31 C
Phnom Penh

ចិនស្នើឲ្យអាស៊ាន បើកកិច្ចប្រជុំជាបន្ទាន់អំពីវីរុសកូរ៉ូណាខណៈ អាស៊ានខ្លះមានជម្លោះការទូត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះ ជម្លោះការទូតតូចមួយ រវាងកម្ពុជា និងម៉េឡេស៊ីបានលិច  ត្រណែតឡើង ក្រោយពីកម្ពុជាបាន ដាក់កំណត់ទូតតវ៉ា អោយប្រទេសម៉ាឡេស៊ី បង្ហាញពីភាពសុក្រឹត នៃលទ្ធផល ការធ្វើតេស្ត លើ ស្ត្រីជនជាតិអាមេរិក ម្នាក់អាយុ៨៣ឆ្នាំ ដែលបានរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា នៅពេលស្ត្រីរូបនោះ ចាកចេញពីកម្ពុជា ដោយជិះយន្តហោះចូលទឹកដីម៉ាឡេស៊ីកាលពីថ្ងៃទី១៥ ខែកុម្ភៈ។

ជម្លោះនេះ បើទោះបីមានរូបតូចក្ដី ប៉ុន្តែវាបានប៉ះពាល់ដល់កិត្តិយសនិងមុខមាត់របស់ប្រទេសកម្ពុជាផងដែរ។ គេសង្កេតឃើញអាស៊ាន ដែលមានសមាជិក១០ប្រទេសនេះ ភាគច្រើនចាត់វិធានការខ្លាំងក្លា លើប្រទេសចិន ដោយខ្លះបិទព្រំដែន បិទជើងហោះហើរ មិនអោយពលរដ្ឋចិន ចូលទឹកដីរបស់ពួកគេទៀតផង គឺដោយសារតែភ័យខ្លាច  ពីការឆ្លងមេរោគកូរ៉ូណា ដល់ពលរដ្ឋនៃប្រទេសរបស់ពួកគេ។

ប៉ុន្តែសំរាប់កម្ពុជា ហាក់ខុសពីគេ ដោយមិនមានការរឹតបន្តឹងដូចប្រទេសដទៃឡើយ ហើយនៅតែបើកចំហរទទួលយកការហោះហើរពីចិនដែលមេដឹកនាំកម្ពុជាថា មិត្តល្អត្រូវចេះ ជួយគ្នា ក្នុងគ្រាលំបាក។ តែអ្វីដែលធ្វើអោយ មានការចាប់អារម្មណ៍នោះ ចិនចង់ឃើញអាស៊ាន ដែលជាដៃគូសេដ្ឋកិច្ច ដ៏ខ្លាំងជាមួយចិន ក្រោមគោលនយោបាយ ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ ឆ្លើយតបករណីវិរុសកូរ៉ូណា ដោយសេចក្ដីអត់ធ្មត់និងយោគយល់។ ក្នុងន័យនេះហើយ ដែលរដ្ឋមន្ត្រីការបរទេសចិន លោក វាំងយី បានស្នើអោយ ឡាវ ជួយរៀបចំជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន។  

គេហទំព័រ ASEAN NEWS.IT  ចុះផ្សាយថា ប្រទេសឡាវបានសន្យាថានឹងរៀបចំកិច្ចប្រជុំ ឥតព្រាងទុកមួយនៅថ្ងៃសុក្រទី២១ ខែកុម្ភៈនេះ។កិច្ចប្រជុំពិសេសនេះ នឹងធ្វើឡើងក្រោមប្រធានបទក្ដៅគគុកមួយនៃវីរុសកូរ៉ូណាថ្មី ខណៈមើលឃើញថាប្រទេសជាសមាជិកអាស៊ានជាច្រើនបានធ្លាក់ខ្លួនជាជនរងគ្រោះនៃជំងឺនេះ ហើយក៏ជាកិច្ចប្រជុំដើម្បី ពិនិត្យឡើងវិញពីទំនាក់ទំនងអាស៊ាននឹងចិនក្នុងគ្រាដែលចិន ជួបវិបត្តិនៃការផ្ទុះមេរោគដ៏កំណាចនេះដែរ។

តួលេខចុងក្រោយពីព័ត៌មាន South China Morning Post  បានសរុបថា ថៃមានអ្នកផ្ទុកវីរុសកូរ៉ូណានេះចំនួន ៣៥ករណី សិង្ហបុរីដែលជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍មានលើសលុបដល់ទៅ៧៥នាក់ រួមនឹងប្រទេសផ្សេងៗទៀត នឹងសមភាគីអាស៊ាន គឺជប៉ុនមានចំនួន៥១៨នាក់ទៅហើយ។

ការផ្ទុះរាលដាលវីរុសនេះបានតម្រូវឱ្យទីសាធារណៈជាច្រើនត្រូវបានបិទរួមនឹងសេវាសាធារណៈ សាលារៀន ព្រះវិហារផងដែរ។

អ្នកវិភាគកំពុងសម្លឹងមើលពីឥរិយាបថអាស៊ានចំពោះចិនក្នុងករណីនេះ ថាតើនឹងមានឥទ្ធិពលយ៉ាងណាតាមរយៈការបិទជើងហោះហើរនិងវិធានការផ្សេងៗដូចជាការបិទព្រំដែនជាដើម។

បើតាមការប្រកាសឱ្យដឹងរបស់សមាគមអាស៊ានគឺ កិច្ចប្រជុំខាងមុខនេះក៏ចិននឹងមានវត្តមានក្នុងកិច្ចប្រជុំនេះដែរតបតាមការសំណើរបស់ចិនហើយកិច្ចប្រជុំនេះ សម្រាប់តែអាស៊ានប៉ុណ្ណោះ ដោយសារចិនជាភាគីពាក់ព័ន្ធដ៏សំខាន់បំផុតក្នុងគ្រានៃការផ្ទុះមេរោគដែលសម្លាប់ពលរដ្ឋចិន មួយថ្ងៃៗជាងមួយរយនាក់។

កិច្ចប្រជុំនេះ ធ្វើនៅ ក្រុងវៀងចន្ទន៍ ប្រទេសឡាវ មានរយៈពេល៣ថ្ងៃ ជាកិច្ចប្រជុំពហុភាគីលើកទី១ស្ដីពីវិបត្តិសុខភាពតំបន់។

ASIA NEWS ឲ្យដឹងទៀតថា ការប្រជុំនេះធ្វើឡើងបន្ទាប់ពី ចិនរងការទិតៀនជាច្រើនក្នុងការផ្ដល់ព័ត៌មានជូនពិភពលោកដោយការលាក់បាំងតួលេខអ្នកស្លាប់ និងអ្នកឆ្លង ហើយរងការរិះគន់ថា ចិន ចាត់វិធានការ យឺតពេលទៅហើយ ក្នុងការទប់ស្កាត់ មេរោគដ៏កំណាចនេះ។

តែយ៉ាងណា អាជ្ញាធរចិនបានរិះគន់ប្រទេសមួយចំនួនវិញចំពោះឥរិយាបថរបស់ពួកគេ ថាជាការប្រតិកម្មជ្រុល និងការភ័យខ្លាចទោះរឿងមិនចាំបាច់។

ពិភពលោកបានធ្វើការកត់សម្គាល់ថាប្រទេសជប៉ុន សិង្ហបុរី ហ្វីលីពីនឥណ្ឌូនេស៊ី និងអូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសដែលបានដាក់ចេញនូវវិធានការណ៍តឹងរ៉ឹងជាងគេដោយរារាំងអ្នកដំណើរពីចិនមុនហើយបន្ថែមទៀតនោះ សូម្បីតែភូមា និងឡាវដែលជាកូនបំណុលរាប់ពាន់លានដុល្លាររបស់ចិន បានបិទព្រំដែន និងបិទជើងហោះហើរពីទីក្រុងប៉េកាំង។ ជាងនេះទៅទៀតភូមាក៏បានបញ្ជាអោយយន្តហោះធ្វើដំណើររបស់ចិនហោះត្រឡប់ទៅចិនវិញដែរ។

តែសម្រាប់ ប្រទេសប៉ាគីស្ថាន និងប្រទេសកម្ពុជាដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយប្រទេសចិនមិនមានវិធានការអនុវត្តការរឹតត្បិតយ៉ាងតឹងរឹងលើភ្ញៀវទេសចរមកពីប្រទេសចិននោះទេ ពោលគឺប្រទេសទាំងនោះមិនបិទជើងហោះហើរនោះទេ។ នាយករដ្ឋមន្រ្ដីកម្ពុជាបានទទួលការអរគុណពីលោកស៊ីជីនពីងប្រធានាធិបតីចិន ។ ការអរគុណពីមេដឹកនាំចិន ធ្វើឡើងក្នុងជំនួបរបស់លោកហ៊ុនសែនទៅកាន់ទីក្រុងប៉េកាំងអំឡុងពេលផ្ទុះជំងឺខ្លាំងដើមខែមករា ដែលធ្វើឱ្យលោកស៊ីនិយាយចេញមាត់ថាកម្ពុជាជាមិត្តពិតប្រាកដរបស់ខ្លួន។

តែសម្រាប់ថៃ មិនជាតឹងប៉ុន្មានទេលើពលរដ្ឋចិន តែចុងក្រោយនេះ ថៃបានពិនិត្យជាខ្លាំងលើពលរដ្ឋចិនដែលទើបចូលប្រទេសថៃនៅក្នុងសប្ដាហ៍នេះ ដោយអាជ្ញាធរថៃក្នុងទីក្រុងបាងកកបានបញ្ជាអោយ ឃាត់ខ្លួនពលរដ្ឋចិន ២ម៉ឺននាក់ ដែលឆ្លងកាត់ព្រំដែនពីប្រទេសភូមាមិន អោយចូលមកខាងក្នុងទឹកដីថៃឡើយ ។

ករណី ដែលគេ ថាមានការរើសអើង លើពលរដ្ឋចិន  គឺប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៃប្រទេសសិង្ហបុរី ដែលកាលពីសប្តាហ៍មុនបានរាយការណ៍ថាក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំទីក្រុងប៉េកាំងដើម្បីពន្យល់ពីវិធានការណ៍របស់សិង្ហបុរី និងពន្យល់អំពីវិធានការដែល ចិន មានទៅលើការទប់ស្កាត់វិរុសកូរ៉ូណា។

កាសែត The Wall Street Journal បានអះអាងថារដ្ឋាភិបាលចិនបានអញ្ជើញអ្នកការទូតពីស្ថានទូតអាស៊ីអាគ្នេយ៌និងបស្ចិមប្រទេសមួយចំនួនដោយសុំការ ពន្យល់របស់ពួកគេអំពីហេតុផល ដែលប្រទេសទាំងនោះបានអនុវត្ត។

តែកិច្ចប្រជុំជា បន្ទាន់នៃថ្នាក់រដ្ឋន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃសុក្រសប្ដាហ័នេះ នឹងមានវត្តមានរដ្ឋមន្រ្ដីការបរទសចិនលោក វាំងយី ។ ក្រសួងការបរទេសម៉ាឡេស៊ីថាការប្រជុំនោះអាចនឹងផ្ដល់ឱកាសដល់រដ្ឋសមាជិកទាំង១០ក្នុងការចែករំលែកទស្សនៈនិងបទពិសោធន៍ពីវីរុសដ៏កំណាចនេះ ក្នុងស្មារតីអាស៊ានរួមមួយ ។ ហើយសម្រាប់ម៉ាឡេស៊ី  ជឿថាចិនអាចយកឈ្នះវិបត្តិសុខភាពនេះរួមជាមួយនឹងការបង្ហាញសហប្រតិបត្តិការខ្ពស់នៃការស្រាវជ្រាវរក ថ្នាំព្យាបាលនិង វ៉ាក់សាំងប្រយុទ្ធនឹងមេរោគរបស់ជម្ងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដ៏គួរអោយភ័យខ្លាចនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស