26 C
Phnom Penh

ប្រជាសហគមន៍ព្រៃឡង់ខេត្តក្រចេះអះអាងថាការហាមឃាត់ពួកគាត់មិនឱ្យចូលព្រៃធ្វើបុណ្យបំបួសដើមឈើ ជាចេតនាលាក់បាំងបទល្មើស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តាញស្នូលការពារព្រៃឡង់ខេត្តក្រចេះ បានលើកឡើងថាការមិនឱ្យប្រជាសហគមន៍ចូលតំបន់ព្រៃឡង់ ដើម្បីរៀបចំពិធីបំបួសដើមឈើពីសំណាក់មន្ត្រីបរិស្ថានក្នុងខេត្តនេះ អាចជាចេតនាលាក់បាំងបទល្មើសព្រៃឈើ ដែលកំពុងកើតមាននៅតំបន់ព្រៃអភិរក្សមួយនេះ។

អ្នកសម្របសម្រួលបណ្តាញស្នូលការពារព្រៃឡង់ខេត្តក្រចេះ លោក ឯក សុវណ្ណា ដែលបានបង្ហោះរូបភាព និងវីដេអូ នៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះបានបង្ហាញអំពីសកម្មភាពរបស់មន្រ្តីបរិស្ថាន និង សមត្ថកិច្ចជាច្រើននាក់អមដោយអាវុធផង បានមកហាមឃាត់ពួកគាត់មិនឱ្យធ្វើដំណើរចូលព្រៃឡង់។ 

លោកសោកស្តាយចំពោះការខកខានមិនបានទៅចូលរួមពិធីបំបួសដើមឈើ នៅក្នុងតំបន់អភិរក្ស សត្វព្រៃ ព្រៃឡង់តាមការគ្រោងទុក ដោយសារ កម្លាំងមន្ត្រីបរិស្ថាននិងកម្លាំងយោធា ប្រចាំការគ្រប់ច្រកទាំងអស់ ហាមឃាត់ប្រជាសហគមន៍មិនអោយចូលព្រៃឡើយ ក្រោមហេតុផលថាពួកសហគមន៍មិនបានសុំច្បាប់ជាមុន។

លោក សុវណ្ណា ហៅសកម្មភាពនេះ ថាជាការបំបិទសិទ្ធិសេរីភាពប្រជាសហគមន៍ ហើយទំនងជាចេតនារបស់មន្ត្រីបរិស្ថានទាំងនោះ មិនឱ្យពួកគាត់បានដឹងអំពីសកម្មភាពបទល្មើសព្រៃឈើ ដែលកំពុងកើតមានក្នុងតំបន់ព្រៃឡង់។

ពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ ដែលប្រជាសហគមន៍រស់នៅជុំវិញតំបន់ព្រៃឡង់ទាំង៤ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ គ្រោងនឹងធ្វើឡើងចំនួន២ថ្ងៃ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ។ លិខិតអញ្ជើញចូលរួមពិធីបុណ្យព្រៃឡង់នេះ បញ្ជាក់ថា កម្មវិធីនេះ ជាទំនៀមទម្លាប់របស់ប្រជាសហគមន៍ ពិសេសជនជាតិដើមភាគតិចកួយ ដែលមានជំនឿ និងអាស្រ័យផលលើតំបន់ព្រៃមួយនេះ។

ពិធីបុណ្យព្រៃឡង់ មានគោលបំណង រំលឹកគុណបំណាច់ព្រៃឈើ និង បួងសួងសុំឱ្យព្រៃឈើនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីរក្សាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ។ លើសពីនេះ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាសហគមន៍                     និងសាធារណៈជនទូទៅអំពីសារៈសំខាន់ព្រៃឈើ ព្រមទាំងស្វែងយល់ពីតំបន់សក្តានុពលព្រៃជម្រកសត្វមួយនេះ។

បើតាមលោក សុវណ្ណា ឲ្យដឹងថាការហាមឃាត់នេះមិនមែនមានតែសហគមន៍ខេត្តក្រចេះនោះទេ ពោលគឺ បណ្តាខេត្តបីផ្សេងទៀតក៏មានការហាមឃាត់ មិនអោយចូលព្រៃផងដែរ។

អង្គការការពារសិទ្ធិមនុស្សលីកាដូនៅរសៀលនេះបានចេញអត្ថបទខ្លីមួយបង្ហាញថា សមាជិកសហគមន៍ សកម្មជនបរិស្ថាន ព្រះសង្ឃ និងបុគ្គលិកអង្គការសង្គមស៊ីវិល រាប់រយនាក់ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យធ្វើដំណើរចូលទៅកាន់តំបន់ការពារព្រៃឡង់។ អ្នកចូលរួមជាច្រើនក្រុមត្រូវបានបញ្ឈប់ ខណៈពួកគេកំពុងធ្វើដំណើរទៅកាន់ទីតាំងនៃពិធីបុណ្យបំបួសព្រៃឡង់ប្រចាំឆ្នាំតាមការគ្រោងទុក។

ប្រភពដដែលនេះបន្តថា អាជ្ញាធរមកពីក្រសួងបរិស្ថាន និងមន្រ្តីមូលដ្ឋានដែលមានទាំងកាំភ្លើងខ្លះផងនោះ បានប្រាប់ទៅក្រុមសហគមន៍ទាំងបួនខេត្តថា ចាំបាច់តម្រូវឱ្យមានការអនុញ្ញាតពី “ថ្នាក់លើ” ទើបអាចចូលទៅកាន់ព្រៃឡង់បាន និងទាមទារឱ្យមាន “លិខិតអនុញ្ញាតជាផ្លូវការ” ពីអ្នកចូលរួមផងដែរ។

ជាងនេះទៀត អ្នកភូមិមួយចំនួន ត្រូវបានអាជ្ញាធរមូលដ្ឋានគំរាមកំហែង ដើម្បីដាក់សម្ពាធលើអ្នកទាំងនោះ ដោយមិនអនុញ្ញាតឱ្យអ្នកចូលរួមអាចសម្រាកនៅក្នុងភូមិរបស់ពួកគេបាន អំឡុងពេលធ្វើដំណើរ ឬចូលរួមក្នុងពិធីបុណ្យនេះ។

លីកាដូហៅការតម្រូវឱ្យមានច្បាប់អនុញ្ញាតមុនពេលចូលព្រៃឡង់នេះ ថាមិនមានចែងក្នុងច្បាប់ឡើយ។

កាលពីឆ្នាំ២០១៨ សមាជិកសហគមន៍ត្រូវបានបង្ខំឱ្យលុបចោលព្រឹត្តិការណ៍ប្រចាំឆ្នាំធ្វើបុណ្យព្រៃឡង់នេះម្តងរួចមកហើយ ដោយសារតែការគំរាមកំហែងពីសំណាក់អាជ្ញាធរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស