40.3 C
Phnom Penh

បក្សប្រឆាំងធំទី២នៅថៃត្រូវតុលាការធម្មនុញ្ញរំលាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការធម្មនុញ្ញថៃនៅសុក្រ ទី២១កុម្ភៈ នេះបានសម្រេចរំលាយគណបក្សប្រឆាំងធំទី២ គឺគណបក្សអនាគតឆ្ពោះទៅមុខ -FFP ដែលដឹកនាំដោយ សេដ្ឋីវ័យក្មេងឈ្មោះ ថាណាថន ចាំងរុងរឿងគិត(Thanathorn Juang-roongruang kit) បន្ទាប់ពីតុលាការកំពូលមួយនេះ បើកសវនាការជាច្រើនម៉ោងនៅថ្ងៃនេះ។

បណ្ដាញផ្សាយព័ត៌មាន សិង្ហបុរី Channel News Asia បានធ្វើសេចក្ដីរាយការណ៍ថា មូលហេតុដែលនាំអោយបក្ស ប្រឆាំងធំទី២ ត្រូវបានរំលាយ គឺដោយសារតែបក្សនេះបានប្រើប្រាស់ មូលនិធី ដោយខុសច្បាប់ រំលោភច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ឆ្នាំ២០១៧។

ច្បាប់នេះ បានហាមបក្សនយោបាយទាំងអស់ និងគណៈកម្មាធិការនាយកទទួលមូលនិធី ឬទ្រព្យសម្បត្តិ ឬ ផលប្រយោជន៍ណាមួយ ដែលជាការខុសច្បាប់បោះឆ្នោត ។

ការប្រើប្រាស់មូលនិធីនេះ គឺជាប្រាក់កម្ចី ដែលលោក Thanathorn បានបញ្ចេញប្រាក់របស់លោក ក្នុងយុទ្ធនានការបោះឆ្នោត នៅក្នុងការបោះឆ្នោតសភា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ គឺជាការបំពានច្បាប់ដែលបានដាក់កំហិតអោយបក្សនយោបាយនិមួយៗ មានឱកាសប្រើប្រាស់ដើម្បីឃោសនា បោះឆ្នោត នូវមូលនិធីត្រឹមតែ១០លានបាតប៉ុណ្ណោះ ប៉ុន្តែបក្ស អនាគត ឆ្ពោះទៅមុខ -FFPបានប្រើប្រាស់មូលនិធីកម្ចីរបស់លោក Thanathorn ដល់ទៅ ១៩១លានបាត ឬស្មើនឹង៦លានដុល្លារអាមេរិក ដែលអ្នកច្បាប់ថៃឯករាជ្យ ព្រមានថា ជាការប្រព្រឹត្តខុសធ្ងន់ធ្ងរបើមានបទល្មើសបែបនេះ ។

សារព័ត៌មានជាច្រើនទៀតបានចុះផ្សាយថា បណ្ដឹងដែលនាំអោយ តុលាការធម្មនុញ្ញរំលាយគណបក្សប្រឆាំងមួយនេះ ដោយសារមានបណ្តឹងពីគណៈកម្មការបោះឆ្នោត ដែល បានប្ដឹងបក្សនេះតាំងពីអំឡុងនៃឃោសនាបោះឆ្នោត។

យោងតាមសាលដីកា របស់តុលាការធម្មនុញ្ញ គឺគណៈកម្មាធិការនាយករបស់បក្សនេះ ចំនួន ១៦នាក់ ត្រូវបានហាមធ្វើនយោបាយរយៈពេល១០ឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី២១ ខែកុម្ភៈនេះ គឺមានន័យថា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០៣០ ទើបមានសេរីភាពធ្វើនយោបាយឡើងវិញ។ ក្នុងនោះ អ្នកទាំងនោះ ក៏មិនអាច រត់ទៅ ចូលរួមគណបក្សផ្សេងទៀត ឬពួកគេទៅបង្កើតបក្សថ្មីអ្វីនោះឡើយ។

ប្រធានគណបក្សនេះ គឺលោក Thanathorn បានប្រកាសប្រាប់អ្នកសារព័ត៌មានថា រូបលោក និងអ្នកគាំទ្របក្សរបស់លោក រាប់លាននាក់ខកចិត្តនឹងរឿងអយុត្តិធម៌នេះខ្លាំងណាស់។ លោកបន្តថា លោក មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់គណៈកម្មការបោះឆ្នោតនោះទេ។ លោកចាត់ទុកថា នេះជាការបំបាត់សំឡេង របស់ម្ចាស់ឆ្នោត។

គណបក្ស អនាគតឆ្ពោះទៅមុខនេះ បានបង្កើតឡើង នៅពាក់កណ្ដាលឆ្នាំ២០១៩ ដែលជាបក្សប្រឆាំងធំទី២ក្នុងរដ្ឋសភា និងធំទី៣នៃគណបក្សដែលជាប់ឆ្នោត ជាង២០គណបក្ស។

បក្សនេះ ក្លាយជាបក្សដឹកមុខគេនៅថៃ ដែលប្រឆាំងការដឹកនាំរបស់ គណបក្សកាន់អំណាច Palang Pracharat ដឹកនាំដោយលោក នាយករដ្ឋមន្ត្រី  Prayut Chan-o-cha  ដែលបុរសខ្លាំងរូបនេះ ជាមេរដ្ឋប្រហារ ឆ្នាំ២០១៤ ទម្លាក់គណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃ អ្នកស្រី យីងឡាក់ស៊ីណាវ៉ាត់ ជាប្អូនស្រីបង្កើតរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាតនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាចដូចគ្នា នៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០០៦។ ចាប់តាំងពីឆ្នាំ ១៩៩៧ មក បក្សអនាគតឆ្ពោះទៅមុខដែលជាកម្លាំងថ្មី គឺជាបក្សទី៤ហើយ ដែលត្រូវបានរំលាយ ។

តែបែបនេះ ក្ដី មិនទាន់ឃើញ សាលដីការបស់តុលាការធម្មនុញ្ញថៃ សម្រេចដូចម្ដេច អំពីអាសនៈចំនួន ៨០ ដែលបក្សនេះ ដណ្ដើមបាននៅក្នុងការបោះឆ្នោតនោះទេ ខណៈអ្នកតំណាងរាស្រ្តទាំង៨០រូបរបស់បក្សនេះបានចូលទៅអង្គុយ នៅក្នុងរដ្ឋសភាទៅហើយ ដែលតំណាងអោយម្ចាស់ឆ្នោតជាង៦លាននាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស