34 C
Phnom Penh

អ្នកទេសចរលើនាវា Diamond Princessមានសេរីភាពតែអ្នកចេញពី នាវាWesterdamពីកម្ពុជាមិនទាន់មានសេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកទេសចរលើនាវា Diamond Princess មានសេរីភាពហើយ បន្ទាប់ពីពួកគេត្រូវបានរដ្ឋាភិបាល ជប៉ុន ដាក់អោយស្ថិតក្នុងការតាមដាន រយៈពេល ១៤ថ្ងៃ ស្របពេលដែលអ្នកចេញពី នាវាWesterdam នៅកម្ពុជា ដែលទៅដល់ប្រទេសរបស់ពួកគេត្រូវបានរដ្ឋាភិបាលប្រទេសទាំងនោះ ដាក់សិ្ថតក្នុងការតាមដាន១៤ថ្ងៃទៀតដើម្បីតាមដានអាការៈសុខភាពរបស់ពួកគេ ដែលអាចកើតមានពីការផ្ទុកវិរុស កូរ៉ូណា ។

បណ្ដាញផ្សាយព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃពុធទី១៩កុម្ភៈនេះថាអ្នកទេសចរណ៍ និងបុគ្គលិកនាវា Diamond Princess មានសេរីភាព ដោយចាកចេញពីនាវា ហើយត្រូវបានរដ្ឋាភិបាលជប៉ុន អនុញ្ញាត អោយឡើងលោកគោក បន្ទាប់ពីបានឃាត់ទុកពួកគេ នៅលើនាវានេះ រយៈ១៤ថៃ្ង ដើម្បីតាមដានករណីឆ្លងមេរោគកូរ៉ូណា ដែលសម្លាប់ពលរដ្ឋចិន ជាង២ពាន់នាកហើយនេះ។

អ្នកដំណើរ លើនាវា Diamond Princess នោះសរុបជាង ៣ពាន់ ៧០០នាក់ ក្នុងនោះក្រសួងសុខាភិបាលចិន បានធ្វើតេស្តសុខភាពរបស់ពួកគេ ដោយរកឃើញ ៥៤៥នាក់ មានផ្ទុកមេរោគកូរ៉ូណា។

អ្នកផ្ទុកមេរោគ ត្រូវបានរដ្ឋាភិបាលជប៉ុន ដាក់អោយនៅដាច់ដោយឡែកពីអ្នកគេ ដើម្បីធ្វើការព្យាបាល។ តែមន្ត្រីសុខាភិបាលនៅតែព្រមានថា ទោះជាអ្នកទាំងនោះ គ្មានផ្ទុកមេរោគនេះ ក៏ដោយក៏ពួកគេ នៅតែត្រូវបានតាមដានជាប់ជានិច្ច។

នាវា Diamond Princess នេះ បានចាកចេញពីក្រុងហុងកុង មកកាន់ក្រុងយូកូហាម៉ា កាលពីសប្ដាហ៍មុន ហើយមកដល់ ប្រទេសជប៉ុនចំពេល ប្រទេសចិន ផ្ទុះមេរោគកូរ៉ូណា ដ៏កំណាចនេះ ហើយក្រុងហុងកុងជាដែនដីមានព្រំដែន ជាប់នឹងប្រទេសចិន។

រដ្ឋាភិបាលជប៉ុនបានដាក់ អោយអ្នកទេសចរទាំងនោះស្ថិតក្រោមការតាមដានរយៈ១៤ថ្ងៃ ដើម្បីរកមេរោគដែលអាចមានក្នុងខ្លួនរបស់ពួកគេ។ ពលរដ្ឋសហរដ្ឋអាមេរិក ជាង៣រយនាក់ ត្រូវបានរដ្ឋាភិបាល លោកដូណាល់ត្រាំ បានបញ្ជូនយន្តហោះដឹកពួកគេមកប្រទេសវិញ ហើយដាក់អោយ ស្ថិតនៅក្នុងការតាមដានរយៈពេល ១៤ថ្ងៃ ទើប អនុញ្ញាតិអោយទៅជួបជុំគ្រួសារ របស់ពួកគេវិញ។

ចំណែកប្រទេសផ្សេងៗទៀត ក៏ធ្វើដូចសហរដ្ឋអាមេរិកដែរ។ តាមប្រភពរបស់ CNN គឺប្រទេស អ៊ីតាលី កាណាដា អូស្ត្រាលី និងអង់គ្លេស ក៏បានត្រៀម ទៅដឹកពលរដ្ឋរបស់ពួកគេ ពីនាវា Diamond Princessនេះ ដែរ។

ក្រសួងសុខាភិបាលជប៉ុន បានអះអាងថា ការដាក់អ្នកទេសចរដែលនៅលើនាវានោះ មិនអោយឡើងលើគោកដោយ សារតែក្រសួងបានតាមដានដោយផ្ទាល់ពួកគេលើនាវានោះ ហើយបើមានការឆ្លងគឺត្រូវយកចេញ ដើម្បីដាក់នៅដាច់ដោយឡែកសំរាប់ធ្វើការព្យាបាល ក្នុងន័យការពារកុំអោយពលរដ្ឋជប៉ុនមានការភ័យខ្លាច ។

តែយ៉ាងណាក៏ដោយមជ្ឈមណ្ឌល ត្រួតពិនិត្យនិងទប់ស្កាត់ ជំងឺឆ្លង របស់សហរដ្ឋអាមេរិក បានលើកឡើងថា វិធានការរបស់ជប៉ុន ធ្វើដូចនេះ អាចគិតថានៅមិនទាន់គ្រាន់ទេ គឺត្រូវយកពួកគេចេញពីនាវាអោយអស់ ហើយដាក់នៅដាច់ឡែកនិងជាក្រុម តូចៗ នៅឆ្ងាយពីសាធារណៈជន ហើយចាប់ផ្ដើម តាមដានពួកគេ ក្នុងរយៈពេល១៤ថ្ងៃគឺកាន់តែប្រសើរជាងដាក់ពួកគេលើនាវានោះ។  

មជ្ឈមណ្ឌល ត្រួតពិនិត្យនិងទប់ស្កាត់ ជំងឺឆ្លង របស់សហរដ្ឋអាមេរិក ថាទោះជាយ៉ាង ជនជាតិអាមេរិកាំង ដែលមិនមានការឆ្លងមេរោគនេះ បានទៅដល់អាមេរិក ប៉ុន្តែនៅតែដាក់ក្នុងការតាមដានរយៈពេល១៤ថ្ងៃទៀត។

អ្នកជំនាញផ្នែកជំងឺឆ្លង នៃប្រទេសជប៉ុនលោក Kentaro Iwata បាន ព្រមានថា ទោះជា អ្នកទាំងនោះ បានឡើងគោកហើយក៏ដោយ តែមិនប្រាកដថា ពួកគេចាកផុតពីការឆ្លង មេរោគនេះហើយឬនៅទេ ។ លោក ថាត្រូវតែបន្តតាមដានពួកគេ១៤ថ្ងៃទៀត។ លោកបន្តថា ដំណាក់កាលអាចមេរោគឆ្លងពួកគេ គឺមានពីរដំណាក់កាលទៀតយ៉ាងតិច។

ដោយឡែក ចំពោះអ្នកទេសចរ ដែលចេញពី នាវាWesterdam ពីកម្ពុជា បានទៅដល់ប្រទេសរបស់ពួកគេខ្លះៗហើយនោះ ត្រូវបានរដ្ឋាភិបាលប្រទេសទាំងនោះ ដាក់សិ្ថតក្នុងការតាមដាន១៤ថ្ងៃ។ ប្រទេស ទាំងនោះ មានសិង្ហបុរី ថៃ អូស្ត្រាលី ញូហ្សេឡែន ជាដើម។

នាវាWesterdam បានដឹកអ្នកដំណើរសរុបជាង២ពាន់នាក់ ហើយភាគច្រើន ពួកគេ បានត្រឡប់ទៅ ប្រទេសពួកគេវិញ តាមជើងយន្តហោះ ដោយពួកគេធ្វើដំណើរពីក្រុងព្រះសីហនុមក កាន់រាជធានីភ្នំពេញហើយមានអ្នកខ្លះបានដើរទេសចរណ៍ នៅទីកន្លែងមួយចំនួននៅប្រទេសកម្ពុជាផងដែរ។

ករណីអ្នកទេសចរ ចាកចេញពី នាវា នាវាWesterdamពីកម្ពុជា បានធ្វើឲ្យមានការព្រួយបារម្ភខ្លះពីប្រទេសជិតខាង។ ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានហាមក្រុមអាកាសចរណ៍ដឹកនាំអ្នកទាំនោះមិនឲ្យចូលប្រទេសរបស់ពួកគេ ដែលការនេះ បន្ទាប់ពី ម៉ាឡេស៊ី បានរកឃើញស្ត្រីជនជាតិអាមេរិកម្នាក់អាយុ៨៣ឆ្នាំ បានឆ្លងមេរោគកូរ៉ូណា នៅលើនាវា Westerdamដែលចូលចតកំពង់ផែសមុទ្រកម្ពុជាកាលពីថ្ងៃទី១៣ខែកុម្ភៈ។

ករណីនេះ បាននាំឲ្យមានការហាមដឹកអ្នកដំណើរពីនាវានោះចូលប្រទេសម៉ាឡេស៊ី ដែលវិធានការរបស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីប្រទេសកម្ពុជា បានតវ៉ា ជំទាស់ ថាស្ត្រីអាមេរិកម្នាក់នេះមិនមានផ្ទុកមេរោគនេះទេ នៅពេលគាត់មានវត្តមាននៅកម្ពុជា។

លើសពីនេះ កម្ពុជា បញ្ជូនការជំទាស់ជាផ្លូវការ ដែលគេហៅថាបញ្ចូន កំណត់តវ៉ាសុំអោយម៉ាឡេស៊ី ធ្វើការពិនិត្យរោគសញ្ញារបស់ ស្ត្រីម្នាក់នេះឡើងវិញ ហើយថា កម្ពុជាសុំតវ៉ាអោយ អ្នកជំនាញសុខភាពពីអង្គការសុខភាពពិភពលោក ទៅពិនិត្យករណីស្ត្រីជាតិអាមេរិក ដល់ប្រទេសម៉ាឡេស៊ី ។ តែបែបនេះក្ដី ម៉ាឡេស៊ីហាក់មិនទទួលយក ហើយក៏សម្រេចបិទអ្នកដំណើររបស់នាវា Westerdam ពីកម្ពុជាតែម្ដងបន្ទាប់ពីសម្រេចធ្វើតេស្តសុខភាពស្ត្រីនេះជាលើកទី២។

អ្នកសង្កេតការណ័ខ្លះ ចាត់ទុកថា ករណីវិបត្តិនៃការផ្ទុះមេរោគកូរ៉ូណាដ៏កំណាចនេះ បាននាំអោយសមាជិក អាស៊ាន ២នេះ ហាក់មានទំនាស់ការទូតតិចតួចនឹងគ្នាដែរ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស