នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅថ្ងៃនេះថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តី ដែលអាចនឹងធ្វើឡើងនាពេលខាងមុខនេះ ក្រោយពេលពិនិត្យឃើញថា ការអនុវត្តកន្លងទៅរបស់ក្រសួងមួយចំនួនមានភាពស្ពឹកស្រពន់ខ្លះ។
ថ្លែងក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន ឬ ហៅថាការថ្លែងសារពិសេសរបស់លោកហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទ ថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងមានក្រសួងមួយចំនួនមានការកែសម្រួលរដ្ឋមន្ត្រី។
បុរសខ្លាំងនៅកម្ពុជារូបនេះថា ការកែសម្រួលគណៈរដ្ឋមន្រ្តីវាជារឿងធម្មតា ដែលនៅប្រទេសខ្លះមានការដូររហ័សជាងនេះ ហើយការកែសម្រួលនេះ ដោយលោកមើលឃើញថា មានភាពស្ពឹកស្រពន់នៅ ស្ថាប័នឬ ក្រសួងខ្លះ ហើយស្ថាប័នខ្លះទៀតមានប្រសិទ្ធភាព តិចតួច ដែលមិនអាចឆ្លើយតបទៅនឹងចង់បានរបស់រាជរដ្ឋាភិបាល។
ក្រសួងមួយចំនួនដែលសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន តែងរិះគន់ដូចជាក្រសួងសុខាភិបាល ដឹកនាំដោយលោក ម៉ម ប៊ុនហេង។
ក្រសួងនេះ កាលលោកបណ្ឌិតកែម ឡី នៅមានជីវិតធ្លាប់លើកឡើងថាក្រសួងនេះដល់ពេលត្រូវធ្វើបដិវត្តន៍ទៅរកភាពប្រសើរឡើង ទាំងសេវា បច្ចេកទេស ចំណេះជំនាញ និងក្រមសីលធម៌ ខាងវិស័យសុខាភិបាល ហើយវិស័យមួយនេះសឹងស្ថិតនៅចំណាត់ថ្នាក់បាតតារាង បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។
បន្ថែមពីនេះ កន្លងមកក៏ធ្លាប់រិះគន់ ក្រសួងផ្សេងទៀត ដូចជាក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារីជាដើម៕