40.3 C
Phnom Penh

អង្គការសង្គមស៊ីវិល និងសហជីព នៅតែបន្តទាមទារឱ្យរដ្ឋាភិបាលកែប្រែច្បាប់សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសមាគម និងសហជីព ជាង២០ស្ថាប័ន ស្នើទៅរដ្ឋាភិបាលជាថ្មីទៀត ឱ្យធ្វើវិសោធនកម្មលើច្បាប់សហជីព ដោយនៅតែអះអាងថា ច្បាប់មួយនេះបន្តរឹតត្បិតសិទ្ធិសេរីភាព និងបង្កផលលំបាកក្នុងការបម្រើការងាររបស់សហជីព ព្រមទាំងមិនអាចបម្រើផលប្រយោជន៍    កម្មករពិតប្រាកដបាន។

តំណាងសហជីព និងអង្គការសង្គមស៊ីវិល ប្រមាណ២០នាក់ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃព្រហស្បតិ៍នេះដើម្បីស្នើទៅរដ្ឋមន្ត្រីក្រសួងមួយនេះគឺ  លោក អ៊ិត សំហេង ដើម្បីបើកកិច្ចប្រជុំបន្ទាន់មួយជាមួយពួកគេ និងភាគីពាក់ព័ន្ធផ្សេងទៀត អំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពបន្ថែមទៀត។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលចូលរួមដាក់ញត្តិនៅក្រសួងការងារនៅព្រឹកនេះបានប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាកន្លងមក រដ្ឋាភិបាលបានធ្វើការកែប្រែច្បាប់សហជីពនេះខ្លះក៏ដោយ ប៉ុន្តែលោកនៅតែមើលឃើញថា ច្បាប់មួយនេះនៅតែមានចរិតរឹតត្បិតសិទ្ធិសេរីភាព និងបង្កផលលំបាកដល់អង្គការវិជ្ជាជីវធ្ងន់ធ្ងរ ដដែល។

បន្ថែមពីនេះ លោកមើលឃើញថា ច្បាប់នេះវានៅតែជាឧបសគ្គនៅក្នុងដំណើរការនៃការប្រព្រឹត្តទៅនៃអង្គការ សហជីពដើរតួនាទីយ៉ាងសំខាន់ ក្នុងការតំណាងឱ្យសមាជិក ក៏ដូចជាកម្មករក្នុងការដោះស្រាយបញ្ហាវិវាទផ្សេងៗដែលកើតមានឡើងក្នុងរោងចក្រសហគ្រាស ហើយចំណុចដែលបង្កផលលំបាក និងរឹតត្បិតសេរីភាពសហជីពខ្លាំងបំផុត គឺដំណើរការចុះបញ្ជីបង្កើតសហជីព នៅក្នុងរោងចក្រតែម្តង។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ក្រសួងការងារបានធ្វើវិសោធនកម្មច្បាប់សហជីពចំនួន១០មាត្រា មានមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩។ ប៉ុន្តែសហជីព និងអង្គការសមាគមមើលឃើញថា ការធ្វើវិសោធនកម្មមាត្រាទាំងនេះ បានកែប្រែតែបន្តិចបន្តួចប៉ុណ្ណោះ។

តំណាងសហជីព និងអង្គការសង្គមស៊ីវិល បានស្នើទៅក្រសួងការងារឱ្យធ្វើការកែប្រែមាត្រា២៥ និងកែប្រែលើ១០មាត្រានោះបន្ថែមទៀត រួមទាំងជំពួកទី១៥ នៃច្បាប់សហជីព ដែលចំណុចទាំងនេះនៅបន្តរឹតត្បិតសិទ្ធិសេរីភាពលើអង្គការវិជ្ជាជីវៈខ្លាំង។

បញ្ហាសិទ្ធិសេរីភាពសហជីព សេរីភាពកម្មករ គឺជាចំណុចមួយដែលសហភាពអឺរ៉ុបបានប្រាប់ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន កែលម្អក្នុងន័យស្តារលក្ខខណ្ឌការងារឱ្យបានប្រសើរ ប៉ុន្តែសំណើរទាំងនោះ រដ្ឋាភិបាលបានឆ្លើយតបតិចតួចប៉ុណ្ណោះឬ គ្មានសោះតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស