ប្រទេសទាំងដប់នៅក្នុងសមាគមអាស៊ាន មានចរឹកនយោបាយខុសៗគ្នា។ ប្រទេសខ្លះ មានឧត្តមគតិខ្លាំង ដើម្បីជាតិ ជាពិសេសបញ្ហាសេដ្ឋកិច្ច។ សូម្បីប្រទេសសិង្ហបុរីដែលមានសេដ្ឋកិច្ច រឹងមាំជាងគេ ក៏នៅត្រូវ ការ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីហៅកាត់ថា FTA ជាមួយដៃគូរបស់ខ្លួន ជាពិសេសសហភាពអឺរ៉ុប និងអាមេរិកយ៉ាងខ្លាំង។
ចំណែក ប្រទេសវៀតណាម ជារដ្ឋកុម្មុយនិស្តពិតមែន តែប្រទេសនេះ ប្រកាន់របបសេដ្ឋកិច្ចសេរី ក្រោយពីពិភពលោកបញ្ចប់សង្រ្គាមត្រជាក់ ប្រទេសនេះ ចង់បានណាស់នូវប្រព័ន្ធអនុគ្រោះពន្ធពីដៃគូរបស់ខ្លួន។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលកម្ពុជា ចាប់ផ្ដើមរបូតបាត់ប្រព័ន្ធអនុគ្រោះពន្ធពិសេស ជាងគេគឺ EBA ពេលនោះមហាមិត្តម៉ឺនឆ្នាំរបស់កម្ពុជា ឬបងធំនៃគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនោះ បែជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយសហភាពអឺរ៉ុបទៅវិញ ដែលនាំអោយរដ្ឋាភិបាល និងប្រជាជននៃប្រទេសនេះ សាទរជាខ្លាំង ជាមួយនឹងក្ដីរំពឹងថាទៅអនាគត សេដ្ឋកិច្ចប្រទេសនេះ នឹងក្លាយជា សរសរស្ដមដ៏ពិតប្រាកដនៃសេដ្ឋកិច្ចតំបន់ មិនដូចប្រទេសខ្លះដែលប្រាថ្នាដែរ តែធ្វើអោយឱកាសនោះរបូតទៅវិញ។ ចំណែកប្រទេសថៃ វិញបានធ្វើអោយបាត់ FTA ជាមួយសហភាពអឺរ៉ុប ដោយសារតែពួកយោធា ធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាលប្រជាធិបតេយ្យកាលពីឆ្នាំ ២០១៤។
ឥឡូវនេះប្រទេសថៃកំពុងទាមទារត្រឡប់មកវិញ នូវប្រព័ន្ធ FTA ពីសហភាពអឺរ៉ុប ប៉ុន្តែមិនទាន់ទទួលបានដូចចិត្តចង់បាននោះឡើយ។ បន្ថែមលើសពីនេះ រាជាណាចក្រដ៏ធំនេះ កំពុងសុំអង្វរសហរដ្ឋអាមេរិកកុំអោយព្យួរ នូវប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលនាយករដ្ឋមន្ត្រីនៃប្រទេសនេះ ថាបើបាត់ GSP គឺប៉ះពាល់ជាខ្លាំងដល់សន្ទុះសេដ្ឋកិច្ច និង ជាពិសេស ប៉ះពាល់ដល់កម្មករស្បៀងសមុទ្រ ជាច្រើនម៉ឺននាក់ថែមទៀត។
លោក ប្រាយុទ្ធចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ បានដាក់កាយទទួលជួបក្រុមសហជីពកម្មករថៃនៅថ្ងៃទី០៣ មីនាខាងមុខនេះដើម្បី ពិភាក្សារកមធ្យោបាយ បញ្ជៀសកុំឱ្យសហរដ្ឋអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសថៃ ។ សារព័ត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថាលោកបា្រយុទ្ធ ចាន់អូចា កំពុងបញ្ជុះបញ្ជូលអាមេរិក កុំអោយប្រកាន់ ជំហរបែបនេះ ដែលលោកថា អ្វីៗអាចនិយាយគ្នាបាន។
តែអ្វីដែលនាំអោយក្រុងវ៉ាស៊ីនតោន រៀបចំដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសថៃ មានតែមួយគត់ គឺវិស័យរោងចក្រផលិតអាហារសមុទ្រមានភាពអាក្រក់ណាស់ ដោយសារមានការគាបសង្កត់សិទិ្ធសេរីភាពកម្មករយ៉ាងធ្ងន់ធ្ងរ ដែលអាមេរិក បានព្រមានច្រើនខែមកហើយ ថាអោយកែសម្រួលជាបន្ទាន់ នូវសិទ្ធិកម្មករនៃវិស័យនេះ ប៉ុន្តែថៃនៅមិនទាន់អាចធ្វើឲ្យប្រសើរនៅឡើយ។ នៅចុងខែមេសាឆ្នាំ២០២០ គឺជាសេចក្ដីសម្រេចចុងក្រោយ ថាតើត្រូវព្យួរឬក៏មិនព្យួរនូវអត្ថប្រយោជន៍សេដ្ឋកិច្ច GSP។
ថ្លែងនៅក្នុងសិក្ខាសាលាមួយទាក់ទិននឹងប្រយោជន៍GSP លោក Chalee Loysoong ដែលជាអនុប្រធាន គណៈកម្មាធិការសាមគ្គីភាពកម្មករថៃបានព្រមានថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP អាចនឹងបង្កផលប៉ះពាល់ដល់កម្មករយ៉ាងតិចណាស់ ៤ម៉ឺននាក់ក្នុងដំណាក់កាលដំបូងដែលពួកគេ កំពុងបម្រើការនៅតាមឧស្សាហកម្មជាច្រើន។
លោក បន្តថា ដោយសារបញ្ហានេះ ហើយបានជាបណ្ដាញសហជីពនៅក្នុងប្រទេសថៃ និងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាត្រូវជួបគ្នា ដើម្បីពិនិត្យមើលអំពីផលប៉ះពាល់ ហើយត្រូវចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ GSP ឱ្យបានមកវិញ។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ តំណាងពាណិជ្ជកម្មអាមេរិក បានប្រកាសថា ខ្លួននឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលមានតម្លៃជាង១ពាន់ ៣រយលានដុល្លារ ហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខាងមុខ។ ហើយបើមានការលុបចោលនូវការអនុគ្រោះពន្ធនេះវានឹងប៉ះទង្គិចដល់ផលិតផលនាំចូលពីប្រទេសថៃចំនួន ៥៧៣មុខ ដែលអាចនឹងប្រឈមមុខនឹងការបង់ពន្ធចូលទីផ្សារអាមេរិកចំនួន ៤.៥%។
ការប្រកាសលុបចោលនេះទៀតសោត គឺដោយសារតែរដ្ឋាភិបាលថៃបរាជ័យ ក្នុងការដោះស្រាយបញ្ហារំលោភបំពានសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និងវិស័យដឹកជញ្ជូនតាមកប៉ាល់។
ករណីនេះ បើថៃចង់បានប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រឡប់មកវិញ លុះត្រាតែរដ្ឋាភិបាលនៃរាជាណាចក្រនេះ ត្រូវតែបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការលើកម្ពស់ និងការពារសិទ្ធិពលករ។
ចំណែក លោក Robert Pajkovski ប្រធានក្រុមសិទ្ធិកម្មករនៃមជ្ឈមណ្ឌលសាមគ្គីភាពសហរដ្ឋអាមេរិក បានប្រាប់ទៅប្រទេសថៃថាពួកគេជិតបាត់បង់ GSPហើយ ពីព្រោះថៃបានបង្ហាញពីដំណើរការប្រសើរឡើងតិចតួចណាស់នៃការគោរពសិទ្ធិកម្មករ។
លោកបន្ដ ថាប្រសិនបើថៃនៅតែចង់ទទួលបានGSPជាប្រព័ន្ធអនុគ្រោះពន្ធដ៏ពិសេសនេះទៀត ថៃត្រូវតែបង្ហាញទៅសហគមន៍អន្ដរជាតិនូវការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៃអនុវត្តសិទ្ធិកម្មករស្របទៅតាមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ឬILO មាត្រា៨៧ ដែលទទួលស្គាល់សេរីភាពសហជីពកម្មករ។
សារព័ត៌មាន សេដ្ឋកិច្ចរបស់អាមេរិក Bloomberg អោយដឹងថា រាជាណាចក្រថៃ គឺជាទីផ្សារនាំចេញធំទី2 មកកាន់សហរដ្ឋអាមេរិកក្នុងទំហំដល់ទៅ៩៦2ពាន់លានដុល្លារ ហើយវិស័យស្បៀងសមុទ្រ ជាទំនិញដែលធំជាងគេ។
កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ Generalized System Preferences ឬហៅកាត់ថា GSP របស់សហអាមេរិកនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៦ ។ ប្រព័ន្ធនេះសំដៅជួយប្រទេសក្រីក្រ ឲ្យបង្កើនទំហំប្រាក់ចំណូលក្នុងការនាំចេញទំនិញ ជួយពង្រឹងវិស័យឧស្សាហកម្ម និង ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ។
ប៉ុន្តែមុននឹងទទួលបាន GSP គឺប្រទេសទាំងនោះ ត្រូវបំពេញឲ្យបានជាដាច់ខាតនូវលក្ខខណ្ឌទាំងនោះ រួមមានការគោរពសិទ្ធិការងារ និង សិទ្ធិមនុស្ស។ ជារួមទៅប្រទេសក្នុងតំបន់អាស៊ាន ដែលប្រទេសខ្លះ មានទ្រព្យនៅក្នុងដៃហើយ ចង់អោយគេយកត្រឡប់ទៅវិញ ហើយចំណែកប្រទេសខ្លះចង់បានប្រព័ន្ធអនុគ្រោះពន្ធនេះថែមទៀត ទោះបីប្រទេសនោះមានសេដ្ឋកិច្ចខ្លាំងជាងគេ នៅក្នុងតំបន់យ៉ាងណាក៏ដោយ។ នេះហើយដែលគេហៅថាចរឹកមេដឹកនាំប្រទេសមានភាពខុសគ្នា៕