28.4 C
Phnom Penh

ក្រសួងសុខាភិបាលថា លទ្ធភាពរកឃើញករណីជំងឺកូរ៉ូណា នឹងកើតមាននៅកម្ពុជា ប្រសិនបើជំងឺនេះនៅតែបន្តរាតត្បាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃនេះអះអាងថា កម្ពុជានៅពុំទាន់រកឃើញករណីជំងឺ COVID-19 ឬ កូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ គិតមកត្រឹមយប់ថ្ងៃច័ន្ទនេះ។

យ៉ាងនេះក្តី នាយកដ្ឋានក្រសួងសុខាភិបាលមួយនេះ ថាលទ្ធភាពរកឃើញករណីជំងឺនេះ បន្ថែមទៀតនឹងអាចកើតមាននៅកម្ពុជា ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡើយនៅទីក្រុងវូហាន ប្រទេសចិន នៅតំបន់ផ្សេងទៀតនៅលើពិភពលោក ដោយមានការនាំចេញជំងឺនេះទៅប្រទេសដទៃផងដែរ។

ប្រភពដដែលអះអាងថា អ្នកទេសចរណ៍ ៤១ ជាតិសាសន៍ នៅលើនាវាយក្យ Westerdam របស់អាមេរិក ដែលមានចំនួនសរុបជាង២០០០នាក់ បានត្រលប់ទៅមាតុប្រទេសរៀងៗវិញ ក៏មិនបានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មីទេពីប្រទេសទាំងនោះ ។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ពីករណីស្ត្រីជនជាតិអាមេរិកម្នាក់ដែលត្រូវបានក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីរកឃើញថាមានជំងឺនេះ និងបានព្យាបាលជាសះស្បើយ តែរដ្ឋអំណាចម៉ាឡេស៊ីនៅមិនទាន់អនុញ្ញាតឱ្យស្ត្រីជនជាតិអាមេរិកាំងរូបចេញទៅប្រទេសកំណើតនៅឡើយទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសឱ្យអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចេញមុខបកស្រាយលើករណីនេះ ក្រោយលោកមិនជឿថាស្ត្រីរូបនោះកើតជំងឺនេះឡើយ ម្យ៉ាងដើម្បីបញ្ចៀសការចោទប្រកាន់និងរិះគន់អំពីប្រព័ន្ធសុខាភិបាលនៅកម្ពុជា បន្ថែមទៀតនោះ។

នៅកម្ពុជា ករណីរកឃើញអ្នកជំងឺកូរ៉ូណា ទើបមានមួយករណីប៉ុណ្ណោះ ដែលកើតឡើងលើបុរសជនជាតិចិន ដែលត្រូវបានក្រសួងប្រកាសឱ្យដឹងកាលពីខែមករា។ បុរសជនចិនរូបនោះ ក៏ត្រូវបានមន្ត្រីក្រសួងសុខាភិបាលកម្ពុជាថែទាំ និងព្យាបាលជះសះស្បើយ ព្រមទាំងអនុញ្ញាតឱ្យលោក និងគ្រួសារចាកចេញពីកម្ពុជាផងដែរ។

ក្រសួងសុខាភិបាល នៅតែបន្តតាមដានករណីនេះ ដោយបង្កើតឱ្យមានក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លើយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ព្រមទាំងវិធានការបង្ការ និងណែនាំជាច្រើនទៀត។

ជំងឺនេះផ្ទុះឡើងដំបូងនៅក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិនកាលពីចុងឆ្នាំមុន។ យោងតាមសារព័ត៌មានបរទេសឱ្យដឹង ថា គិតត្រឹមថ្ងៃច័ន្ទនេះ  ចំនួនអ្នកកើតមានជំងឺកូរ៉ូណាកើនឡើងដល់ជិត៨ម៉ឺននាក់ ខណៈអ្នកស្លាប់មានជាង៣ពាន់នាក់ ហើយប្រទេសដែលរកឃើញអ្នកកើតមានមេរោគនេះច្រើនជាងគេបន្ទាប់ពីចិនគឺ ប្រទេសកូរ៉េខាងត្បូងដែលមានអ្នកកើតជំងឺនេះជិត១ពាន់នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស