការទាមទាររបស់ខ្លួននោះទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស