27 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងសាធារណការ សម្រេចដកប្រធាន អនុប្រធានស្ថានីយ៍ជញ្ជីងទូទាំងប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា ប្រធាន និងអនុប្រធាន នៃស្ថាននីយជញ្ជីង និងថ្លឹងរថយន្ត ចំនួន ២៨កន្លែង នៅទូទាំងប្រទេសនឹងត្រូវដកចេញទាំងអស់ ដើម្បីដាក់ជំនួសមន្ត្រីថ្មីចូលបំរើការងារនៅទីនោះវិញ។

ថ្លែងក្នុងការឱកាសសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ លោក ស៊ុន ចាន់ថុល បញ្ជាក់មូលហេតុថា ការប្តូរប្រធាន និងអនុប្រធានទាំងនោះ ដោយសារពួកគេមួយចំនួន មិនបំពេញការងារត្រឹមត្រូវ ហើយម្យ៉ាងទៀតការតែងតាំងពួកគេកន្លងមកខុសនីតិវិធីផងដែរ ។

លោក អះអាងថា លោកបានឃើញផ្ទាល់នឹងភ្នែក នូវមន្ត្រីធ្វើការងារក្នុងស្ថានីយថ្លឹងរថយន្តមួយចំនួន បណ្តោយឱ្យរថយន្តដឹកទំនិញមិនចូលក្នុងកន្លែងថ្លឹងរថយន្ត និងកន្លែងមួយចំនួនទៀត ហើយពួកគេថែមទាំងទទួលសំណូកពីអ្នកបើកថយន្ត ជំនួសឱ្យការថ្លឹងរថយន្តនោះ។

យ៉ាងនេះក្តី រដ្ឋមន្ត្រីដដែលនេះ មិនបានប្រាប់អំពីវិធានការច្បាប់ឬ ពិន័យណាមួយចំពោះទង្វើខុសច្បាប់របស់មន្ត្រីទាំងនោះនៅឡើយទេ។

លោកថា បញ្ហារថយន្តដឹកទំនិញលើទម្ងន់នេះ បណ្តាលឱ្យផ្លូវខូចខាត និងធ្វើឱ្យខាតបង់ថវិកាជាតិរាប់លានដុល្លារក្នុង១ឆ្នាំៗដើម្បីជួសជុល ផ្លូវ។

លោកអំពាវនាវដល់ម្ចាស់រថយន្ត ឬ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ឱ្យគោរពច្បាប់ ព្រមទាំងព្រមានចាត់វិធានការច្បាប់ដល់រថយន្តដឹកលើសទម្ងន់ទាំងនោះ ដោយគ្មានការរើសអើងឬ យោគយល់នោះឡើយ។

ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុល ប្តេជ្ញាថា នឹងមិនឱ្យមានការ              កសាងផ្លូវគ្មានគុណភាពឬ គ្មានបច្ចេកទេសទៀតឡើយ។ លោកថា                    វាគ្រប់គ្រាន់ហើយ និងជារឿងមិនអាចទទួលយកបានចំពោះការលើកឡើងថាផ្លូវនៅកម្ពុជាធ្វើជាប់រហូត ជាផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ជាផ្លូវចាក់ក្រាស់ ស៊ីស្តើង និងចាក់ស្តើង ស៊ីក្រាស់ជាដើម។ លោកថា ការលើកឡើងនេះ គឺជារឿងអាម៉ាស់បំផុត ដោយខាងក្រសួងសន្យាថានឹងធ្វើផ្លូវដែលរឹងមាំ និងមានគុណភាពស្របតាមស្តង់ដាបច្ចេកទៀតផង។

ទោះជាយ៉ាណាក៏ដោយ នាយកប្រតិបត្តិសម័្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថាក្រសួងនឹងពិបាកអនុវត្តច្បាប់ចំពោះម្ចាស់រថយន្ត ឬ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដែលមានអំណាច ដោយសារវប្បធម៌អន្តរាគមន៍កំពុងពេញនិយមនោះ។ លោកថា ប្រសិនបើរដ្ឋាភិបាលចង់ចាត់វិធានការលើបញ្ហាទាំងនេះ ទាល់តែរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ ហើយមានកិច្ចសហការពីកងកម្លាំងប្រដាប់អាវុធតែម្តង។

កាលពីឆ្នាំ២០១៨ បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានប្រកាសក្តែងៗថាលោកនឹងចាត់វិធានការចំពោះរថយន្តកែច្នៃទាំងអស់នៅកម្ពុជា ដែលជាហេតុធ្វើឱ្យមានការដឹកទំនិញលើសទម្ងន់។ លោកថា ការដឹកទំនិញលើសទម្ងន់ជាហេតុធ្វើឱ្យផ្លូវនៅកម្ពុជារងការខូចខាត ហើយត្រូវចំណាយថវិកាជាតិដើម្បីជួសជុល។ លោកបន្តថា រថយន្តធន់ធំឬ កែច្នៃទាំងនោះជាក៏ហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

យ៉ាងនេះក្តី បញ្ជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រែជាសាបដូចទឹកទន្លេ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ ដោយសារថយន្តកែច្នៃនៅមានវត្តមានលើដងផ្លូវ ហើយការដឹកជញ្ជូនលើសទម្ងន់ក៏នៅតែមានឥតឈប់ឈរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស