27 C
Phnom Penh

លោកហ៊ុន សែន ហៅការលើកឡើងថាលោកនិង លោក ស ខេង មានទស្សនៈផ្ទុយគ្នារឿងមេរោគកូរ៉ូណា ជាចេតនាបំបែកបំបាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅការចោទប្រកាន់ លោក និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលថា មានទស្សនៈផ្ទុយគ្នាជុំវិញបញ្ហាជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយមេរោគកូរ៉ូណានោះ ថាជាគំនិតបំបែកបំបាក់រវាងថ្នាក់ដឹកនាំទាំងពីរតែបុណ្ណោះ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ថាចេតនាបំបែករវាងលោក និង លោក ស ខេង ដោយយកការលើកឡើងអំពីភាពផ្ទុយគ្នានៃមេរោគកូរ៉ូណា ជារឿងមិនយល់ពីបេះដូងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។

លើសពីនេះ លោកថាក្រុមអ្នកលើកឡើងថាលោក និង លោក ស ខេង បែកបាក់នោះ ជារឿងមិនយល់ច្បាស់ពីសាមគ្គីភាពផ្ទៃក្នុងគណបក្សកាន់អំណាច។ លោកថា ការមិនស្គាល់ពីគណបក្សរបស់លោកច្បាស់ពួកគេ នឹងចាញ់គ្មានថ្ងៃយកឈ្នះ គណបក្សប្រជាជនកម្ពុជាជារៀង រហូត។

ការលើកឡើងនេះធ្វើឡើង ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញគំនិតផ្ទុយគ្នា ជុំវិញការយកចិត្តទុកដាក់លើបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីឈ្មោះ កូរ៉ូណា។

លោក ហ៊ុន សែន តែងបង្ហាញភាពមិនភ័យខ្លាច និងប្រាប់ពលរដ្ឋទាំងអស់មិនឱ្យមានការភ័យខ្លាចហួសហេតុពេក ចំពោះមេរោគCovid-19 ថ្មីនេះ ព្រមទាំងប្រាប់ឱ្យពលរដ្ឋខ្មែរ និស្សិតខ្មែរនៅវូហាន ត្រូវនៅរួមសុខរួមទុក្ខជាមួយពលរដ្ឋចិន ស្របពេលមេដឹកនាំប្រទេសដទៃគេរកវិធីសង្រ្គោះ និងយកពលរដ្ឋគេចេញពីក្រុងវូហាន។

ដោយឡែកសម្រាប់លោក ស ខេង តាមរយៈសំឡេងដែលចែកចាយលើបណ្តាញសង្គម ហាក់បង្ហាញពីការព្រួយបារម្ភខ្លាំងចំពោះការឆ្លងរីករាលដាលនៃជំងឺ Covid-19 នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបង្ហាញការយកចិត្តទុកដាក់សម្រាប់ពលរដ្ឋ ពិសេសមន្ត្រីក្រោមឱវាទរបស់ខ្លួនយ៉ាងខ្លាំង ដើម្បីបញ្ជៀសបញ្ហាមេរោគកូរ៉ូណានេះ។

យ៉ាងនេះក្តី អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ធ្លាប់លើកឡើងចំៗថាក្នុងការដឹកនាំរដ្ឋាភិបាល លោក ស ខេង មិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន សែន ឡើយ។

បន្ថែមពីនេះ លោកថា លោក ស ខេង ក៏រកវិធីដើម្បីកំចាត់ក្រុមលោកហ៊ុន សែន ដោយមានការសហការជាមួយកូនប្រសាររបស់លោកហ៊ុន សែន គឺលោកឌី វិជ្ជា ដែលជាកូនបង្កើតរបស់អតីតអគ្គស្នងការនគរបាលជាតិ ហុក ឡង់ឌី ដើម្បីសងសឹកឱ្យឪពុក។

ប៉ុន្តែការចោទប្រកាន់ និងការលើកឡើងរបស់លោក សម រង្ស៊ី ទាំងប៉ុន្មាន ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចដាក់ពាក្យប្តឹងកាលពីឆ្នាំមុន ដោយថាជាការព្រមានដល់ដៃគូរប្រជែងអ្នកនយោបាយរបស់ខ្លួន ឱ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងភាពត្រឹមត្រូវ ព្រមទាំងបញ្ឈប់ការញុះញង់ ឬ លាបពណ៌ ដែលនាំឱ្យសង្គមខ្មែរបាក់បែក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស