27 C
Phnom Penh

ក្រសួងកសិកម្មប្រកាសពីវិធានការបង្ការជំងឺផ្តាសាយបក្សី ក្រោយជំងឺនេះផ្ទុះនៅប្រទេសវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ ដល់មន្ត្រីក្រោមឱវាទទាំងអស់ពីវិធានការទប់ស្កាត់ ជំងឺផ្តាសាយបក្សីបង្កឡើងដោយ                 វីរុសប្រភេទ A/H5N1។

ក្នុងសារាចរណែនាំរបស់ក្រសួងកសិកម្មកាលពីថ្ងៃម្សិលមិញបានបញ្ជាទៅមន្ត្រីរបស់ខ្លួនទាំងអស់ ត្រូវមានការទទួលខុសត្រូវ ប្រកបដោយតម្លាភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីA/H5N1។

វិធានការទាំងនោះ រួមមាន ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ ដែលឆ្លងកាត់តាមច្រកព្រំដែនពិសេសពីប្រទេសវៀតណាម តាមអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងពីខេត្តមួយទៅខេត្តមួយ ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន។

បន្ថែមពីនេះ ត្រូវពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្សី កន្លែងប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី និងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើនការអង្កេត តាមដានសុខភាពបក្សីនៅទូទាំងប្រទេស និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណីសង្ស័យផ្ទុះជំងឺផ្តាសាយបក្សី។

ក្រសួងកសិកម្មក៏បានណែនាំឱ្យមន្ត្រីជំនាញកម្ពុជា ត្រូវសហការជាមួយភាគីនៃប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងជំងឺផ្តាសាយបក្សី ចរាចរណ៍បក្សី និងផលិតផលពីបក្សី ដើម្បីធ្វើការទប់ស្កាត់ជំងឺផ្តាសាយបក្សីនេះ ឱ្យបានទាន់ពេលវេលា ព្រមទាំងវិធានការមួយចំនួនទៀត។

វិធានការនេះ ធ្វើឡើងក្រោយពេលប្រទេសវៀតណាម បានផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើង ដោយវីរុសប្រភេទ A/H5N1 កាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅខេត្តត្រាវិញភាគខាងត្បូង ដោយអាជ្ញាធរវៀតណាមបានកម្ទេចសត្វមាន់ជាង ៥៥ ០០០ក្បាល។

ជាមួយគ្នានេះ ក្រសួងក៏បានព្រមានចាត់វិធានការតាមច្បាប់ចំពោះមន្ត្រីរបស់ខ្លួនទាំងឡាយដែលមិនបានអនុវត្តត្រឹមត្រូវ ឬថ្លោះធ្លោយឱ្យបញ្ហានេះកើតឡើងនៅកម្ពុជាថែមទៀតផង។ 

យ៉ាងនេះក្តី វិធានការរបស់ក្រសួងកសិកម្មកន្លងមក ត្រូវបានគេមើលឃើញថាពុំមានប្រសិទ្ធភាពឡើយ។

ជាក់ស្តែងកាលពីចុងឆ្នាំមុន ករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលរីករាលដាលខ្លាំងនៅប្រទេសវៀតណាម ក្រសួងកសិកម្មកម្ពុជាក៏បានព្រមានចាត់វិធានការច្បាប់ និងដកតំណែងមន្ត្រីខ្លួន ក្នុងករណីបណ្តែតបណ្តោយឱ្យមានការនាំជ្រូកចូលពីប្រទេសវៀតណាម ហើយធ្វើឱ្យជំងឺនេះកើតឡើងនៅកម្ពុជា។

ការព្រមានទាំងនោះធ្វើឡើងដោយគ្រាន់តែល្អមើលប៉ុណ្ណោះ ត្បិតជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងនៅកម្ពុជាក្នុងខេត្តចំនួន៥ និងមានព័ត៌មានអំពីការនាំជ្រូកចូលពីប្រទេសវៀតណាមជាបន្តបន្ទាប់ដូចជានៅខេត្តត្បូងឃ្មុំ តាកែវ ស្វាយរៀង រតនៈគិរីជាដើម ខណៈវៀតណាមកំពុងកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកកាន់តែខ្លាំង ប៉ុន្តែមកទល់ពេលនេះគ្មានមន្ត្រីជំនាញណាម្នាក់ត្រូវបានចេញ និងផ្តន្ទាទោសឡើយ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស