33 C
Phnom Penh

សមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់នារីលក់សម្លៀកបំពាក់ អនឡាញ ដែលស្លៀកពាក់ស៊ិចស៊ីមួយរូបបទផុសរូបភាព និងសំភារអាសអាភាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានសម្រេចបញ្ជូនខ្លួនអ្នកលក់សម្លៀកបំពាក់ ពិសេសខោអាវក្នុងរបស់ស្ត្រី ដែលតែងផ្សាយផ្ទាល់ ឬ ឡាយលក់ ដោយស្លៀកពាក់ស៊ិចស៊ីនៅលើបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ទៅតុលាការនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

ទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានឱ្យដឹងថា  សមត្ថកិច្ចបានឃាត់ខ្លួន អ្នកលក់សម្លៀកបំពាក់អនឡាញឈ្មោះ ថៃ ស្រីនាង កាលពីថ្ងៃម្សិលមិញ និងបញ្ជូននាងទៅតុលាការនៅរសៀលថ្ងៃនេះ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទផុសរូបភាពនិងសំភារៈអាសអាភាស។

ប្រភពដដែលបញ្ជាក់ថា ការឃាត់ខ្លួនពាក់ព័ន្ធករណីផុសរូបភាពស៊ិចស៊ី និងត្រូវបានសមត្ថកិច្ច ចោទពីបទផុសរូបភាព និងសំភារ:អាសអាភាស យោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលអាចជាប់ទោសចាប់ពី ១ខែ ដល់ ១ឆ្នាំ។

ទំព័រហ្វេសប៊ុកឈ្មោះថៃ ស្រីនាង អនឡាញសប(ថៃ ស្រីនាង Online Shop) តែងស្លៀកពាក់ស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គម ដើម្បីលក់សម្លៀកបំពាក់ ឈុតរាត្រី ពិសេសខោអាវក្នុងរបស់ស្ត្រី។

ការស្លៀកពាក់ស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គម ដើម្បីលក់ផលិតផលរបស់ខ្លួននេះ មិនមែនមានតែ ថៃ ស្រីនាង នោះឡើយ។

បញ្ហានេះ កាលពីថ្ងៃទី ១៧ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានបញ្ជាទៅក្រសួងពាក់ព័ន្ធ ឱ្យបង្កើនការស៊ើបអង្កេត និងបង្ក្រាបសកម្មភាពឬ ការប្រកបមុខរបរតាមអនឡាញ ដែលស្លៀកពាក់លេចលើលេចក្រោម។ លោកថា បញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងវប្បធម៌ជាតិ ព្រមទាំងបង្កឱ្យមានអំពើហិង្សា និងការរំលោភបំពានផ្លូវភេទទៀតផង។

ក្រោយការប្រកាសនេះបានមួយថ្ងៃនេះ ពោលគឺនៅថ្ងៃទី១៨ កុម្ភៈ សមត្ថកិច្ចខណ្ឌទួលគោកបាននាំខ្លួន ថៃ ស្រីនាង  យកមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប។

ស្ថិតនៅក្នុងអធិការដ្ឋានខណ្ឌទួលគោក តាមរយៈវីដេអូមួយបង្ហាញថា ថៃ ស្រីនាង បានទទួលស្គាល់កំហុសខ្លួន និងសន្យាមិនថតរូបឬ វីដេអូ ឬ ឡាយតាមបណ្តាញសង្គមមានលក្ខណៈស៊ិចស៊ី ដែលធ្វើអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ។ លើសពីនេះ នាង ថែមទាំងប្រាប់ទៅស្ត្រីផ្សេងទៀត មិនឱ្យយកគំរូតាមនាងដែរឡើយ។ 

យ៉ាងនេះក្តី ទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ដោយភាពមិនរាងចាល ថែមទាំងផុសរូបស៊ិចស៊ីថែមទៀតនោះ និងដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត និងរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការនៅរសៀលនេះតែម្តង។ 

កាលពីថ្ងៃម្សិលមិញ  ក្រុមអង្គការសង្គមស៊ីវិល អង្គការចំនួន៧ បានផ្ញើលិខិតចំហមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រលើវិស័យនានា និងគ្រប់កម្រិត ជាពិសេសការកាត់បន្ថយអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ 

យ៉ាងនេះក្តី អង្គការសង្គមស៊ីវិលទាំងនោះ សម្តែងក្តីបារម្ភចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការច្បាប់ចំពោះអ្នកប្រកបមុខរបរលើប្រព័ន្ធបច្ចេកវិទ្យា ដែលបង្ហាញភាពស៊ិចស៊ី ស្រើបស្រាលជាដើមនោះ។

ប្រសាសន៍លោក ហ៊ុន សែន នេះ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ដើរផ្ទុយទៅនឹងអនុសញ្ញា ស៊ី.ដ.  ព្រមទាំងច្បាប់ និងគោលនយោបាយជាតិនានា ដែលរដ្ឋាភិបាលកំពុងអនុវត្ត។ លើសពីនេះ ហាក់បីដូចជាការស្តីបន្ទោសជនរងគ្រោះ ជំរុញឱ្យមានអំពើហិង្សា និងរើសអើងផ្នែកយេនឌ័រក្នុងសង្គមកម្ពុជាទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស