លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថារោងចក្រវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននឹងរងផលប៉ះពាល់ដោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់សហភាពអឺរ៉ុប។
ក្នុងពិធីថ្លែងសារពិសេសមួយនៅវិមានសន្តិភាពនៅថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ នេះលោក ហ៊ុន សែន អះអាងថា វិស័យរោងចក្រកាត់ដេរមួយចំនួននឹងរងផលប៉ះពាល់ដោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ស្របពេលវិស័យមួយនេះក៏រងប៉ះពាល់ដោយសារមេរោគរលាកផ្លូវដង្ហើមCovid-19 ឬ កូរ៉ូណាផងដែរ។
លោកថា ការឆ្លងរីករាលដានជំងឺថ្មីនេះ នៅប្រទេសចិន បានធ្វើឱ្យរោងចក្រផលិតវត្ថុធាតុដើមនៅស្រុកផ្អាកដំណើរការ ហើយកម្ពុជាក៏រងផលប៉ះពាល់បន្តគ្នា។
លោក ហ៊ុន សែន
ក៏បានប្រកាសដាក់ចេញនូវវិធានការមួយចំនួនចំពោះរោងចក្រសហគ្រាស
ដែលរងផលប៉ះពាល់ទាំងនោះរួមមានការលើកលែងការយកពន្ធលើពី៦ខែ ទៅ១ឆ្នាំ
អាស្រ័យលើផលប៉ះពាល់តិច ឬច្រើន។
បន្ថែមពីនេះ រោងចក្រសហគ្រាសដែលប៉ះពាល់នឹងរួចផុតពីកាត្វកិច្ចបង់វិភាគទានហានិភ័យការងារឬ បណ្ណធានារ៉ាប់រងសុខភាពជូនកម្មករនយោជិត ឬ ហៅថា ប.ស.ស ហើយការងារទាំងនេះ លោកបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការងារលើដោះស្រាយលើបញ្ហានេះ។
ជាមួយគ្នានេះ លោកថាចំពោះបញ្ហារោងចក្រដែលព្យួរការងាររយៈពេលខ្លីដោយសារខ្វះវត្ថុធាតុដើម នយោជកត្រូវបង់ប្រាក់ជូនកម្មករ៤០ភាគរយនៃចំនួនប្រកាសខែគោល ១៩០ដុល្លារ ហើយរដ្ឋាភិបាលនឹងចូលរួម២០% ពោលគឺកម្មករនឹងទទួលបានប្រាក់ខែ៦០% ក្នុងអំឡុងព្យួរការងាររបស់ខ្លួន រួមនឹងវិធានការមួយចំនួនទៀត។
ទោះបីជាលោកហ៊ុន សែន ទទួលស្គាល់ថារោងចក្រសហគ្រាសកាត់ដេរនៅកម្ពុជារងផលប៉ះពាល់បែបនេះក្តី ប៉ុន្តែនៅថ្ងៃនេះលោកបានបញ្ជាក់ជាជំហជាថ្មីទៀតថា កម្ពុជានឹងមិនចរចាជាមួយសហភាពអឺរ៉ុប ដើម្បីស្នើសុំឱ្យសហគមន៍អន្តរជាតិមួយនេះ ផ្តល់ភាពអនុគ្រោះពន្ធEBA ២០% នោះឡើយ។
លោក ហ៊ុន សែន អះអាងថាកម្ពុជាមិនអាចយកច្បាប់របស់ខ្លួនឬ អធិបតេយ្យរបស់ខ្លួន ទៅដោះដូរនូវភាពអនុគ្រោះ២០%ត្រឡប់មកវិញនោះទេ។
លោកថា លោកក៏មិនស្នើសុំឲ្យមានការយោគយល់ថា ឱ្យមានការបោះឆ្នោតជំទាស់ ឬបោះឆ្នោតប្រឆាំងការសម្រេចនេះដែរ ដោយលោកនៅតែប្រកាន់ជំហថាកម្ពុជាកំពុងដើរលើផ្លូវត្រូវ ដែលខ្លួនបានជ្រើសរើស។ លើសពីនេះ លោកថាបើអឺរ៉ុបចង់ដកទាំងស្រុងតែម្តង ក៏គ្មានបញ្ហាសម្រាប់កម្ពុជានោះដែរ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងាររបស់អង្គការសង់ត្រាល់ អះអាងថា វិធានការរបស់លោក ហ៊ុន សែន មិនមាននិរន្តរភាពយូរអង្វែងទេសំរាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លោកបន្តថាវិធានការនេះនឹងមិនអាចដើរដល់ឆ្នាំ២០៣០ បានទេសំរាប់យុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ លោកបន្តថា ការធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាការខ្វះការទទួលខុសត្រូវដល់សុខទុក្ខរបស់ពលរដ្ឋខ្មែរ។
កាលពីថ្ងៃ១២ ខែកុម្ភៈ សហភាពអឺរ៉ុបបានសម្រេចយកពន្ធលើការនាំចេញកម្ពុជាលើទំហំទំនិញនាំចេញក្នុងតម្លៃទឹកប្រាក់ ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬស្មើប្រមាណ២០% ក្នុងចំណោមទំនិញដែលនាំចេញពីកម្ពុជាទៅកាន់អឺរ៉ុប មានទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារ សហរដ្ឋអាមេរិកក្នុង១ឆ្នាំៗ។
អឺរ៉ុបអះអាងថា ការឈានដល់ការសម្រេចនេះ ព្រោះកម្ពុជាមិនបានធ្វើឱ្យប្រសើរនូវស្ថានភាពសិទ្ធិមនុស្ស សិទ្ធិការងារ លទ្ធិប្រជាធិបតេយ្យឡើយ ហើយអឺរ៉ុបក៏មិនអាចឈរមើលចំពោះស្ថានភាពអាក្រក់ទាំងនោះដែរ ៕