33 C
Phnom Penh

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថាពិតជាមានករណីទារិកាជាប់ឃុំជាមួយម្តាយម្នាក់ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរកឃើញថាទារិកាម្នាក់អាយុ៥ ខែ ដែលអង្គការការពារសិទ្ធិមនុស្សលីកាដូ ដាក់ឈ្មោះឱ្យថា ទេវី ពិតជាបានស្លាប់ដោយជំងឺរលាកសួតធ្ងន់ធ្ងរកាលពីចុងខែមករាប្រាកដមែន។ គណៈកម្មាធិការនេះ អះអាងថាការស្លាប់នោះពុំមែនជាការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារឡើយ តែដោយសារ  អាការៈទារិកានោះធ្ងន់ធ្ងរមិនអាចជួយសង្រ្គោះបាន។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃនេះ បញ្ជាក់ថា ការរកឃើញថាពិតជាមានករណីទារិកាអាយុ៥ខែស្លាប់ ដែលជាប់ពន្ធនាគារជាមួយម្តាយស្លាប់ប្រាកដមែន។ ស្ត្រីជាម្តាយនោះត្រូវបានជាប់ចោទពីបទ ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។ ខាងពន្ធនាគារបានបញ្ជូន ទេវី ទៅមន្ទីរពេទ្យខ្មែរ-សូវៀតហៅពេទ្យរុស្ស៊ី នៅថ្ងៃទី១៩មករា ដោយសណ្តកឆ្អឹង១ ហើយមន្ទីរពេទ្យនេះក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យកុមារជាតិ។

ប្រភពដដែលបន្តថា នៅថ្ងៃទី ២៣ ខែមករា ខាងពន្ធនាគារក៏បានបញ្ជូនទេវី ទៅមន្ទីរពេទ្យកុមារជាតិម្តងទៀតមុនការណាត់ជួបរបស់គ្រូពេទ្យពីរថ្ងៃ។

ក្រោយមកនៅថ្ងៃទី២៥ ខែមករា ខាងពន្ធនាគារបានបញ្ជូន ទេវី មកមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែនៅថ្ងៃទី ២៦មករា ទេវីក៏បានស្លាប់។  គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបញ្ជាក់ថា ករណីនេះ បណ្តាលមកពីជំងឺរលាកសួតធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅមានភាពមិនច្បាស់លាស់ជាច្រើន ដូចជាមិនបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យទារិកានោះសណ្តកឆ្អឹង១នោះទេ។ ហើយក៏មិនបានបញ្ជាក់ពីមូលហេតុដែលខាងមន្ទីរពេទ្យមិនបានអនុញ្ញាតឱ្យម្តាយ និងទេវីអាចសម្រាកព្យាបាលមើលជំងឺរហូតដល់ជាសះស្បើយនោះដែរ  ដោយសុខចិត្តបញ្ជូនទៅពន្ធនាគារចុះឡើងៗ រហូតដល់ដំណាក់ការធ្ងន់ធ្ងរ។

កាលពីថ្ងៃម្សិលមិញ អង្គការការពារសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ករណីទារិកាម្នាក់ស្លាប់ដោយសាររស់នៅជាមួយម្ដាយក្នុងពន្ធនាគារ ដើម្បីបញ្ជៀសបញ្ហានេះកើតឡើងបន្តទៀត។

អង្គការសិទ្ធិមនុស្សមួយនេះ ឱ្យដឹងសវតារបស់ទេវី និង ម្តាយដែលកំពុងជាប់ឃុំថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទេវី ដែលមានអាយុ៥ខែ បានរងរបួសជាទម្ងន់ដោយបាក់ឆ្អឹងភ្លៅ។

បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី២បានពិនិត្យស្ថានភាពជំងឺរបស់នាង និងបានបញ្ជូននាងនិងម្ដាយ ទៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលបានព្យាបាលអ្នកជាប់ឃុំមកពីពន្ធនាគារកន្លងមក។ បុគ្គលិកពេទ្យបានថតកាំរស្មីអ៊ិចនិងរកឃើញថាទារិកានោះបានបាក់ឆ្អឹងភ្លៅ។

ទេវី និងម្ដាយ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកុមារជាតិ ដោយសារខាងមន្ទីរពេទ្យរុស្ស៊ីលើកឡើងថា មិនមានអ្នកជំនាញដើម្បីព្យាបាលអ្នកជំងឺក្មេងបែបនេះទេ។ មន្ទីរពេទ្យកុមារជាតិក៏បានព្យាបាល ទារិការងគ្រោះ រួចហើយក៏បញ្ជូននាងត្រឡប់ទៅពន្ធនាគារវិញ ទោះបីជាបុគ្គលិកពន្ធនាគារបានស្នើសុំ ឱ្យទេវី និងម្ដាយ បានស្នាក់នៅពេទ្យមួយយប់ដើម្បីតាមដានស្ថានភាពជំងឺក៏ដោយ ប៉ុន្តែបុគ្គលិកមន្ទីរពេទ្យកុមារជាតិបានបដិសេធ ដោយនិយាយថា មន្ទីរពេទ្យគ្មានបន្ទប់ទំនេរសម្រាប់ ទេវី និងម្ដាយឡើយ។

មួយសប្ដាហ៍ក្រោយមក ស្រ្តីជាម្ដាយបានកត់សម្គាល់ឃើញថា ទេវីមានអាការៈក្ដៅខ្លួន និងក្អកជាប្រចាំ។ មន្រ្តីពន្ធនាគារបាននាំ ទេវី ត្រឡប់ទៅមន្ទីរពេទ្យកុមារជាតិវិញ។ វេជ្ជបណ្ឌិតនៅទីនោះបានជួបជាមួយ ទេវី និងម្ដាយរយៈពេលខ្លីប៉ុណ្ណោះ ហើយស្រ្តីជាម្ដាយបានប្រាប់គ្រូពេទ្យថា នាងអស់ថ្នាំដែលបានផ្ដល់ឱ្យ ទេវី លេបកាលពីលើកមុនហើយ ប៉ុន្តែវេជ្ជបណ្ឌិតមិនបានឱ្យថ្នាំលេបបន្ថែមទេ និងក៏គ្មានការបញ្ជាក់ច្បាស់លាស់អំពីបញ្ហានេះដែរ។

ក្រោយមកនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ទេវី មានការពិបាកដកដង្ហើមខ្លាំង ដោយ ម្ដាយរបស់នាង បានកត់សម្គាល់ឃើញថា ទេវី បានចាប់ផ្ដើមបាត់បង់ស្មារតី ហើយក៏បានប្រាប់ទៅមន្រ្តីពន្ធនាគារភ្លាមៗ។ បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី២ បានដាក់សេរ៉ូម ទេវី និងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ប៉ុន្តែទេវីក៏បានស្លាប់ចោលម្តាយ ក្រោយសម្រាកនៅមន្ទីរពេទ្យនេះមួយយប់។

លីកាដូ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា ឆ្លងតាមការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ទេវី បានស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ។ អង្គការសិទ្ធិមនុស្សដដែល ថាការស្លាប់ដ៏ខ្លោចផ្សារនេះបង្ហាញពី តម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។ ម្ដាយក្មេងរងគ្រោះ បានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ពេលនាងមានផ្ទៃពោះ៨ខែ ដោយអាជ្ញាធរចោទថាបានកាន់កាប់កញ្ចប់ថ្នាំញៀនប្រភេទមេតាហ្វេតាមីនមានតម្លៃត្រឹមតែមួយម៉ឺនរៀល ឬស្មើ២ដុល្លារកន្លះប៉ុណ្ណោះ។

ម្តាយទេវី មិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំនោះដែរ។

គណៈកម្មាធិការសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន ក៏បានទទួលស្គាល់ថាម្តាយទេវី ពិតមិនបានដឹងអំពីសិទ្ធិទទួលបានកិច្ចការពារខ្លួនតាមផ្លូវច្បាប់ ព្រោះនាងគ្មានមេធាវីការពារក្តីជូនឡើយ។

យ៉ាងនេះក្តី គណៈកម្មាធិការរបស់រដ្ឋាភិបាលមួយនេះ សម្រចផ្តល់មេធាវីជូនតាមសំណើររបស់ជនជាប់ឃុំ ដោយឥតគិតប្រាក់ ដើម្បីចូលរួមដំណើរការក្តីតាមនីតិវិធីរបស់តុលាការ ព្រមទាំងស្នើរសុំឱ្យនាងបាននៅក្រៅឃុំបណ្តោះអាសន្នផងដែរ។  

អង្គការលីកាដូ បញ្ជាក់ថាបច្ចុប្បន្ននេះ មានកុមារចំនួន១០៣នាក់ និងស្រ្តីមានផ្ទៃពោះចំនួន៤៣នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន១៨ ដែលអង្គការលីកាដូបានឃ្លាំមើល។

លីកាដូសង្ឃឹមថា ស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូចទាំងអស់នៅក្នុងពន្ធនាគារ ដែលកំពុងអនុវត្តការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ អាចទទួលបានសិទ្ធិនៅក្រៅឃុំ ឬក៏ត្រូវបានជំនុំជម្រះមុនការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ មីនា ឆ្នាំ២០២០ ខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស